ដោយ នៅ វណ្ណារិន
2025.01.21
RFA

ទិដ្ឋភាពកម្មករតវ៉ានៅមុខក្រុមហ៊ុនប្រមូលសំរាមឈ្មោះ ៨០០ ស៊ូភើ ហ្គា (800Super-GAEA Cambodia) កាលពីថ្ងៃទី២០ មករា ២០២៥។ រូប៖ CTWUF Cambodia
ក្រុមហ៊ុនប្រមូលសំរាមឈ្មោះ ៨០០ ស៊ូភើ ហ្គា (800Super-GAEA Cambodia) យល់ព្រមទទួលយកតំណាងសហជីពចំនួន៤នាក់ ឲ្យចូលធ្វើការវិញ និងសន្យាទូទាត់ប្រាក់អតីតភាពការងារ ក្រោយកម្មករប្រមាណ៣រយនាក់បានធ្វើកូដកម្មនៅមុខក្រុមហ៊ុន នៅថ្ងៃទី២០ ខែមករា។
ក្រុមហ៊ុនប្រមូលសំរាមឈ្មោះ ៨០០ ស៊ូភើ ហ្គា (800Super-GAEA Cambodia) យល់ព្រមទទួលយកថ្នាក់ដឹកនាំសហជីពទាំង៤នាក់ ឲ្យចូលបម្រើការងារឡើងវិញ និងសន្យាទូទាត់ប្រាក់បំណាច់អតីតភាពការងារជូនកម្មករ ក្នុងពេលចរចាស្វែងរកដំណោះស្រាយវិវាទការងាររួមជាមួយកម្មករ ដែលមានការចូលរួមពីមន្ត្រីនៃក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន។
ការចូលតុចរចានេះ ធ្វើឡើងបន្ទាប់ពីកម្មករក្រុមហ៊ុនប្រមូលសំរាម និងអ្នកបើកបរឡានដឹកសំរាម ប្រមាណ៣រយនាក់ កាលពីថ្ងៃទី១៩ និងនៅព្រឹកថ្ងៃទី២០ មករា បានជួបជុំគ្នាធ្វើកូដកម្ម ដោយពហិការមិនចូលបម្រើការងារ និងលើកបដានៅមុខក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីព និងទូទាត់ប្រាក់បំណាច់អតីតភាពការងារជូនពួកគាត់។
ការធ្វើកូដកម្មនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនប្រមូលសំរាមនៅរាជធានីភ្នំពេញ ឈ្មោះ ៨០០ ស៊ូភើ ហ្គា (800Super-GAEA Cambodia) កាលពីសប្ដាហ៍មុន បានបញ្ឈប់ថ្នាក់ដឹកនាំសហជីពចំនួន៤នាក់ ពីកន្លែងការងារ ក្រោយពីពួកគាត់ចូលរួមបង្កើតសហជីព ។ ថ្នាក់ដឹកនាំទាំង៤នាក់នោះ មានប្រធានសហជីព លោក រ៉ង សារ៉ាយ អនុប្រធានសហជីព លោក ស្វាយ ឡាំវិច្ឆិកា លេខាធិការសហជីព លោក សេង សុថាវង្ស និងហិរញ្ញិក លោក គង់ សុរិន។
បន្ទាប់ពីបញ្ចប់កិច្ចចរចានៅព្រឹកថ្ងៃទី២០ ខែមករា អនុប្រធានសហជីព លោក ស្វាយ ឡាំវិច្ឆិកា ថ្លែងប្រាប់អាស៊ីសេរីថា លោកអាចទទួលយកបានចំពោះលទ្ធផលនៃការចរចានេះ ដោយក្រុមហ៊ុនព្រមទទួលយកថ្នាក់ដឹកនាំទាំង៤នាក់ ឲ្យចូលធ្វើការវិញ ហើយរក្សាតួនាទីឲ្យនៅដដែល និងសន្យាទូទាត់ប្រាក់បំណាច់អតីតភាពការងារនៅថ្ងៃទី ២៥ មករា ខាងមុខនេះ។
លោក ស្វាយ ឡាំវិច្ឆិកា៖ «ចុងក្រោយខ្ញុំសូមថ្លែងអំណរគុណ បងប្អូនទាំងអស់គ្នា ដែលមានការជឿជាក់ និងគាំទ្រលើថ្នាក់ដឹកនាំទាំងបួននាក់ ដូច្នេះពួកខ្ញុំ ដែលជាតំណាងរបស់បងប្អូននឹងធ្វើការជាមួយបងប្អូន បើសិនជាបងប្អូនមានបញ្ហាអ្វី សូមឲ្យបងប្អូនមកជួយជាមួយយើងខ្ញុំទាំង៤នាក់ ដែលជាតំណាង ដើម្បីរកវិធីដោះស្រាយ និងពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីជាផលប្រយោជន៍យើងទាំងអស់គ្នា និងជាផលប្រយោជន៍រួម»។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា លោក ទូច កុសល មានប្រសាសន៍ថា លោកចង់ឃើញ ក្រុមហ៊ុន និងកម្មករ លើកយកបញ្ហាមកដោះស្រាយដោយសន្តិវិធី។
លោក ទូច កុសល៖ «ចុងក្រោយក្នុងនាមសហព័ន្ធក៏ចង់ឃើញទាំងសហជីព ទាំងក្រុមហ៊ុនពេលចូលធ្វើការងារវិញ គឺកុំឲ្យមានការគុំកួនគ្នា និងចេះដោះស្រាយដោយសន្តិវិធី បើសិនជាមានបញ្ហាអ្វី ត្រូវយកបញ្ហាដាក់លើតុ ហើយជជែកគ្នាទៅ ។ ពីមុនយើងអត់មានសហជីព អីចឹងដោយសារតែអត់មានសហជីពហ្នឹងហើយ ទើបបងប្អូនឃើញបាត់តំណាងរបស់ពួកគាត់ ពួកគាត់ឆោឡោ ហើយធ្វើកូដកម្ម ។ ឥឡូវក្រុមហ៊ុនបានអនុញ្ញាតឲ្យពួកគាត់ចូលធ្វើការនៅកន្លែងដើមហើយ ខ្ញុំសង្ឃឹមថា បងប្អូននឹងចូលធ្វើការរៀងៗខ្លួន»។
ក្រុមហ៊ុនប្រមូលសំរាម ៨០០ ស៊ូភើ ហ្គា (800Super-GAEA Cambodia) ជាក្រុមហ៊ុនប្រមូលសំរាមមួយ ក្នុងចំណោមក្រុមហ៊ុនប្រមូលសំរាមចំនួន៣ ដែលទទួលបានសិទ្ធិផ្ដល់សេវាប្រមូល និងដឹកជញ្ជូនសំរាម ក្នុងខណ្ឌចំនួន៥ នៅរាជធានីភ្នំពេញ ក្នុងរយៈពេល១០ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។