កម្ពុជា
កម្ពុជា-ភូមិសាស្ត្រនយោបាយ
05/09/2024 – 13:57
ដោយ៖ សឹម ចាន់សំណាង
RFI
នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត បានឯកភាពលើសំណើរបស់អ្នកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលស្នើឲ្យលោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែនធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់របស់កម្ពុជាជាមួយប្រទេសឡាវ វៀតណាម និងថៃ។
លោក ហ៊ុន ម៉ាណែត យល់ព្រមឲ្យលោក ឡាំ ជា ធ្វើបទបង្ហាញពីព្រំដែនរបស់កម្ពុជា
សំណើរបស់អ្នកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យដែលធ្វើឡើងក្នុងថ្ងៃទី៣០ សីហាត្រូវបានអ្នកស្រីពន្យល់ថា គឺដោយសារតែមានព្រឹត្តិការណ៍កើតឡើងនាពេលថ្មីៗនេះពីក្រុមប្រឆាំងក្រៅស្រុកដែលយកធ្វើជាលេសចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់។ តាមប្រធានគណបក្សធម្មាធិបតេយ្យរូបនេះដដែល គណបក្សបានស្នើឱ្យ ឡាំ ជា ដែលជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែនចូលខ្លួនធ្វើបទបង្ហាញពីព្រំដែនរបស់កម្ពុជាពេលនេះ គឺដើម្បីឲ្យឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់យល់កាន់តែច្បាស់ និងជាចំណេះដឹងមូលដ្ឋានងាយស្រួលយកទៅពន្យល់ពលរដ្ឋខ្មែរកុំឲ្យជឿតាមល្បិចកលទុច្ចរិតរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស។
លោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកវិភាគសង្គមលើកឡើងថា ជាទូទៅ នៅពេលដែលមានការពិភាក្សាបញ្ហាណាមួយពាក់ព័ន្ធនឹងព្រំដែន ឬបញ្ហារស៊ើបផ្នែកនយោបាយណាមួយ គឺរដ្ឋសភាត្រូវដើរតួនាទីលើកិច្ចការងារទាំងនោះ។ តែលោក សេង វណ្ណលី មើលឃើញថា រដ្ឋសភាហាក់មិនមានអំណាចគ្រប់គ្រាន់ដើម្បីលើកបញ្ហាព្រំដែនរបស់កម្ពុជាជាមួយប្រទេសជិតខាងមកដោះស្រាយ និងពិភាក្សាឡើយ។ តាមលោក សេង វណ្ណលី ដដែល ការចេញមកស្នើសុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពេលនេះអាចជាការបង្ហាញទៅសាធារណជនថា សមាជិកនៅក្នុងក្រុមប្រឹក្សាមិនអង្គុយចាំតែទទួលប្រាក់ខែពីរដ្ឋប៉ុណ្ណោះទេ តែពួកគេក៏មានតួនាទីក្នុងការផ្តល់យោបល់ ឬស្នើសុំផ្សេងៗទៅកាន់នាយករដ្ឋមន្រ្តីដែរ៕
គួររម្លឹកថាកាលពីថ្ងៃទី២៩ សីហា លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មួយរូបធ្លាប់បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអ្នកស្រី ចម និម្មល ចេញមុខមកបកស្រាយម្តងទៀតលើគម្រោងតំបន់ត្រីកោណអភិវឌ្ឍ CLV-DTA និងបង្ហាញឯកសារតឹកតាងបន្ថែមនៅក្នុងគម្រោងអភិវឌ្ឍន៍ ៣ប្រទេសមួយនេះ។ សំណើដូចនេះរបស់លោក ពេជ្រ ស្រស់ ពេលនោះត្រូវបានលោក ហ៊ុន ម៉ាណែត ឯកភាពភ្លាមៗ រួមទាំងស្នើឲ្យអ្នកស្រី ចម និម្មល រៀបចំឯកសារច្បាស់លាស់បន្ថែម៕