ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកត្រៀមធ្វើបាតុកម្មការពារកោះគុត

កម្ពុជា
បាតុកម្ម-កោះគុត
19/01/2025 – 10:26
ដោយ៖ សាំ ឧត្តម
RFI

នៅថ្ងៃអាទិត្យ ទី១៩ ខែមករានេះ សកម្មជននយោបាយបក្សប្រឆាំង និងពលរដ្ឋខ្មែររស់នៅក្នុងទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក បានប្រកាសធ្វើបាតុកម្មទ្រង់ទ្រាយធំមួយ ដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជាទាមទារយកផ្នែកខ្លះនៃកោះគុតមកធ្វើជាកម្មសិទ្ធិវិញ។  លោក អ៊ុំ សំអាន មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិរំពឹងថា រដ្ឋាភិបាលកម្ពុជានឹងស្តាប់សំឡេងទាមទារបស់ពលរដ្ឋ ប្រមាណ៣០០នាក់ ដែលចូលរួមបាតុកម្មនោះ ដើម្បីរក្សាផលប្រយោជន៍ជាតិ។  

ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកត្រៀមធ្វើបាតុកម្មការពារកោះគុត


បើគ្មានអ្វីប្រែប្រួលទេនោះ បាតុកម្មការពារកោះគុតដែលធ្វើឡើងដោយពលរដ្ឋខ្មែររស់នៅក្នុងទីក្រុងឡុងប៊ិច នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីសកម្មជននយោបាយបក្សប្រឆាំង និងពលរដ្ឋខ្មែររស់នៅតាមបណ្តារដ្ឋមួយចំនួននៃសហរដ្ឋអាមេរិក។

លោក អ៊ុំ សំអាន ដែលអះអាងពីការចូលរួមធ្វើបាតុកម្មដែរនោះ បានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិRFIថា ការធ្វើបាតុកម្មនាពេលនេះ គឺដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លុបចោលអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ជាមួយថៃស្តីពីតំបន់ត្រួតស៊ីគ្នា និងស្នើឱ្យរដ្ឋាភិបាលកម្ពុជាទាមទារផ្នែកខ្លះនៃកោះគុត មកធ្វើជាកម្មសិទ្ធិរបស់កម្ពុជាវិញ។  តាមលោក អ៊ុំ សំអាន ការទាមទារនូវចំណុចទាំងអស់នេះ គឺគ្មានហេតុផលអ្វីក្រៅតែពីចង់ការពារកោះគុតរបស់ខ្មែរដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ និងថា មានតែការធ្វើបាតុកម្មប៉ុណ្ណោះ​ដែលអាចដាស់តឿនរដ្ឋាភិបាលកម្ពុជា គិតគូរពីផលប្រយោជន៍ជាតិ និងយកករណីកោះគុតប្តឹងទៅតុលាការអន្តរជាតិICJ។

ទោះយ៉ាងណា អ្នកនយោបាយបក្សប្រឆាំងរូបនេះសង្ឃឹមថា តាមរយៈការធ្វើបាតុកម្មនេះ រដ្ឋាភិបាលកម្ពុជានឹងមានឆន្ទៈដោះស្រាយបញ្ហាកោះគុត ហើយអាចចេញមកបញ្ជាក់ជូនពលរដ្ឋថា មួយផ្នែកខ្លះនៃកោះគុត គឺជាកម្មសិទ្ធិរបស់កម្ពុជា។

លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងមកវិទ្យុបារាំងអន្តរជាតិថា បញ្ហាព្រំដែនមិនអាចដោះស្រាយបាន តាមរយៈការធ្វើបាតុកម្មតាមដងផ្លូវ ឬការនិយាយតាមបណ្តាញសង្គមដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។ ក្នុងន័យនេះ លោក ប៉ែន បូណា បញ្ជាក់ថា ការចរចារលើបញ្ហាព្រំដែន គឺត្រូវធ្វើឡើងតាមជំនាញបច្ចេកទេស ការយកផែនទីមកពិនិត្យ និងផ្អែកលើច្បាប់ជាតិ និងអន្តរជាតិ។

ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកបានចេញតវ៉ាការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីហ៊ុន សែន (រូបតំណាង)
ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកបានចេញតវ៉ាការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីហ៊ុន សែន (រូបតំណាង) © Internet

បើតាមលោក ប៉ែន បូណា ការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង រដ្ឋាភិបាលកម្ពុជាតែងឈរលើស្មារតីច្បាស់លាស់ ដោយមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីលីម៉ែត្រ។

សូមជម្រាបថា នេះគឺជាបាតុកម្មលើកទី១ ដែលសកម្មជននយោបាយបក្សប្រឆាំង និងពលរដ្ឋខ្មែររស់នៅក្រៅប្រទេសបានរៀបចំឡើង ដើម្បីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាចរចារជាមួយភាគីថៃ យកចំណែកកម្មសិទ្ធិលើកោះគុតត្រឡប់មកគ្រប់គ្រងវិញ។

កាលពីដើមខែ​ធ្នូ ឆ្នាំ២០២៤ ពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េ ក៏បានរៀបចំគម្រោងធ្វើបាតុកម្មប្តឹងទាមទារកោះគុតទៅតុលាការអន្តរជាតិដែរ តែត្រូវផ្អាកទៅវិញ ក្រោយស្ថានការណ៍នយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូងកំពុងមានការប្រែប្រួលខ្លាំង៕

What Next?

Recent Articles

Leave a Reply

Submit Comment