លោក ហ៊ុន ម៉ាណែត ថារដ្ឋាភិបាលចាប់ឃាតករបញ្ជូនឲ្យថៃដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និងតម្លាភាព

កម្ពុជា
20/01/2025 – 11:20
ដោយ៖ ញឹម សុផល
RFI

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលកម្ពុជាចាំបាច់បញ្ជូនឃាតករទៅឲ្យថៃធ្វើអ្វី ប្រសិនបើខ្លួនឯងនៅពីក្រោយខ្នងឃាតកម្មលោក លិម គិមយ៉ា។ ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដូច្នេះធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលនានានៅមជ្ឈមណ្ឌលអតីតយុទ្ធជន ប៊ុន រ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

លោក ហ៊ុន ម៉ាណែត ថារដ្ឋាភិបាលចាប់ឃាតករបញ្ជូនឲ្យថៃដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និងតម្លាភាព


បន្ទាប់ពីមានឃាតកម្មលើលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគអតីតណបក្សសង្គ្រោះជាតិនៅក្នុងទីក្រុងបាងកក ប្រទេសថៃកាលពីថ្ងៃទី៧ មករាមក នេះជាលើកទី១ ដែលលោក ហ៊ុន ម៉ាណែត បានថ្លែងជាសាធារណៈដោយអះអាងថា រដ្ឋាភិបាលកម្ពុជាមិនល្ងង់រហូតចាប់ឃាតករបញ្ជូនទៅឲ្យថៃស៊ើបអង្កេតនោះទេ ប្រសិនបើរដ្ឋាភិបាលជាអ្នកនៅពីក្រោយឃាតកម្មលោក លិម គិមយ៉ា។

ដោយចង់និយាយសំដៅទៅលើមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី លោក ហ៊ុន ម៉ាណែត បានទាមទាររកយុត្តិធម៌ជូនឪពុករបស់លោក គឺលោក ហ៊ុន សែន ដែលលោក សម រង្ស៊ី និងអ្នកនយោបាយប្រឆាំងឯទៀតបានចោទថាជាអ្នកនៅពីក្រោយខ្នងឃាតកម្មលើលោក លិម គិមយ៉ា។

តាមលោក ហ៊ុន ម៉ាណែត លោក សម រង្ស៊ី បានដើរតួជាប៉ូលីស ជាព្រះរាជអាជ្ញា និងជាតុលាការកំពូលកាត់សេចក្តីដោយបិទផ្លូវតវ៉ាថា លោក ហ៊ុន សែន ជាអ្នកបញ្ជា និងថា លោក សម រង្ស៊ី បានយករឿងឃាតកម្មលោក លិម គិមយ៉ា នេះជាអាជីវកម្មនយោបាយរួចទៅហើយ។

គួរបញ្ជាក់ថា តាំងពីក្រោយឃាតកម្មលើលោក លិម គិមយ៉ា មក មេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសលោក សម រង្ស៊ី បានធ្វើការចោទប្រកាន់ជាបន្តបន្ទាប់តាមរយៈហ្វេសប៊ុករបស់លោក និងតាមរយៈបទអត្ថាធិប្បាយក្នុងពិធីនានាថា លោក ហ៊ុន សែន បាននៅពីក្រោយខ្នងឃាតកម្មលោក លិម គិមយ៉ា ខណៈដែលរដ្ឋាភិបាលកម្ពុជាបានស្ថិតនៅក្នុងសភាពស្ងាត់ស្ងៀម។

ខ្មាន់កាំភ្លើង អេកាឡាក់ ភាណយ សារភាពថា ជាអ្នកបាញ់សម្លាប់លោក លិម គិមយ៉ា
ខ្មាន់កាំភ្លើង អេកាឡាក់ ភាណយ សារភាពថា ជាអ្នកបាញ់សម្លាប់លោក លិម គិមយ៉ា © សហការី

តែលោក ហ៊ុន ម៉ាណែត បានចោទសួរ និងឆ្លើយខ្លួនឯងក្នុងថ្ងៃចន្ទ ទី២០ មករានេះថា រដ្ឋាភិបាលកម្ពុជាពិតជាមានលទ្ធភាពលាក់បាំងជនសង្ស័យជនជាតិថៃ ដែលរត់ចូលមកកម្ពុជា។ តែរដ្ឋាភិបាលមិនធ្វើ និងបានចាប់បញ្ជូនជនសង្ស័យទៅកាន់ប្រទេសថៃតាមការស្នើសុំរបស់ថៃ ដើម្បីធ្វើការស៊ើបអង្កេត និងដែលនេះក៏ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និងតម្លាភាពផងដែរ។

តាមលោកនាយករដ្ឋមន្ត្រី កម្ពុជាក៏ចង់ដឹងដែរថាតើរឿងនេះវាយ៉ាងដូចម្តេច ខណៈរដ្ឋាភិបាលរបស់លោកត្រូវបានគេចោទប្រកាន់ដោយអយុត្តិធម៌រួចទៅហើយ។ ទន្ទឹមគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏ប្រកាសជំហរថា រដ្ឋាភិបាលមិនគាំទ្រ និងថ្កោលទោសចំពោះឃាតកម្មលើលោក លិម គិមយ៉ា ព្រមទាំងចូលរួមរំលែកទុក្ខគ្រួសារសពផងដែរ។

សូមរំលឹកថា ចាប់តាំងពីមានឃាតកម្មលើលោក លិម គិមយ៉ា កាលពីថ្ងៃទី០៧ មករា ឆ្នាំ២០២៥ ក្នុងក្រុងបាងកកប្រទេសថៃមក ជនសង្ស័យដែលជាខ្មាន់កាំភ្លើងជនជាតិថៃឈ្មោះ អេកាឡាក់ ភាណយ បានរត់ចូលមកប្រទេសកម្ពុជាក្នុងថ្ងៃទី៨ មករា និងត្រូវបានសមត្ថកិច្ចកម្ពុជាបញ្ជូនឲ្យទៅថៃដោយមិនបង្អង់យូរ។

តែជនសង្ស័យជាជនជាតិខ្មែរចំនួន២នាក់ គឺឈ្មោះ ពេជ្រ គឹមស្រ៊ិន អ្នកចង្អុលប្រាប់ឃាតករឲ្យបាញ់លោក លិម គិមយ៉ា និង លី រតនៈរស្មី អ្នកជួលឃាតករដែលតុលាការថៃចេញដីកាចាប់ខ្លួននៅមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរកម្ពុជានៅឡើយ។

ទោះយ៉ាងណា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ជាចុងក្រោយថា នីតិវិធីកំពុងដំណើរការដោយសមត្ថកិច្ចកម្ពុជាកំពុងត្រៀមសហការជាមួយសមត្ថកិច្ចថៃ ដើម្បីស៊ើបអង្កេតលើរឿងឃាតកម្មលោក លិម គិមយ៉ា៕

What Next?

Recent Articles

Leave a Reply

Submit Comment