ដោយ ហ៊ុំ ចំរើន
2024.09.05
RFA
លោក ចៅ វាសនា ប្រធានគណបក្សភ្លើងទៀនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។ Photo: RFA
សាច់ញាតិឈឺចាប់ ដែលតុលាការបន្តឃុំខ្លួនមន្ត្រីគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ លោក ចៅ វាសនា ដោយអយុត្តិធម៌ ខណៈលោកមានជំងឺប្រចាំកាយ ដែលត្រូវព្យាបាលជាប្រចាំ។ មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សលើកឡើងថា រឿងនេះ ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
កូនស្រីជនជាប់ចោទស្នើឱ្យតុលាការដោះលែងឪពុកឱ្យមានសេរីភាពវិញដោយឥតលក្ខខណ្ឌ ព្រោះលោក ចៅ វាសនា មិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការឡើយ។
ចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត និងកូនស្រីលោក ចៅ វាសនា គឺអ្នកស្រី ចៅ រតនៈ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ កញ្ញាថា ការបន្តឃុំខ្លួនឪពុកអ្នកស្រីនេះមិនបានផល់ចំណេញអ្វីនោះទេ។ ផ្ទុយទៅវិញធ្វើគ្រួសារព្រមទាំងលោក ចៅ វាសនា មានការឈឺចាប់កាន់តែខ្លាំង ដើម្បីចូលរួមជាមួយអ្នកប្រជាធិបតេយ្យទាមទារឱ្យរដ្ឋាភិបាលងាកមកដើរតាមគន្លងប្រជាធិបតេយ្យ។
អ្នកស្រី ចៅ រតនៈ៖ «បែបនេះ គឺវាអយុត្តិធម៌បំផុតសម្រាប់ឪពុកខ្ញុំ ហើយឪពុកខ្ញុំ គាត់ផ្ដោតថា មូលហេតុដែលគាត់មិនអាចទាមទាររកយុត្តិធម៌បាន ដោយសារតែគាត់ជាមន្ត្រីនៅក្នុងគណបក្សប្រឆាំង។ប៉ុន្តែបើសិនជាគាត់មិនមែនជាមន្ត្រីនៅក្នុងគណបក្សប្រឆាំងប្រហែលជាងាយស្រួលទាមទាររកយុត្តិធម៌ជូនខ្លួនឯង នេះជាប្រសាសន៍របស់ឪពុកខ្ញុំ នៅថ្ងៃដែលតុលាការសម្រេចឱ្យគាត់ជាប់ពន្ធនាគារ»។
អ្នកស្រីបន្តថា លោក ចៅ វាសនា វ័យកាន់តែចាស់និងមានសុខភាពទ្រុឌទ្រោម ខណៈលោកមានជំងឺភ្នែក និងលើសឈាម ដែលត្រូវការព្យាបាលជាប្រចាំ។ អ្នកស្រីបន្ថែមថា មេធាវីការពារក្ដីឱ្យលោក ចៅ វាសនា បានប្ដឹងទាស់ទៅតុលាការកំពូលប្រឆាំងនឹងការសម្រេចរបស់តុលាការថ្នាក់ក្រោយរួចហើយកាលពីថ្ងៃទី៣ ខែឧសភាកន្លងទៅ ប៉ុន្តែរហូតមកដល់ពេលនេះ តុលាការមិនទាន់បើកសវនាការនៅឡើយទេ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការកំពូល អ្នកស្រី មៅ ធីតា ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៥ កញ្ញា។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា នៅតែយល់ឃើញថា រឿងក្ដីក្ដាំរបស់លោក ចៅ វាសនា ក៏មិនខុសពីសកម្មជនគណបក្សប្រឆាំង សកម្មជនសង្គមដទៃទៀត ដែលកំពុងជាប់ឃុំ ពួកគេមិនបានប្រព្រឹត្តខុសច្បាប់អ្វីទេ ហើយតុលាការគួរតែដោះលែងពួកគេឱ្យមានសេរីភាពវិញ។ លោកបញ្ជាក់ថា អ្នកទាំងនោះជាប់ឃុំដោយអយុត្តិធម៌ ព្រោះពួកគេសម្ដែងមតិដោយសន្តិវិធីស្របច្បាប់ប៉ុណ្ណោះ។
លោក នី សុខា៖ «ការបញ្ចេញទស្សនៈការយល់ឃើញអំពីបញ្ហានយោបាយការទាស់ទស្សនៈ ការទាស់គ្នាក្នុងទស្សនៈនយោបាយ អាហ្នឹងមិនមែនជាអំពើអី ដែលវាល្មើសទៅនឹងច្បាប់ទេ។ អ៊ីចឹងបានគេថា ក្របខ័ណ្ឌនៃអ្នកទាំងអស់ហ្នឹង វាស្ថិតនៅក្នុងការប្រើប្រាស់សិទ្ធិសេរីភាពការបញ្ចេញមតិ ឬជាសិទ្ធិសេរីភាព នៅក្នុងការធ្វើនយោបាយ ដែលស្របទៅនឹងគោលការណ៍ប្រទេសយើង ដែលប្រកាន់នូវប្រជាធិបតេយ្យសេរី»។
កាលពីថ្ងៃទី៧ កុម្ភៈសាលាដំបូងខេត្តបន្ទាយមានជ័យ បានប្រកាសសាលក្រមសំណុំរឿងរបស់ប្រធានគណបក្សភ្លើងទៀនក្រុងប៉ោយប៉ែត លោក ចៅ វាសនា ផ្ដន្ទាទោសដាក់ពន្ធនាគារ ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦លានរៀល ហើយត្រូវសងសំណងដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ៨០លានរៀល ឬប្រមាណ ២ម៉ឺនដុល្លារ។ សាលក្រមនេះ ក៏បានដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យរបស់លោក ចៅ វាសនា រយៈពេល ៥ឆ្នាំ។
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនលោក ចៅ វាសនា ដែលមានដើមកំណើតខ្មែរក្រោម កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យមានការរើសអើង ពាក់ព័ន្ធនឹងរឿងយុទ្ធនាការឲ្យពលរដ្ឋគូសខ្វែង សន្លឹកឆ្នោត។ អាជ្ញាធរបានបញ្ជូនលោក ចៅ វាសនា ទៅឃុំខ្លួន នៅពន្ធនាគារខេត្តនេះ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។
លោក ចៅ វាសនា ធ្លាប់ត្រូវបានតុលាការខេត្តបន្ទាយមានជ័យ កាត់ទោសឲ្យជាប់ពន្ធនាគារម្ដងរួចមកហើយ ពីបទញុះញង់ និងបានចេញពីពន្ធនាគារវិញ កាលពីដើមឆ្នាំ២០២២ បន្ទាប់ពីលោកបានអនុវត្តទោសគ្រប់ចំនួន រយៈពេល ៥ឆ្នាំពេញ នៅក្នុងពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។