អង្គការសង្គមស៊ីវិលស្នើរដ្ឋាភិបាលពន្លឿនការស៊ើបអង្កេតឃាតកម្មលើអ្នកសារព័ត៌មាននៅកម្ពុជា

កម្ពុជា
កម្ពុជា-សេរីភាពសារព័ត៌មាន
02/11/2024 – 09:43
ដោយ៖ សឹម ចាន់សំណាង
RFI

អង្គការសង្គមស៊ីវិលដែលធ្វើការការពារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មាន ស្នើរដ្ឋាភិបាលពន្លឿនការស៊ើបអង្កេតឃាតកម្មលើអ្នកសារព័ត៌មាននៅកម្ពុជា ខណៈដែលមានការប្រារព្ធទិវាស្តីពីការបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន នៅថ្ងៃទី២ខែវិច្ឆិកា។ បើតាមសេចក្តីការណ៍រួមរបស់អង្គការសង្គមស៊ីវិល គិតពីឆ្នាំ១៩៩៤មក អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជាយ៉ាងហោចណាស់ចំនូន ១៥ នាក់ ត្រូវបានសម្លាប់ ហើយថាពួកគេនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។

អង្គការសង្គមស៊ីវិលស្នើរដ្ឋាភិបាលពន្លឿនការស៊ើបអង្កេតឃាតកម្មលើអ្នកសារព័ត៌មាននៅកម្ពុជា


នៅក្នុងសេចក្តីថ្លែងការណ៍រួមចេញផ្សាយនៅថ្ងៃទី១​​ វិច្ឆិកា ស្តីពីការបញ្ចប់និទណ្ឌភាពលើអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិលចំនួន២១ ស្ថាប័ន បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ចាត់វិធានការឲ្យបានឆាប់រហ័ស និងជាក់លាក់ ដើម្បីធានានូវការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យ និងតម្លាភាព ចំពោះឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស។ ក្នុងចំណោមអ្នកសារព័ត៌មានទាំង១៥នាក់ ដែលត្រូវបានសម្លាប់ មានចំនួន១២នាក់បានរាយការណ៍​អំពីបញ្ហារសើបមុនពេលពួកគេត្រូវបានសម្លាប់។

បើតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមនេះដដែល ការដៅមុខសញ្ញាលើអ្នកសារព័ត៌មាន ដែលហ៊ានរាយការណ៍លើបញ្ហាសិទ្ធមនុស្ស បានធ្វើឲ្យប៉ះពាល់ដល់សេរីភាពការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ក៏ដូចជាបង្កជាការគំរាមកំហែងដល់ការទទួលបានព័ត៌មានរបស់សាធារណជនផងដែរ។

តាមក្រុមអង្គការសង្គមស៊ីវិល ការយាយី និងគំរាមកំហែងលើអ្នកសារព័ត៌មាននៅតែជាក្តីបារម្ភក្នុងឆ្នាំ២០២៤នេះ។ បើតាមរបាយការណ៍សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា អ្នកសារព័ត៌មានចំនួន៤៦នាក់បានរងការយាយី ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤នេះ។ ជាមួយគ្នានេះ អ្នកសារព័ត៌មាន៣៤នាក់ ប្រឈមការយាយីតាមផ្លូវតុលាការ ដែលរួមបញ្ចូលការកោះហៅមកសាកសួរ ការកោះហៅមកបង្ហាញខ្លួននៅតុលាការ និងការឃាត់ខ្លួន។ ក្រៅពីនេះ អ្នកសារព័ត៌មានចំនួន៧នាក់រងការបៀតបៀនលើរាងកាយ ៥នាក់ប្រឈមការរឹតត្បិតក្នុងការបំពេញការងាររបស់ខ្លួន និងអាជ្ញាបណ្ណសារព័ត៌មានចំនួន ៣ ត្រូវបានដកហូត។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២ វិច្ឆិកានេះ​ថា ក្នុងរបាយការណ៍របស់ក្រសួងព័ត៌មានរយៈពេល ៧ឆ្នាំចុងក្រោយនេះ គឺមិនមានអ្នកសារព័ត៌មានណាមួយត្រូវសម្លាប់ក្នុងពេលបំពេញការងាររបស់ពួកគេឡើយ។ បើតាមអ្នកនាំពាក្យរូបនេះដដែល រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកក្នុងការអនុវត្តសេរីភាពសារព័ត៌មាន ដោយឈរលើការអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ និងស្មើភាពគ្នាគ្មានរើសអើង ឬប្រកាន់និន្នាការនយោបាយណាមួយឡើយ ដោយទទួលស្គាល់ថា សេរីភាពសារព័ត៌មានជាកាតាលីករជំរុញការអភិវឌ្ឍសង្គមកម្ពុជា ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់នានារបស់​ប្រទេសកម្ពុជា។

អ្នកសារព័ត៌មានឈរសម្ភាសន៍ប្រភពនៅមុខសាលាដំបូងរាជធានីភ្នំពេញ
អ្នកសារព័ត៌មានឈរសម្ភាសន៍ប្រភពនៅមុខសាលាដំបូងរាជធានីភ្នំពេញ AP – Heng Sinith

លោក ទេព អស្នារិទ្ធ បញ្ជាក់ដោយយោងតាមរបាយការណ៍របស់ក្រសួងព័ត៌មានថា សេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានអនុវត្តពេញលេញ​ ក្នុងនោះ ៧៩.៨% នៃអ្នកសារព័ត៌មានដែលជួបសម្ភាសបានអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងពេលបច្ចុប្បន្នមានភាពល្អប្រសើរជាងពីមុន និងប្រមាណ ៨០% លើកឡើងថា ខ្លួនមានសេរីភាពពេញលេញ​ក្នុងបំពេញការងាររបស់ខ្លួនជាអ្នកសារព័ត៌មាន។

តែក្នុងឆ្នាំ២០២៤នេះ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានចាត់ថ្នាក់ប្រទេសកម្ពុជានៅលេខ១៥១ ក្នុងចំណោម១៨០ប្រទេស  បង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាគឺមិនល្អ និងរងការរឹតត្បិត៕

What Next?

Recent Articles