ដោយ យ៉ង ចាន់តារា
2025.01.18
RFA

លោក លី រតនរស្មី ដែលមានឈ្មោះជាជនជាតិថៃថា ស៊ុមវ៉ាំង បាំរុងគីត (Sumwang bamrungkit) រូប៖ ហ្វេសប៊ុក
ប្រភពមួយចំនួន បានលាតត្រដាងថា លោក លី រតនរស្មី ដែលជាអ្នកបញ្ជាឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា គឺជាជនបង្កប់របស់គណបក្សប្រជាជនកម្ពុជា ដែលតាមឃ្លាំមើល និងរាយការណ៍ពីសកម្មជនប្រឆាំងនៅក្នុងប្រទេសថៃ ទៅកាន់រដ្ឋាភិបាលកម្ពុជា។ ពួកគាត់យល់ឃើញថា ការបញ្ជាឱ្យខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា នេះ មិនមែនជាគោលបំណងរបស់ លោក លី រតនរស្មី ឡើយ ប៉ុន្តែទំនងជាបញ្ជារបស់មេដឹកនាំបក្សកាន់អំណាច។
លោក លី រតនរស្មី៖ «អ្វីដែលខ្ញុំមើលឃើញ គឺគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយ ដែលនៅជាមួយប្រជាពលរដ្ឋ និងរក្សាសន្តិភាពជូនប្រជាពលរដ្ឋ»។
លោក លី រតនារស្មី ដែលមានឈ្មោះជាភាសាថៃថា ស៊ុមវ៉ាំង បាំរុងគីត (Sumwang Bamrungkit) គឺជាអ្នកបញ្ជាឱ្យខ្មាន់កាំភ្លើងជនជាតិថៃ ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) បាញ់សម្លាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា នៅទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែមករា។
នៅមុនបញ្ជាឱ្យបាញ់សម្លាប់នេះ លោក លី រតនរស្មី បានបង្កើតគុណសម្បត្តិជាច្រើនដល់គណបក្សប្រជាជនកម្ពុជា នៅលើទឹកដីថៃ បន្ទាប់ពីលោកបានចាកចេញពីគណបក្សប្រឆាំង។
ពលរដ្ឋម្នាក់ដែលធ្លាប់ចេញចូលប្រទេសថៃ និងមានទំនាក់ទំនងរកស៊ីជាមួយលោក លី រតនរស្មី អះអាងប្រាប់វិទ្យុអាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះព្រោះបារម្ភពីបញ្ហាសុវត្ថិភាពថា លោក លី រតនរស្មី បានមកធ្វើការជាពលករនៅប្រទេសថៃ ក្នុងអំឡុងឆ្នាំ២០០៧ នៅតំបន់នេសាទក្នុងខេត្តឈុនបុរី (Chon Buri)។ លោកបន្តថា លោក លី រតនរស្មី មិនធ្វើការងារដូចគ្នានឹងពលករខ្មែរផ្សេងទៀតឡើយ ដោយគាត់បានធ្វើជាមេខ្យល់នាំពលករខ្មែរមកធ្វើការខុសច្បាប់ និងបង្កើតទំនាក់ទំនងជាមួយក្រុមសង្គមងងឹតនៅក្នុងប្រទេសថៃទៀតផង។
ពលរដ្ឋ៖ «ត្រង់ចំណុចហ្នឹង តាមដែលខ្ញុំធ្លាប់រស់នៅ និងដឹងពីទឹកចិត្ត លី រតនរស្មី ហ្នឹង គឺគាត់ចិញ្ចឹមក្រុមអន្ធពាលដើម្បីការពារសុវត្ថិភាព។ ហើយត្រង់ចំណុចដែលខ្មាន់កាំភ្លើងអះអាងថា រស្មីមានរឿងជាមួយលោក លិម គិមយ៉ា ហ្នឹង គឺមិនមែនជាការពិតទេ»។
ប្រភពដដែលបញ្ជាក់ថា ក្រោយមកនៅឆ្នាំ២០១១ លោក លី រតនរស្មី បានចូលបម្រើការនៅក្រុមហ៊ុនសន្តិសុខមួយកន្លែងដែលមានឈ្មោះហៅកាត់ថា ភី.ស៊ី.អេស (PCS) នៅខេត្តឈុនបុរី ក្នុងតួនាទីជាអ្នកចាត់ការទូទៅ។ ពលរដ្ឋរូបនេះអះអាងថា គឺនៅពេលនោះហើយ ដែលលោក លី រតនរស្មី បានប្រើឈ្មោះជាជនជាតិថៃថា ស៊ុមវ៉ាំង បាំរុងគីត (Sumwang bamrungkit) និងក្រោយមកបានជួបជាមួយខ្មាន់កាំភ្លើងឈ្មោះ អេកាឡាក់ ផែណយ កាលពីឆ្នាំ២០២២ នៅពេលដែលអតីតទាហានជើងទឹករូបនេះ ត្រូវបានបណ្ដេញចេញពីអង្គភាព ហើយមកធ្វើការជាមួយលោក លី រតនរស្មី បានមួយរយៈ។
នៅពេលទទួលមានឈ្មោះជនជាតិថៃថា ស៊ុមវ៉ាំង បាំរុងគីត នេះហើយ លោក លី រតនរស្មី បានបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីនៃមន្ទីរការងារ និងប៉ូលិសក្នុងខេត្តឈុនបុរី និងទីក្រុងបាងកក ដោយមានការបរិច្ចាគប្រាក់ និងថតរូបជាមួយ។
ក្រោយធ្វើការនៅក្នុងប្រទេសថៃ អស់រយៈពេលជាច្រើនឆ្នាំ លោក លី រតនរស្មី បានចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ ពោលគឺ នៅក្រោយពេលដែលបក្សប្រឆាំងមួយនេះ ត្រូវរដ្ឋាភិបាលបក្សកាន់អំណាចរំលាយចោល។ កាលនុះ លោក លី រតនរស្មី មានតួនាទីជាប្រធានក្រុមការងារផ្នែកពលករប្រចាំប្រទេសថៃ នៃគណបក្សសង្គ្រោះជាតិ ប៉ុន្តែក្រោយមក លោកបានទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាវិញ នៅឆ្នាំ ២០២២ ដោយមានអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជាអ្នករៀបចំពិធីទទួលលោក និងមនុស្សមួយចំនួនទៀត ដែលលោកបានកៀរគរយកមកពីប្រទេសថៃ។ បន្ទាប់មក លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានតែងតាំងលោក លី រតនរស្មី ជាទីប្រឹក្សា កាលពីខែមករា ឆ្នាំ២០២៤។
ទោះជាបែបនេះក្ដី ប្រភពមួយចំនួនលើកឡើងថា លោក លី រតនរស្មី មានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជា តាំងពីមុនលោកប្រកាសចុះចូលមកម្ល៉េះ ដោយលោកបានយកកូតារបស់សកម្មជនបក្សប្រឆាំង ទៅចរចាតម្លៃខ្លួនជាមួយគណបក្សប្រជាជនកម្ពុជា។
ប្រធានបណ្ដាញយុវជនសកលប្រចាំប្រទេសថៃ លោក ឯម ពិសិដ្ឋ ប្រាប់វិទ្យុអាស៊ីសេរី ថា លោក លី រតនរស្មី មានទំនាក់ទំនងជាមួយមន្ត្រីកុងស៊ុលកម្ពុជា ប្រចាំនៅប្រទេសថៃ តាំងពីមុនចាកចេញពីគណបក្សសង្គ្រោះជាតិមកម្ល៉េះ ដោយទំនាក់ទំនងនេះ ពាក់ព័ន្ធនឹងក្រុមហ៊ុននាំពលករ និងការធ្វើឯកសារចូលមកប្រទេសថៃ។ លើសពីនេះ លោក ឯម ពិសិដ្ឋ អះអាងថា អំឡុងចុះចែកអំណោយ ដល់ពលករក្នុងពេលផ្ទុះជំងឺកូវីដ១៩ លោក លី រតនរស្មី បានយកបញ្ជីឈ្មោះ និងអាសយដ្ឋានរបស់ពលករ ប្រគល់ទៅឱ្យគណបក្សប្រជាជនកម្ពុជា និងដើរអូសទាញពលករឱ្យចុះចូលថែមទៀតផង។
លោក ឯម ពិសិដ្ឋ៖ ព្រោះទីមួយបញ្ជីឈ្មោះនៅក្នុងដៃយើង គឺគាត់យកទៅអះអាងថា នេះជាស្នាដៃរបស់គាត់ ដែលគាត់បានធ្វើជាមួយក្រុមការងារ។ អ៊ីចឹងគាត់យកបញ្ជីឈ្មោះហ្នឹងទៅ។ ប្រសិនបើគេមិនត្រូវការឈ្មោះទាំងអស់ហ្នឹង ប៉ុន្តែគាត់ត្រូវតែបង្ហាញគេ ដើម្បីទុកធ្វើជាភស្តុតាង ដែលគាត់បានធ្វើជាមួយបណ្ដាញពលករនៅថៃ។ អ៊ីចឹងគាត់ត្រូវតែអួតពីស្នាដៃរបស់គាត់ហើយ»។
ទំនងដោយសារចេះភាសាថៃស្ទាត់ជំនាញ និងមានក្រុមបក្ខពួកច្រើននៅក្នុងប្រទេសថៃ បន្ទាប់ពីចុះចូលជាមួយបក្សកាន់អំណាចបានថ្មីៗ លោក លី រតនរស្មី មានឱកាសបានជួបជាមួយមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល មានដូចជា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ហើយបន្ទាប់មកបានក្លាយជាទីប្រឹក្សាលោក ហ៊ុន សែន។ គណបក្សប្រជាជនកម្ពុជា បានចាត់តាំងឱ្យលោក លី រតនរស្មី ទទួលខុសត្រូវនៅតំបន់ខេត្តឈុនបុរី (Chonburi) ប៉ាថុមថានី (Pathum Thani) រ៉ាក់យ៉ង (Rayong ) និងខេត្តចន្ទបុរី (Chanthaburi) ជាដើម។
តែយ៉ាងណា បន្ទាប់ពីចុះចូលជាមួយបក្សកាន់អំណាច លោក លី រតនរស្មី ហាក់បានផ្លាស់ប្ដូរចិត្តគំនិតភ្លាមៗ ដោយលោក បានងាកមកធ្វើទុក្ខបុកម្នេញ លើអតីតសកម្មជនអ្នកប្រឆាំង ដែលជាសហជីវិនរួមការងារជាមួយគ្នា ដោយគ្មានភាពស្ទាក់ស្ទើរឡើយ។
ក្នុងនោះ សកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងភៀសខ្លួនទៅក្រៅប្រទេស លោក ថន ស្ដើង ត្រូវបានលោក លី រតនរស្មី គំរាមសម្លាប់ កាលលោករស់នៅប្រទេសថៃ។ លោក ថន ស្ដើង អះអាងថា លោកត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លួនក្នុងពន្ធនាគារ ដោយមានលោក លី រតនរស្មី ជាអ្នកបញ្ជានៅពីក្រោយ។
លោក ថន ស្ដើង៖ «ប៉ូលិសថៃ គេបានប្រាប់ខ្ញុំថា មានគេយកលុយមកឱ្យប៉ូលិសថៃចំនួន ១០ម៉ឺនដុល្លារ ដើម្បីបញ្ជូនខ្លួនខ្ញុំទៅប្រទេសកម្ពុជា។ ខ្ញុំបានបដិសេធថា មិនទៅដាច់ខាត។ ក្រោយមក ក៏មានអគ្គស្នងការជាតិ ទទួលបន្ទុកផ្ទៃក្នុង ឈ្មោះ សំ វណ្ណវីរៈ គាត់សុំមកជួបខ្ញុំនៅពន្ធនាគារ ហើយគាត់បានមកឡុបប៊ី (Lobby) ខ្ញុំមួយលើកពីរលើក ហើយខ្ញុំបានបដិសេធថា ខ្ញុំមិនទៅទេ ខ្ញុំសុខចិត្តនៅក្នុងពន្ធនាគារថៃ ហើយអនុវត្តទៅតាមច្បាប់ថៃ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក លី រតនរស្មី និងអភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៧ ខែមករា។
ក្រោយពីចូលខ្លួនបម្រើបក្សកាន់អំណាច លោក លី រតនរស្មី បានពង្រីកអាជីវកម្មមួយចំនួន មានដូចជា ក្រុមហ៊ុននាំពលករ ក្រុមហ៊ុននាំចូល និងចែកចាយអាហារបំប៉ន និងវិស័យអចលនទ្រព្យនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាដើម។
យ៉ាងណាមិញ ប្រធានក្រុមហ៊ុនអាហារបំប៉នថៃម្នាក់ ដែលរកស៊ីវិនិយោគជាមួយលោក លី រតនរស្មី បានអះអាងប្រាប់សារព័ត៌មានប៉ុស្តិ៍លេខ៨ របស់ថៃ ចុះផ្សាយកាលពីថ្ងៃទី១៦ ខែមករា ថា នៅមុនតុលាការឧក្រិដ្ឋកម្មថៃចេញដីកាចាប់ខ្លួនប្រហែល ២ថ្ងៃ លោក លី រតនរស្មី បានប្រកាសលាក្រុមការងារថា «លោកទៅហើយ និងសូមផ្ញើក្រុមហ៊ុនផង» ហើយចាប់តាំងពីពេលនោះមក ក៏បាត់ដំណឹងរហូត។
យ៉ាងណាក៏ដោយចុះ ផ្អែកតាមប្រវត្តិការងារ និងនយោបាយ និងការអះអាងរបស់ប្រពន្ធលោក លិម គិមយ៉ា បង្ហាញថា លោក លី រតនរស្មី គ្មានទំនាក់ទំនងជាមួយជនរងគ្រោះ លោក លិម គិមយ៉ា ឡើយ។ ផ្ទុយទៅវិញ ក្នុងគម្រោងការបាញ់សម្លាប់លោក លិម គិមយ៉ា នេះ មានការចូលរួមពីលោក លី រតនរស្មី ដែលជាអ្នកបញ្ជាខ្មាន់កាំភ្លើង និងអ្នកប្រាប់គោលដៅ គឺលោក ពេជ្រ គឹមស្រ៊ិន ដែលអ្នកទាំងពីរ គឺជាសកម្មជនគណបក្សប្រជាជនកម្ពុជា និងជាកូនចៅរបស់អភិបាលក្រុងភ្នំពេញលោក ឃួង ស្រេង។
សម្មតិកម្មទាំងអស់នោះ បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយ និងអ្នកឃ្លាំមើលសង្គមកម្ពុជា និងថៃ ភាគច្រើន យល់ឃើញថា ខ្មាន់កាំភ្លើងឈ្មោះ អេកាឡាក់ ផែណយ ទទួលបញ្ជាឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា តាមបញ្ជារបស់អ្នកមានគុណ គឺលោក លី រតនរស្មី ចំណែកឯអ្នកមានគុណរបស់លោក លី រតនរស្មី ដែលជាអ្នកបញ្ជាពីលើទៀតនោះ ទំនងជាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ទោះយ៉ាងណា សំណុំរឿងឧក្រិដ្ឋកម្មនេះ មន្ត្រីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងប្រព័ន្ធឃោសនាបក្សកាន់អំណាចដែលរក្សាភាពស្ងៀមស្ងាត់ ក្រោយឃាតកម្មលើលោក លិម គិមយ៉ា នោះ បានចាប់ផ្ដើមនាំគ្នាបំផុសព័ត៌មាន ដោយកាត់ផ្ដាច់ទំនាក់ទំនងរវាងលោក ហ៊ុន សែន ជាមួយឧក្រិដ្ឋជនទាំងនោះ។
ការលាងជម្រះខ្លួននេះ ធ្វើឡើងតាមរយៈការបង្ហោះលិខិតពីរសន្លឹកនៅលើបណ្ដាញសង្គម ដែលពួកគេអះអាងថា លោក លី រតនរស្មី ត្រូវបានតែងតាំងជាទីប្រឹក្សារបស់លោក ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ប៉ុន្តែ រយៈពេលជាងមួយខែប៉ុណ្ណោះ គឺនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជាបានបញ្ចប់ភារកិច្ចលោក លី រតនរស្មី ពីទីប្រឹក្សារបស់លោក ហ៊ុន សែន វិញ។
តែយ៉ាងណាក្ដី អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ ថ្លែងក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែមករា ថា លិខិតបញ្ចប់ភារកិច្ចលោក លី រតនរស្មី ពីទីប្រឹក្សារបស់លោក ហ៊ុន សែន គឺជាលិខិតក្លែងក្លាយ ដែលលោក ហ៊ុន សែន ទើបនឹងបង្កើតឡើងភ្លាមៗ ក្រោយពេលសំណុំរឿងឃាតកម្មត្រូវបានគេលាតត្រដាងថា មានជាប់ពាក់ព័ន្ធនឹងបក្ខពួករបស់លោក។
អ្នកឃ្លាំមើលកម្ពុជា និងថៃយល់ឃើញថា ករណីឃាតកម្មលើលោក លិម គិមយ៉ា នេះ រដ្ឋាភិបាលកម្ពុជាហាក់មានឧបាយក្នុងការបញ្ជូនខ្លួនជនសង្ស័យទាំងពីរ គឺលោក លី រតនរស្មី និងលោក ពេជ្រ គឹមស្រ៊ិន ទៅឱ្យអាជ្ញាធរថៃ ព្រោះកន្លងមកអាជ្ញាធរកម្ពុជា មានសមត្ថភាពខ្ពស់ក្នុងការចាប់ខ្លួនអ្នករិះគន់ដែលនៅក្រៅប្រទេសយកមកកាត់ទោសបាន។ ពួកគាត់ថា ជនសង្ស័យអាចនឹងត្រូវបញ្ជូនទៅកាត់ទោសបាន លុះត្រាតែរដ្ឋាភិបាលកម្ពុជា និងថៃ ប្រឌិតរឿងឃាតកម្មនយោបាយនេះ ទៅក្នុងជម្លោះបុគ្គលជាមុនសិន៕