កម្ពុជា
កម្ពុជា-នយោបាយ
05/09/2024 – 13:44
ដោយ៖ ជួប នរក្សា
RFI
សំណុំរឿងលោក កឹម សុខា នៅសាលាឧទ្ធរណ៍ នឹងត្រៀមឲ្យមេធាវីទាំងសងខាងឡើងធ្វើសេចក្តីសន្និដ្ឋាននៅថ្ងៃទី១៩ កញ្ញាខាងមុខ។ សហមេធាវីរបស់លោក កឹម សុខា បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី០៥ កញ្ញានេះថា តំណាងមេធាវីលោក កឹម សុខា បានត្រៀមសេចក្តីសន្និដ្ឋានប្រមាណជាង៥០ទំព័រដើម្បីជំទាស់នឹងសាលក្រមសាលាដំបូងក្រុងភ្នំពេញនៅសាលាឧទ្ធរណ៍ខាងមុខនេះ។
សំណុំរឿង កឹម សុខា៖ សហមេធាវីត្រៀមសេចក្តីសន្និដ្ឋាននៅឧទ្ធរណ៍ដើម្បីជំទាស់សាលក្រមសាលាដំបូង
លោក ផែង ហេង សហមេធាវីការពារក្តីលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិបានឲ្យដឹងថា សេចក្តីសន្និដ្ឋានជាង៥០ទំព័រដែលនឹងដាក់ទៅសាលាឧទ្ធរណ៍នៅថ្ងៃទី១៩ កញ្ញាខាងមុខ គឺដើម្បីជំទាស់ទៅនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី០៣ មីនា។ តាមលោក ផែង ហេង ការជំទាស់នោះជាការច្រានចោលការចោទប្រកាន់លោកកឹម សុខាក្នុងបទបានបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឈ្លានពានប្រឆាំងប្រទេសកម្ពុជាក្នុងចេតនាផ្តួលរំលំរដ្ឋាភិបាលតាមរយៈការធ្វើបដិវត្តន៍ពណ៌។
សហមេធាវីលោក កឹម សុខា បានឲ្យដឹងទៀតថា ប្រធានអតីតបក្សប្រឆាំងដ៏មានឥទ្ធិពលមួយនេះមិនដែលចូលរួមសកម្មភាពហិង្សា បំផ្លិចបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាឡើយ។ ក្នុងន័យនេះ សេចក្តីសន្និដ្ឋានរបស់សហមេធាវីបានបន្ថែមថា លោក កឹម សុខា តែងតែសហការជាមួយសមត្ថកិច្ច ទោះបីជាមានសុខភាពទ្រុឌទ្រោម រងសម្ពោធនៃការបាត់បង់សេរីភាពជាង៧ឆ្នាំក៏ដោយ។
គួររំលឹកថាកាលពីថ្ងៃទី៣ មីនា ឆ្នាំ ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមកាត់ទោសលោក កឹម សុខា ដាក់ពន្ធនាគារ ២៧ឆ្នាំ ដកសិទ្ធិធ្វើនយោបាយ និងដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ មេដឹកនាំអតីតបក្សប្រឆាំងរូបនេះត្រូវផ្តន្ទាទោសក្នុងបទសន្និដ្ឋិភាពជាមួយបរទេសតាមមាត្រា ៤៣៩ និងមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ។ សំណុំរឿងលោក កឹម សុខា បានរុញឡើងសាលាឧទ្ធរណ៍ដើម្បីដេញដោលចំនួន១២លើក មុននឹងមេធាវីត្រូវធ្វើសេចក្តីសន្និដ្ឋាននៅថ្ងៃទី១៩ កញ្ញាខាងមុខ។
តាមសហមេធាវីលោក កឹម សុខា ដដែល លោក កឹម សុខា នៅតែបន្តទាមទារឲ្យចៅក្រមដោះលែងលោកឲ្យមានសិទ្ធិសេរីភាពវិញដោយសារសុខភាពកាន់តែទ្រុឌទ្រោម ដ្បិតវ័យកាន់តែចាស់។ គួរបញ្ជាក់ថា លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិត្រូវសមត្ថកិច្ចចូលចាប់ដល់គេហដ្ឋាននៅថ្ងៃទី០២ កញ្ញាឆ្នាំ២០១៧ វេលាម៉ោង១២រំលងអាធ្រាត្រ។ ក្តីក្តាំរបស់លោកបាននាំឲ្យមានភាពចម្រូងចម្រាសក្នុងទំនាក់ទំនងការទូតជាមួយរដ្ឋបរទេសមួយចំនួន ព្រោះលោកត្រូវចោទពីបទឃុបឃិតជាមួយរដ្ឋបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល។
ក្នុងសវនាការរបស់លោក កឹម សុខា ច្រើនដងកន្លងមកនេះ បណ្តាអង្គទូត ពិសេសពីខាងក្រុមប្រទេសលោកខាងលិចបានចូលរួមសង្កេតការណ៍ និងស្នើឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងប្រធានអតីតបក្សសង្រ្គោះជាតិរូបនេះ៕