កម្ពុជា
01/11/2024 – 11:36
ដោយ៖ ឡាក់ ច័ន្ទតារា
RFI
លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិបានបញ្ជាក់ជាថ្មីលើបណ្ដាញសង្គមនៅថ្ងៃទី ១ វិច្ឆិកានេះ ថា “ចលនាជាតិខ្មែរតស៊ូ” នឹងឈានទៅបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយនៅក្រៅប្រទេស។ ការលើកឡើងជាថ្មីរបស់លោក សម រង្ស៊ី ពេលនេះបានធ្វើឱ្យរដ្ឋាភិបាលកម្ពុជាឆ្លើយតបភ្លាមៗដោយបញ្ជាក់ថា កម្ពុជាមានរដ្ឋាភិបាលតែមួយគត់ដែលតំណាងឱ្យពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។
លោក សម រង្ស៊ី ថា “ចលនាជាតិខ្មែរតស៊ូ” នឹងឈានទៅបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នក្រៅប្រទេស
លោក សម រង្ស៊ី បានអះអាងក្នុងបណ្ដាញសង្គមថា បេសកកម្មរបស់ចលនាជាតិខ្មែរតស៊ូដែលនឹងគ្រោងបង្កើតឡើង គឺជាបេសកកម្មប្រវត្តិសាស្ដ្រមួយក្នុងការដណ្ដើមប្រទេសកម្ពុជាពីលោក ហ៊ុន សែន ទៅឱ្យពលរដ្ឋខ្មែរដែលជាម្ចាស់ទឹកដីវិញ។ មេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅបរទេសរូបនេះបានលើកយកហេតុផលមកពន្យល់ថា លោក ហ៊ុន សែន ជាអ្នកប្លន់អំណាចពីរាស្ដ្រ តាមរយៈការបោះឆ្នោតក្លែងក្លាយ ដើម្បីយកប្រទេសកម្ពុជា ធ្វើជាកម្មសិទ្ធិ។
បើតាមលោក សម រង្ស៊ី ចលនាជាតិខ្មែរតស៊ូនឹងរៀបចំយុទ្ធសាស្ត្រដូចគ្នានឹងយុទ្ធសាស្រ្តរបស់ប្រជារាស្ត្រនៃប្រទេសបង់ក្លាដែស ដែលបានតស៊ូ និងទាមទារលទ្ធិប្រជាធិបតេយ្យ ប្រកបដោយជោគជ័យកាលពីខែសីហាកន្លងទៅ។ ទោះយ៉ាងណា គម្រោងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយនៅក្រៅប្រទេសរបស់លោក សម រង្ស៊ី ត្រូវបានរដ្ឋាភិបាលបញ្ចេញប្រតិកម្មតបភ្លាមៗ។ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃទី១ វិច្ឆិកានេះថា កម្ពុជាមានរដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលកំពុងដឹកនាំប្រទេស គឺរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។
តាមលោក ប៉ែន បូណា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នជាតំណាងស្របច្បាប់ ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។ នៅក្នុងន័យនេះ លោក ប៉ែន បូណា ចាត់ទុកក្រុមណាមួយដែលបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នជាក្រុមឧទ្ទាមក្រៅច្បាប់ទាំងស្រុង។ តាមអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះដដែល ក្រុមប្រឆាំងជ្រុលនិយមតែងធ្វើសកម្មភាពដែលនាំសកម្មជនរបស់ខ្លួនទៅរកគ្រោះថ្នាក់ដោយអំពើល្មើសច្បាប់។
សូមជម្រាបថា កាលពីពេលកន្លងទៅថ្មីៗនេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ធ្លាប់បានបង្ហើបឱ្យដឹងពីគម្រោងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងមួយចំនួនទៅក្នុងក្រុមភេរវនិយម។ គម្រោងបង្កើតច្បាប់នេះ ត្រូវបានលោកហ៊ុន សែន ពន្យល់ថា គឺដោយសារតែនៅមានបុគ្គលមួយចំនួនប៉ុនប៉ងចង់បំផ្លាញសន្តិភាពរបស់កម្ពុជា និងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន។

គួររម្លឹកថាកាលពីថ្ងៃទី១២ តុលា ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកបានធ្វើសមាជមួយដោយបានបង្កើតក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជា ដើម្បីតស៊ូមតិឱ្យរដ្ឋាភិបាលកម្ពុជាងាកមកគោរពសិទ្ធិមនុស្ស ស្ដារលទ្ធិប្រជាធិបតេយ្យ និងផ្សះផ្សាជាតិឡើងវិញ។ ក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជានេះ ជាក្រុមប្រឹក្សាជាតិមួយដែលតំណាងឱ្យពលរដ្ឋខ្មែរទាំងមូល និងជាក្រុមប្រឹក្សាជាតិមួយដែលអាចមានសិទ្ធិទៅនិយាយបញ្ឈប់អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិ។ នេះបើតាមការបញ្ជាក់ពីលោកស្រី មួរ សុខហ៊ួ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ៕