ដោយ វិទ្យុអាស៊ីសេរី
2025.01.19
វិទ្យុអាស៊ីសេរី

រូបត្លុកនយោបាយ៖ កម្ពុជា-ថៃ សម័យ «នាយករដ្ឋមន្ត្រីត្រួតស៊ីគ្នា» រូប៖ RFA
នយោបាយនៅប្រទេសបងប្អូនជាសត្រូវ កម្ពុជា និងថៃ កំពុងដើរដល់របត់ថ្មីមួយមិនធ្លាប់មានពីមុនមក។ នោះគឺការដឹកនាំប្រទេសតាមបែបគ្រួសារនិយមដែលមានឪនិងកូនជានាយករដ្ឋមន្ត្រីក្នុងពេលតែមួយ ឬ អាចហៅម្យ៉ាងទៀតថាជា «នាយករដ្ឋមន្ត្រីត្រួតស៊ីគ្នា»។
នៅកម្ពុជា អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពីបានក្រសោបយកអំណាចជាប្រធានព្រឹទ្ធសភា និងប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រហើយនោះ លោកក៏ជាអ្នកចាំកាងការពារអំណាច និងចេញមុខសង្គ្រោះនាយករដ្ឋមន្ត្រីកូន គឺលោក ហ៊ុន ម៉ាណែត ឱ្យរួចផុតពីព្យុះសង្ឃរានយោបាយនានា។ មិនខុសគ្នានេះ ម៉ូដែលនយោបាយស្រដៀងគ្នានេះក៏ត្រូវ «បងប្អូនធម៌» លោក ហ៊ុន សែន គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) យកទៅចម្លងតាមដែរ។ លោក ថាក់ស៊ីន ត្រូវគេមើលឃើញថា កំពុងចាំដឹកច្រមុះនៅពីក្រោយការដឹកនាំប្រទេសរបស់កូនស្រីលោក គឺអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ដើម្បីបញ្ចៀសពីការរិះគន់នានាពីសំណាក់ក្រុមប្រឆាំង។
ទោះយ៉ាងណា ភាពខុសប្លែកគ្នាដ៏លេចធ្លោមួយរវាងឪកូននាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនេះ គឺនៅត្រង់ថា នាយករដ្ឋមន្ត្រីឪកូនត្រកូល «ថាក់ស៊ីន» ហ៊ានចេញមុខនិយាយជាសាធារណៈថា កោះគជ់ជារបស់ថៃទាំងស្រុង ឬជារបស់ថៃ «១លានភាគរយ» ខណៈនាយករដ្ឋមន្ត្រីឪកូនត្រកូល «ហ៊ុន» វិញបែរជាមិនហ៊ានក្អកក្នុងរឿងនេះឡើយ។ នេះក៏ដោយសារតែនាយករដ្ឋមន្ត្រីឪកូនត្រកូល «ហ៊ុន» អះអាងថា ភាពស្ងៀមស្ងាត់របស់ខ្លួនក្នុងរឿងកោះគជ់នេះ គឺដោយសារតែ «ភាពចាស់ទុំផ្នែកនយោបាយ» និងថាកម្ពុជាប្រកាន់យក «គោលការណ៍មិនយកភ្លើងចូលផ្ទះ»។
ទន្ទឹមនឹងបញ្ហាកោះគជ់កំពុងឡើងកម្តៅនយោបាយនោះ រឿងរ៉ាវឃាតកម្មដ៏កក្រើកលើអតីតតំណាងរាស្ត្រគណបក្សប្រឆាំងនៅកម្ពុជា លោក លិម គិមយ៉ា នៅកណ្តាលក្រុងបាងកក (Bangkok) ប្រទេសថៃ ក៏ធ្វើឱ្យជោគវាសនានៃប្រទេសទាំងពីរនេះ ពើបប្រសព្វគ្នាជាថ្មីម្តងទៀត។ ឃាតកម្មនេះកើតឡើងតែប៉ុន្មានម៉ោងក្រោយប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានព្រមានសាជាថ្មីតាមកម្ចាត់ក្រុមអ្នកប្រឆាំងនៅក្រៅប្រទេសដែលហ៊ាននិយាយរិះគន់រដ្ឋាភិបាលកូនប្រុសរបស់លោក តាមរយៈការជំរុញឱ្យបង្កើតច្បាប់ដាក់ពួកគេជា «ក្រុមភេរវកម្ម» និងសរសើរថារដ្ឋាភិបាលកូនប្រុសរបស់លោក «ធ្វើការបានល្អលើសពីការរំពឹងទុក»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។