រដ្ឋាភិបាលផ្តល់លុយ ៧០ម៉ឺនដុល្លាររៀងរាល់ឆ្នាំឲ្យគណៈមេធាវីដើម្បីការពារក្តីឲ្យជនក្រីក្រ និងជនងាយរងគ្រោះ

កម្ពុជា
កម្ពុជា-សង្គម
06/09/2024 – 13:23
ដោយ៖ សឹម ចាន់សំណាង
RFI

ថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីនាថ្ងៃទី៥ កញ្ញា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងពីការដែលរដ្ឋាភិបាលបានផ្ដល់ថវិកាដល់គណៈមេធាវីចំនួន ២៩០០លានរៀលឬស្មើប្រមាណ ៧០ម៉ឺនដុល្លារក្នុងមួយឆ្នាំសម្រាប់ជួយការពារក្តីនិងពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រ ស្រ្តី និងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សាផ្លូវភេទ និងអំពើបំពានលើសិទ្ធិ កិត្តិយស និងសេចក្ដីថ្លៃថ្នូរ។ កិច្ចការងារផ្តល់ជំនួយផ្នែកច្បាប់នេះត្រូវបានលោក ហ៊ុន ម៉ាណែត ស្នើឲ្យមេធាវីគ្រប់រូបបន្តជួយការពារយុត្តិធម៌នៅក្នុងសង្គម ពិសេសជួយជនក្រីក្រដោយយកចិត្តទុកដាក់ និងមិនយកកម្រៃ។

រដ្ឋាភិបាលផ្តល់លុយ ៧០ម៉ឺនដុល្លាររៀងរាល់ឆ្នាំឲ្យគណៈមេធាវីដើម្បីការពារក្តីឲ្យជនក្រីក្រ និងជនងាយរងគ្រោះ


ប្រធានគណៈមេធាវីកម្ពុជាលោក លី ច័ន្ទតុលា ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៦ កញ្ញានេះថា រដ្ឋាភិបាលបានផ្តល់ជំនួយដល់គណៈមេធាវីសរុប ២៩០០លានរៀល ឬស្មើប្រមាណ ៧០ម៉ឺនដុល្លារអាមេរិក ក្នុងនោះមាន ជាង៦៣ម៉ឺនដុល្លារពីក្រសួងយុត្តិធម៌ និង ៧ម៉ឺនដុល្លារទៀតពីក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ កម្មវត្ថុនៃជំនួយនេះ គឺសម្រាប់ជួយការពារក្តី និងពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រ ស្រ្តី និងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សាផ្លូវភេទ និងអំពើបំពានលើសិទ្ធិ កិត្តិយស និងសេចក្ដីថ្លៃថ្នូរជាដើម។ តាមលោក លី ច័ន្ទតុលា ជំនួយរដ្ឋាភិបាលមួយនេះបានជួយដល់សិទ្ធិទទួលបានយុត្តិធម៌ទាំងជនរងគ្រោះ និងជនជាប់ចោទ។

ជំនួយរបស់រដ្ឋាភិបាលនេះត្រូវបានផ្តល់ទៅឲ្យមេធាវីការពារក្តីដោយក្នុងម្នាក់ទទួលបាន ៤០ម៉ឺនរៀលសម្រាប់ចំណាយលើការផ្តល់សេវាផ្នែកច្បាប់ និងការពារក្តីក្នុងប្រព័ន្ធយុត្តិធម៌។ តាមប្រធានគណៈមេធាវីកម្ពុជាដដែលរូបនេះ គណៈមេធាវីបានពិគ្រោះយោបល់ផ្នែកច្បាប់ និងការពារក្តីបានជាង ៧ពាន់សំណុំរឿងក្នុងមួយឆ្នាំដោយប្រើជំនួយថវិការបស់រដ្ឋាភិបាល។ តែលោក លី ច័ន្ទតុលា មិនភ្លេចបញ្ជាក់ថា ជំនួយនេះបានជួយដល់ពលរដ្ឋរងគ្រោះជាច្រើនដោយពួកគេទាំងនោះមិនចាំបាច់ចំណាយថវិកាក្នុងការប្រឹក្សាយោបល់ផ្លូវច្បាប់ និងការពារក្តីនៅតុលាការទេ។

គណៈមេធាវីកម្ពុជា
គណៈមេធាវីកម្ពុជា © គណៈមេធាវីកម្ពុជា

គួរបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏បានជំរុញឲ្យគណៈមេធាវីកម្ពុជាបន្តអនុវត្តគោលនយោបាយ និងបេសកកម្មរបស់ខ្លួនជាមួយរដ្ឋាភិបាលក្នុងការការពារក្តី និងផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និង កុមារ ព្រមទាំងប្រយុទ្ធប្រឆាំងនឹងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និងពង្រឹងជំនឿទុកចិត្តពីសាធារណជនលើវិស័យយុត្តិធម៌៕

What Next?

Recent Articles

Leave a Reply

Submit Comment