ពលរដ្ឋ​នៅ​កំពង់ធំ​ស្នើ​ឲ្យ​ក្រសួង​បរិស្ថាន​ចុះ​ស៊ើបអង្កេត​ពី​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​ក្នុង​តំបន់​ព្រៃ​ឡង់​ឲ្យ​បាន​ហ្មត់ចត់

ដោយ ជីវិតា
2025.01.20
RFA

ពលរដ្ឋ​នៅ​កំពង់ធំ​ស្នើ​ឲ្យ​ក្រសួង​បរិស្ថាន​ចុះ​ស៊ើបអង្កេត​ពី​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​ក្នុង​តំបន់​ព្រៃ​ឡង់​ឲ្យ​បាន​ហ្មត់ចត់

ទិដ្ឋភាព​ក្រុមហ៊ុនចិន ឡេត ចេង ម៉ាញនីង ឌីវេឡុបមិន (LATE CHENG MINING DEVELOPMENT CO.,LTD) ថត​ពី​ខាងលើ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ពលរដ្ឋ​រស់​នៅ​ជាប់​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់ ខេត្ត​កំពង់ធំ ស្នើ​ឲ្យ​ក្រសួង​បរិស្ថាន​ចុះ​ស៊ើបអង្កេត​ពី​អាជីវកម្ម​រ៉ែ​មាស​បែប​អនាធិបតេយ្យ​ក្នុង​តំបន់​ព្រៃឡង់​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ជៀស​វាង​ការ​ជឿ​លើ​របាយការណ៍​បោក​ប្រាស់​របស់​មន្ត្រី​បរិស្ថាន​ខេត្ត។ ការ​ស្នើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ ចេញ​លិខិត​បដិសេធ ថា មិន​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ បណ្ដោយ​ឲ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​អនាធិបតេយ្យ​នៅ​ក្នុង​តំបន់​ព្រៃឡង់ ខាង​ខេត្ត​កំពង់ធំ​នោះ​ឡើយ។

ប្រជាពលរដ្ឋ​ខក​ចិត្ត​ដែល​ក្រសួង​បរិស្ថាន ជឿ​លើ​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ ដែល​ពួកគេ​ចោទ​ថា ជា​របាយការណ៍​បោក​ប្រាស់ ដែល​មិន​ព្រម​ចាត់​វិធានការ​ទៅ​លើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​​នៅ​ក្នុង​តំបន់​ព្រៃឡង់។ ពលរដ្ឋ​នៅ​តែ​អះអាង​ថា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ដោយ​យក​លុយ​ពី​ពលរដ្ឋ​៨​លាន​រៀល​ក្នុង​មួយ​ឆ្នាំ ដើម្បី​ជា​ថ្នូរ​មិន​បង្ក្រាប​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​នៅ​តំបន់​ភ្នំ​ជី ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់​ប្រាកដ​មែន។

ប្រជាពលរដ្ឋ​ម្នាក់ រស់​នៅ​ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ លោក សឿ សុជា ដែល​បាន​ចុះ​ស្រាវជ្រាវ​អំពី​បញ្ហា​នេះ អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ថា លោក​នឹង​យក​របាយការណ៍ និង​ភស្តុតាង ដែល​លោក​បាន​ចុះ​ស្រាវជ្រាវ​កន្លង​ទៅ​ដាក់​ជូន​ក្រសួង​បរិស្ថាន​ពិនិត្យ ដើម្បី​ឲ្យ​ក្រសួង​ចាត់​មន្ត្រី​ថ្នាក់​ជាតិ​ចុះ​ស៊ើបអង្កេត​រឿង​នេះ​ឲ្យ​បាន​ច្បាស់លាស់ ជៀសវាង​ក្រសួង​ជឿ​លើ​របាយការណ៍​ ដែល​លោក​ថា មិន​ពិត​ហើយ​បន្ត​បណ្ដោយ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​ប្រព្រឹត្ត​អំពើពុករលួយ​បន្ត​ទៀត។ លោក​ថា ពលរដ្ឋ​ដែល​ធ្វើ​អាជីវកម្ម​រ៉ែ​មាស លក្ខណៈ​គ្រួសារ និង​ខុស​ច្បាប់​នៅ​តំបន់​ព្រៃឡង់ អះអាង​ថា ពួកគាត់​បាន​ឲ្យ​លុយ​ទៅ​មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ធំ​ប្រចាំ​ខែ ដើម្បី​ជា​ថ្នូរ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នេះ។

លោក សឿ សុជា៖ «វា​ជា​ការ​មិន​ទទួល​ខុស​ត្រូវ គេច​វេះ ដោយ​មិន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន យើង​មាន​ការ​សោកស្ដាយ​ហើយ​ប្រសិនបើ​មាន​មន្ត្រី​របៀប​នេះ​ទៀត ខ្ញុំ​គិត​ថា​ចប់​ហើយ​អនាគត​ធនធាន​ធម្មជាតិ​នៅ​តំបន់​ព្រៃឡង់​ខេត្ត​កំពង់ធំ និង​ធនធាន​ធម្មជាតិ​ផ្សេង​ៗ​ចប់​ហើយ​ប្រសិនបើ​មន្ត្រី​របៀប​នេះ​បន្ត​កាន់​ការងារ ខ្លួន​ឯង​ធ្វើ​ហើយ​បែរ​ជា​បដិសេធ​ថា មិន​ធ្វើ អ៊ីចឹង​ខ្ញុំ​ចង់​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចុះ​មក​ពិនិត្យ​ចុះ​មក​ស្រាវជ្រាវ​ផង»។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ បាន​ចេញ​សេចក្ដី​បំភ្លឺ​មួយ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ដោយ​បដិសេធ​ថា មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ធំ មិន​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ដូច​ការ​ចោទ​ប្រកាន់ ថា បាន​បញ្ជា​ឲ្យ​កូន​ចៅ​ជំរិត​ទារ​លុយ​ពី​ក្រុម​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​នោះ​ឡើយ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ លោក តុប កក្កដា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា ក៏​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​លិខិត​បំភ្លឺ​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃទី១៦ ខែ​មករា មន្ត្រី​បរិស្ថាន​ក៏​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខ្នាត​តូច​បែប​អនាធិបតេយ្យ​នៅ​ក្នុង​តំបន់​ព្រៃឡង់​ប្រាកដ​មែន ប៉ុន្តែ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​នេះ​ស្ថិត​នៅ​ក្នុង​ខេត្ត​ក្រចេះ​ឯណោះ​ទេ។

កាល​ពី​ចុង​ឆ្នាំ​២០២៤ បណ្ដាញ​សហគមន៍​ព្រៃឡង់ ក៏​បាន​ចុះ​ទៅ​ដល់​តំបន់​ភ្នំជី ខេត្ត​កំពង់ធំ រក​ឃើញ រោង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខ្នាត​តូច​រាប់​រយ​កន្លែង ​កំពុង​ធ្វើ​អាជីវកម្ម​យ៉ាង​មមាញឹក ហើយ​ពុំ​ឃើញ​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​តំបន់​នោះ​ចុះ​ទប់ស្កាត់​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ​នាយក​ប្រតិបត្តិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង យល់​ឃើញ​ថា ភាព​អសកម្ម​ក្នុង​ការ​បង្ក្រាប​បទល្មើស​នានា​របស់​មន្ត្រី​ជំនាញ នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ នឹង​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ពី​ពលរដ្ឋ​ថា មន្ត្រី​ទាំង​នោះ​ប្រព្រឹត្ត​អំពើពុករលួយ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មាន​ការ​រិះគន់ និង​ការ​ចោទ​ប្រកាន់​ទៅ​លើ​មន្ត្រី​បរិស្ថាន​ត​ទៅ​ទៀត លោក​ថា មន្ត្រី​ជំនាញ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ បង្ក្រាប​រាល់​ទង្វើ​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​ការពារ។

លោក ហេង គឹមហុង៖ «មាន​តែ​ភាព​សកម្ម​របស់​អាជ្ញាធរ​ហើយ​នឹង​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​បំពេញ​មុខងារ ហើយ​បង្ក្រាប​ទៅ​លើ​បទល្មើស​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ជំនឿ​ទៅ​លើ​អាជ្ញាធរ ប៉ុន្តែ​ប្រសិនបើ​នៅ​តែ​មាន​បន្ត​កើត​ឡើង ចង់​មិន​ចង់​ពលរដ្ឋ​គាត់​យល់​ហើយ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផង​ប្រយោជន៍​ណា​មួយ អ៊ីចឹង​ដើម្បី​ជម្រះ​នៅ​មន្ទិល អាជ្ញាធរ​ត្រូវ​តែ​បង្កើន​ក្នុង​ការ​អន្តរាគមន៍ ហើយ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ចូល​ទៅ​បង្ក្រាប​ទប់ស្កាត់​កុំ​ឲ្យ​មាន​អាជីវកម្ម​រ៉ែ​មាស​ដោយ​ខុស​ច្បាប់​បន្ត​ទៀត នោះ​នឹង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន»។

កន្លង​ទៅ​ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ រក​ឃើញ​ថា គម្រោង​អាជីវកម្ម​រ៉ែ​ធំ​ៗ និង​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់​បែប​អនាធិបតេយ្យ​នៅ​ក្នុង​តំបន់​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់ បាន​បង្ក​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ព្រៃ​ឈើ និង​ជីវិត​របស់​ប្រជាជន​រស់នៅ​ក្នុង​តំបន់​នោះ។ ពួកគេ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ​ធំ​ៗ និង​ត្រូវ​ទប់ស្កាត់​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់៕

What Next?

Recent Articles

Leave a Reply

Submit Comment