លោក ហ៊ុន ម៉ាណែត៖ ការ​ត្រៀម​កម្លាំង​ប្រឆាំង​នឹង​ការ​តវ៉ា​ពាក់ព័ន្ធ​នឹង CLV ជា​រឿង​ត្រឹមត្រូវ

០៥ កញ្ញា ២០២៤
មាស​ ដា
វីអូអេខ្មែរ

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីចែកវិញ្ញាបត្រដល់មេធាវី នៅរាជធានីភ្នំពេញ ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤។ (Facebook / Samdech Thipadei Hun Manet, Prime Minister of Cambodia)
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីចែកវិញ្ញាបត្រដល់មេធាវី នៅរាជធានីភ្នំពេញ ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤។ (Facebook / Samdech Thipadei Hun Manet, Prime Minister of Cambodia)

ភ្នំពេញ — លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​លើក​ឡើង​ថា​ ការ​ប្រើ​ច្បាប់​ទប់​ស្កាត់​អ្វី​ដែល​លោក​ហៅ​ថា​ ​ការ​ប៉ុន​ប៉ង​ប្រមូល​ផ្តុំ ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល ​កាល​ពី​ថ្ងៃ​ទី​ ១៨​ ខែ​សីហា ​គឺ​ជា​ជម្រើស​ត្រឹម​ត្រូវ​មួយ​ ដើម្បី​ធានា​សន្តិសុខ​សណ្តាប់​ធ្នាប់ ​និង​ស្ថិរភាព​សង្គម។​

លោក ​ហ៊ុន ម៉ាណែត ​ថ្លែង​បែប​នេះ ​ក្រោម​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ចំនួន​១៨៨​នាក់​ ដែល​លោក​ថា​ គ្រោង​ធ្វើ​បាតុកម្ម ​កាល​ពី​ថ្ងៃទី​ ១៨ ​សីហា​ ឆ្នាំ ​២០២៤​ ពាក់ព័ន្ធ​នឹង​ការ​ព្រួយ​បារម្ភ​រឿង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​រួម​រវាង​កម្ពុជា ឡាវ និង​វៀតណាម ​ដែល​ហៅ​ថា​ CLV-DTA។​


ក្នុង​ពិធី​ប្រគល់​វិញ្ញាបន​បត្រ​ដល់​សិស្ស​មេធាវី ​និង​សិក្ខាកាម​មេធាវី​នៃ​គណៈ​មេធាវី​កម្ពុជា​ នៅ​រាជធានី​ភ្នំពេញ ​នា​ថ្ងៃ​ពី​ ៥​ ខែ​កញ្ញា ​លោក​ ហ៊ុន ម៉ាណែត ​ថ្លែង​ថា​ ការ​អនុវត្ត​វិធាន​ការ​ច្បាប់​កាល​ពី​ថ្ងៃ​ទី​ ១៨ ​ខែ​សីហា​ គឺ​ជា​ការ​អនុវត្ត​ត្រឹមត្រូវ​ ដើម្បី​ធានា​សិទ្ធិ​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ការ​បញ្ចេញ​មតិ​មិន​ឱ្យ​ជ្រុល​ហួស​ប៉ះពាល់​ដល់​សិទ្ធិ​របស់​សង្គម ​និង​សិទ្ធិ​ពលរដ្ឋ​ដទៃ​ទៀត។​

លោក​បញ្ជាក់​ថា៖​ «ថ្ងៃ​នេះ​ការ​ប្រើប្រាស់​ច្បាប់​មាន​សារៈ​សំខាន់​មិន​ត្រឹម​តែ​ជួយ​ប្រជា​ពលរដ្ឋ​ដើម្បី​សិទ្ធិ​របស់​គាត់ ​ការពារ​សិទ្ធិ​របស់​គាត់​ទេ ​ប៉ុន្តែ​ច្បាប់​ក៏​ជា​ប្រទីប​ការ​កំណត់​ព្រំដែន​នៃ​ការ​អនុវត្ត​ច្បាប់​របស់​បុគ្គល ​ឬ​ក្រុម​មួយ​ចំនួន​មិន​ឱ្យ​បំពាន​ទៅ​លើ​សិទ្ធិ​របស់​អ្នក​ដទៃ​ ឬ​ក៏​សង្គម​ជាតិ។ ​និយាយ​ឱ្យ​ចំ ​គឺ​ការពារ​នូវ​ទំនាស់​ ការពារ​នូវ​ការ​ធ្វើ​សកម្ម​ភាព​បែប​ណា​ដែល​អាច​ប៉ះ​ពាល់​ទៅ​ដល់​សុខដុម​នីយកម្ម ​និង​អាច​ធ្វើ​ឱ្យ​ប្រេះ​ឆា​ក្នុង​សង្គម​ដែល​ប៉ះពាល់​ខ្លាំង»។​

រដ្ឋាភិបាល​របស់​លោក ​ហ៊ុន ម៉ាណែត ​បាន​ប្រកាស​ថា​ មាន​ការ​ប៉ុន​ប៉ង​តវ៉ា​ក្នុង​ប្រទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ​កាល​ពី​ថ្ងៃ​ទី ១៨​ ខែ​សីហា ​ក្នុង​រឿង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ ​(CLV-DTA) ​ខណៈ​មាន​ការ​ប្រកាស​ពី​អ្នក​រិះគន់​មួយ​ចំនួន​នៅ​ក្រៅ​ប្រទេស។ ​កម្លាំង​នគរបាល​និង​ទាហាន​ត្រូវ​បាន​ដាក់​ពង្រាយ​ ដើម្បី​ត្រួត​ពិនិត្យ​ការ​ធ្វើ​ដំណើរ​ចូល​រាជធានី​ភ្នំពេញ ​និង​យាមកាម​នៅ​ទីតាំង​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ។ ​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ ខ្លួន​បាន​ឃាត់​ខ្លួន​មនុស្ស​មួយ​ចំនួន។​

លោក ​ហ៊ុន ម៉ាណែត ​ថ្លែង​ថា​ ការ​ត្រៀម​បង្រ្កាប​ការ​ប្រមូល​ផ្តុំ​នៅ​ថ្ងៃ​ទី​ ១៨ ​ខែ​សីហា ​គឺ​ជា​ការ​ធានា​នូវ​សេចក្តី​សុខ​ទាំង​អស់​គ្នា។​

លោក​ថ្លែង​ថា៖​ «ការ​អនុវត្ត​ច្បាប់​ត្រឹម​ត្រូវ ​នៅ​ថ្ងៃ​ទី​ ១៨​ អាច​ឱ្យ​យើង​អង្គុយ​នៅ​ទីនេះ​ថ្ងៃ​ ៥​ ខែ​កញ្ញា​ ដោយ​មិន​ព្រួយ​បារម្ភ​អំពី​អស្ថិរភាព​នៅ​ខាង​ក្រៅ»។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​មហាផ្ទៃ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ អាជ្ញាធរ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ដែល​ធ្វើ​ដំណើរ​ចូល​មក​រាជធានី​ភ្នំពេញ​គ្រោង​ធ្វើ​បាតុកម្ម​ថ្ងៃ​ទី​ ១៨​ ខែ​សីហា ​ចំនួន ​១៨៨ ​នាក់​ ហើយ​បាន​ដោះ​លែង​ឱ្យ​ទៅ​ផ្ទះ​វិញ​ចំនួន ​៥៧​ នាក់។ ​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា​ មេ​បណ្តាញ​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​បន្ត​នីតិវិធី។ ​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា​ ការ​ប៉ុន​ប៉ង​ប្រមូល​ផ្តុំ​ «បាន​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស​ទាំង​ស្រុង»។​

លោក​ អ៊ុំ សំអាន​ អតីត​តំណាង​រាស្រ្ត​គណ​បក្ស​សង្គ្រោះ​ជាតិ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រដ្ឋាភិបាល​មិន​គួរ​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ​ ដោយសារ​តែ​ការ​ព្រួយ​បារម្ភ​របស់​ពួកគេ​ក្នុង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​នេះ​ឡើយ។​

លោក​បន្ថែម​ថា​ ដើម្បី​កុំ​ឱ្យ​ប្រជា​ពលរដ្ឋ​បន្ត​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ទឹកដី​ក្នុង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​នេះ​ រដ្ឋាភិបាល​គួរ​តែ​ដក​ខេត្ត​ទាំង​៤​ចេញ​ពី​គម្រោង​នេះ។​

លោក​ថ្លែង​ថា៖​ «ជម្រើស​ដ៏​ល្អ​បំផុត​គឺ​រដ្ឋាភិបាល​ត្រូវ​ដក​ខ្លួន​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ ​ដើម្បី​យក​ខេត្ត​ទាំង​៤​មក​អភិវឌ្ឍ​ដោយ​ខ្លួន​ឯង ​កុំ​ពឹង​ទៅ​វៀតណាម​ ព្រោះ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា ឡាវ វៀតណាម ​(CLV-DTA)​ នេះ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​សហព័ន្ធ​ឥណ្ឌូចិន​របស់​ហូជីមិញ​ដែល​ចង់​ដាក់​កម្ពុជា​ វៀតណាម ​និង​ឡាវ​ទៅ​ជា​សហព័ន្ធ​ឥណ្ឌូចិន​ដែល​គ្រប់​គ្រង​ដោយ​វៀតណាម ​នៅ​ពេល​អនាគត។​ ដូច្នេះ​បើសិន​ជា​យើង​មិន​ដក​ខ្លួន​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​នោះ​ទេ ​ខេត្ត​ទាំង​ ៤ ​នឹង​បាត់​ទៅ​ប្រទេស​វៀតណាម ​នៅ​ពេល​អនាគត​ហើយ»។​

ចំណែក​លោក ​ស៊ឹង​ សែនករុណា ​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​និង​សង្គម​ដែល​បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​ប្រទេស​អូស្រ្តាលី​ ប្រាប់​វីអូអេ​ថា​ មូលហេតុ​ដែល​ប្រជា​ពលរដ្ឋ​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ទឹក​ដី​ក្នុង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​នេះ ​ព្រោះ​ពួកគេ​មាន​ការ​សង្ស័យ​ថា​ គម្រោង​នេះ​គឺ​ជា​គម្រោង​ដែល​បន្ត​តាម​មហិច្ឆតា​របស់​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម។​

លោក​ថ្លែង​ថា៖​ «គម្រោង ​CLV-DTA ​ក៏​មាន​ក្នុង​កិច្ច​ព្រម​ព្រៀង​ដែរ​ គឺ​អនុញ្ញាត​ឱ្យ​ភាគី​ចាក​ចេញ​ពី​គម្រោង​នេះ​បាន​ ដោយ​គ្រាន់​តែ​សរសេរ​លិខិត​ ឬ​ក៏​បញ្ជាក់​ប្រាប់​សមាជិក​នៃ​គម្រោង​ទាំង​អស់​រយៈ​ពេល​មុន​៦​ខែ ​មុន​នឹង​បញ្ចប់​គម្រោង។​ ដូចជា​មិន​មាន​អី​ពិបាក​ទេ ​បើ​សិន​ជា​មិន​មាន​អ្វី​នៅ​ពី​ក្រោយ​រឿង​ដែល​ចូល​រួម​គម្រោង​ CLV-DTA ​ហ្នឹង​ ព្រោះ​ពលរដ្ឋ​ និង​សាធារណ​ជន​ អ្នក​ក្នុង​ និង​ក្រៅ​ប្រទេស​គេ​មាន​ការ​សង្ស័យ​ថា​ គម្រោង​នេះ​គឺ​ជា​គម្រោង​ដែល​បន្ត​តាម​មហិច្ឆតា​របស់​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​ហ្នឹង​ឯង​ ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម​ ដែល​ជា​ប្រទេស​កុម្មុនីស​បន្ត​ពី​អ្នក​នយោបាយ​ជំនាន់​មុន​ដែល​លោក ​ហូជីមិញ​ ជា​អ្នក​ផ្តួច​ផ្តើម​ហ្នឹង​ឯង»។​

គួរ​បញ្ជាក់​ថា​ កាល​ពី​សប្តាហ៍​មុន ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ​(Human Rights Watch)​ បាន​លើក​ឡើង​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ​៩៤ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​តាំង​ពី​ចុង​ខែ​កក្កដា​ ឆ្នាំ​ ២០២៤​ ពាក់ព័ន្ធ​នឹង​ការ​រិះគន់​កិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ ​វៀតណាម ​ឬ​ហៅ​ថា​ CLV-DTA។ ​ អង្គការ​អន្តរ​ជាតិ​នេះ​បញ្ជាក់​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​ ៥៩​ នាក់​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់ ​និង​ត្រូវ​បាន​ចោទ​ប្រកាន់​ ដោយ​គ្រាន់​តែ​ពួក​គេ​បង្ហាញ​ទស្សនៈ​ដោយ​សន្តិវិធី៕​

What Next?

Recent Articles

Leave a Reply

Submit Comment