ដោយ ជាតិ ចំណាន
2025.01.18
RFA

(រូបថតឯកសារ) លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សបក្សសង្គ្រោះជាតិ នៅក្នុងកិច្ចប្រជុំមួយ នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។ RFA
មេបក្សប្រឆាំងនៅក្រៅប្រទេសលោក សម រង្ស៊ី អំពាវនាវជាថ្មីឱ្យគ្រប់គណបក្សនយោបាយ និងកម្លាំងប្រដាប់អាវុធទាំងអស់ឈរជាមួយប្រជាពលរដ្ឋខ្មែរ ដើម្បីបញ្ចប់របបផ្ដាច់ការដែលដឹកនាំដោយគ្រួសារលោក ហ៊ុន សែន។ ចំណែកអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងយុវជនព្រមានរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថា ប្រសិនបើរដ្ឋាភិបាលនៅតែគាបសង្កត់ពលរដ្ឋ ហើយមិនព្រមដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលកំពុងជាប់គាំងទេ នោះរដ្ឋាភិបាលអាចប្រឈមនឹងការទម្លាក់ចេញពីអំណាច។
ប្រធានស្ដីទីគណបក្សបក្សសង្គ្រោះជាតិ លោក សម រង្សី នៅថ្ងៃទី១៨ ខែមករា បានបង្ហោះសារនៅគណនីហ្វេសប៊ុក (Facebook) របស់លោកជំរុញឱ្យពលរដ្ឋ អ្នកនយោបាយមកពីគ្រប់និន្នាការគណបក្ស និងកម្លាំងប្រដាប់អាវុធទាំងអស់រួមគ្នាលុបបំបាត់អំពើពុករលួយ ក្រុមឧក្រិដ្ឋជន និងក្រុមបក្ខពួកនិយមនៅក្នុងជួររដ្ឋាភិបាល ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យស្វែងរកសុខសន្តិភាព និងឯករាជ្យជាតិពិតប្រាកដជូនប្រជាពលរដ្ឋ។
លើសពីនេះលោក សម រង្ស៊ី បញ្ជាក់ថា ក្រោមការដឹកនាំរបស់ក្រុមគ្រួសារត្រកូល ហ៊ុន រយៈពេលច្រើនឆ្នាំមកនេះ បានធ្វើឱ្យពលរដ្ឋរស់នៅរងការជិះជាន់ និងរងនូវភាពអយុត្តិធម៌សង្គមគ្រប់រូបភាព ដូច្នេះដល់ពេលហើយដែលពលរដ្ឋត្រូវរួបរួមគ្នាប្រឆាំងនឹងរបបផ្ដាច់ការមួយនេះ។ ការផ្ញើសារនយោបាយរបស់លោក សម រង្ស៊ី នេះ ជាយុទ្ធនាការមួយ ដែលលោកហៅថា «ផ្ការីក ឬចលនាជាតិតស៊ូ» ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋក្រោកឈរ ដើម្បីតតាំងនឹងរបបដឹកនាំដោយត្រកូល ហ៊ុន។
ប្រធានគណៈកម្មការនាយក នៃចលនាប្រជាធិបតេយ្យរួបរួមជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក ម៉ាត់ វណ្ណី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ ខែមករា ថា លោកគាំទ្រការអំពាវនាវរបស់លោក សម រង្ស៊ី ជុំវិញការជំរុញឱ្យពលរដ្ឋរួបរួមគ្នាប្រឆាំងនឹងការដឹកនាំបែបផ្ដាច់ការរបស់ក្រុមគ្រួសារត្រកូល ហ៊ុន ពីព្រោះការដឹកនាំប្រទេសរបស់ក្រុមគ្រួសារលោក ហ៊ុន សែន កន្លងមកនេះគ្មានសុខសន្តិភាពពិតប្រាកដនោះទេ។ លោកព្រមានថា ប្រសិនបើរដ្ឋាភិបាលឪពុកកូន លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅតែមិនដោះស្រាយវិបត្តិនយោបាយទេ នោះរដ្ឋាភិបាលប្រឈមនឹងពលរដ្ឋទម្លាក់ចេញពីអំណាចដូចមេដឹកនាំប្រទេសបង់ក្លាដេស្ហ។
លោក ម៉ាត់ វណ្ណី៖ «ក្នុងករណីស្ថានភាពបែបនេះពលរដ្ឋត្រូវការជាងគេ គឺយុត្តិធម៌សង្គម និងប្រជាធិបតេយ្យអ៊ីចឹងហើយមានតែពលរដ្ឋទេដែលអាចទាមទារយកមកបានកុំរំពឹងបុគ្គលណាដោយចំពោះ គឺថាយើងខ្លួនឯងម្នាក់ៗតាំងខ្លួនជាអ្នកស្រោចស្រង់ជាតិរបស់យើង។ អ៊ីចឹងការក្រោកឈររបស់បងប្អូនគឺជារឿងចាំបាច់ណាស់ក្នុងការស្រោចស្រង់ប្រទេសជាតិយើងទាមទាររកយុត្តិធម៌ ទាមទារប្រជាធិបតេយ្យពីព្រោះឥឡូវគេដកសិទ្ធិរបស់អស់ហើយអ៊ីចឹងបងប្អូនត្រូវតែទាមទារយកត្រឡប់មកវិញ»។
ស្រដៀងគ្នានេះដែរ ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិន ដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក ខឹម មុន្នីកុសល មើលឃើញថា រដ្ឋាភិបាលដឹកនាំដោយក្រុមគ្រួសារត្រកូល ហ៊ុន នេះ គឺគ្មានចេតនាចង់បង្រួបបង្រួមជាតិឡើងវិញនោះទេ។ ផ្ទុយទៅវិញ មានតែគំរាមកំហែង កាប់សម្លាប់ពលរដ្ឋខ្មែរគ្នាឯង ដែលទាមទារឱ្យមានប្រជាធិបតេយ្យពិតប្រាកដ។ លោកបន្តថា ស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្នមិនខុសគ្នាពីរបប ប៉ុល ពត នោះទេពោលគឺ អ្នកដែលហ៊ាននិយាយការពិតពីបញ្ហាសង្គមរងការចាប់ដាក់ពន្ធនាគារ និងប្រឈមការសម្លាប់បំបិទមាត់។
លោក ខឹម មុន្នីកុសល៖ «ការដឹកនាំរាល់ថ្ងៃគឺវាស្មើនឹងជំនាន់ ប៉ុល ពត ៣ឆ្នាំហ្នឹង កម្ពុជារស់នៅឯកោគ្មានទំនាក់ទំនងជាមួយប្រទេសជិតខាង បរទេសទេដោយសារតែនយោបាយនៃការដឹកនាំ ហើយឈានទៅរកការគំរាមកំហែង បំបិទសិទ្ធិពលរដ្ឋគ្រប់សព្វបែបយ៉ាង ដូច្នេះអ្វីដែលជាការលើកឡើងរបស់ លោក សម រង្ស៊ី។ ខ្ញុំគិតថា ស្ថានភាពសមរម្យហើយ ដែលប្រជាពលរដ្ឋត្រូវតែគិតគូរអំពីប្រទេសជាតិរបស់ខ្លួនសាឡើងវិញ»។
ចំណែកឯគណបក្សប្រឆាំងនៅក្នុងស្រុកវិញ ពួកគាត់ចង់ឃើញមេដឹកនាំបក្សកាន់អំណាច បើកលំហសិទ្ធិសេរីភាពផ្នែកនយោបាយ ដោះលែងសកម្មជននយោបាយ សកម្មជនសង្គម និងបរិស្ថានឱ្យមានសេរីភាពឡើងវិញ បញ្ឈប់ការចាត់ទុកអ្នកនយោបាយ និងប្រជាពលរដ្ឋ ដែលមានទស្សនៈផ្ទុយជាសត្រូវ ហើយងាកមកផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ស្របតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើងវិញ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេនៅថ្ងៃទី១៨ ខែមករា។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់លើកឡើង កាលពីខែវិច្ឆិកា ដោយចាត់ការបង្កើតចលនាជាតិតស៊ូរបស់លោក សម រង្ស៊ី និងការកៀរគរប្រជាពលរដ្ឋឱ្យឈប់ជឿជាក់លើរដ្ឋាភិបាលរបស់លោកថា ធ្វើឡើងក្នុងគោលដៅចង់បានអំណាច និងផ្ដួលរំលំរដ្ឋាភិបាល។ លុះក្រោយមកឪពុករបស់លោក គឺលោក ហ៊ុន សែន បានព្រមានធ្វើច្បាប់ដាក់មនុស្សមួយក្រុមជា «ក្រុមភេរវករ» ប្រសិនបើលោក សម រង្ស៊ី បង្ហាញរចនាសម្ព័ន្ធដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្នរបស់លោកនោះ។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ នៅប្រទេសអូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា លោកចង់ឃើញអ្នកនយោបាយគ្រប់ភាគីងាកទៅរកតុចរចាដោយសន្តិវិធី និងប្រកួតប្រជែងគ្នាតាមរយៈការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ។ លោកបន្តថា បើទោះបីជាប្រជាពលរដ្ឋផ្ទុះការតវ៉ាទម្លាក់រដ្ឋាភិបាល ក៏មិនខុសទាស់នោះដែរ ពីព្រោះរដ្ឋាភិបាលអសមត្ថភាពដោះស្រាយជាតិ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោក ស៊ឹង សែនករុណា៖ «មានយុទ្ធការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ ពីព្រោះប្រទេសជាប្រទេសប្រជាធិបតេយ្យ បើយើងអត់អនុវត្តប្រជាធិបតេយ្យ។ មេបក្សប្រឆាំងច្បាស់ជាងអំពាវនាវឱ្យប្រជាពលរដ្ឋ ឬក៏អ្នកប្រជាធិបតេយ្យ រួបរួមគ្នាគេអត់ទៅបោះឆ្នោតទេ គេអាចទៅផ្ដួលរំលំ គេអាចប្រើប្រាស់ហិង្សាជាដើម។ អាហ្នឹងគេអាចធ្វើអ៊ីចឹង ពីព្រោះគេទាមទារឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ បែរជាយើងអត់គោរពសិទ្ធិគេឱ្យបានត្រឹមត្រូវ ហើយយើងអត់បើកសិទ្ធិនយោបាយឱ្យគេបានប្រកួតប្រជែងឱ្យបានត្រឹមត្រូវ»។
ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត រយៈពេលជាង ១ឆ្នាំមកនេះ អាជ្ញាធរបានចាប់ខ្លួនសកម្មជននយោបាយ សមាជិកសង្គមស៊ីវិល និងអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាលជាង ១០០នាក់ ក្នុងនោះមនុស្ស ៨០នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។ ករណីដ៏កក្រើកចុងក្រោយនេះ គឺករណីឃាតកម្មលើអតីតសមាជិកសភាគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា ដែលគេមើលឃើញថា អាចមានជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលត្រកូល ហ៊ុន ជាអ្នកពីក្រោយដោយសារតែទីប្រឹក្សារបស់លោក ហ៊ុន សែន គឺលោក លី រតនរស្មី ជាអ្នកបញ្ជាឱ្យឃាតកបាញ់សម្លាប់លោក លិម គិមយ៉ា។
អ្នកឃ្លាំមើលសង្គម និងមន្ត្រីប្រឆាំងយល់ឃើញថា រដ្ឋាភិបាលត្រកូល ហ៊ុន នៅមានឱកាសបង្រួបបង្រួមជាតិ និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ប្រសិនបើរដ្ឋាភិបាលបញ្ឈប់ការយកពលរដ្ឋខ្មែរគ្នាឯងជាសត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។