បក្សកម្លាំងជាតិអំពាវនាវរកជំនួយពីមហាជនជួយលោក រ៉ុង ឈុន ដែលជាប់បណ្តឹង ១០ម៉ឺនដុល្លារ

កម្ពុជា
កម្ពុជា-នយោបាយ
12/02/2025 – 11:28
ដោយ៖ ជួប នរក្សា
RFI

នៅថ្ងៃពុធទី១២ កុម្ភៈនេះ គណបក្សកម្លាំងជាតិបានអំពាវនាវឲ្យមហាជនចូលរួមជួយបរិច្ចាកប្រាក់ជួយលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិដែលត្រូវបានតុលាការបង្គាប់ឲ្យបង់ប្រាក់ចំនួន ៤០០លានរៀល ឬស្មើនឹង១០ម៉ឺនដុល្លារអាមេរិក។ ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីតុលាការក្រុងភ្នំពេញបានបង្គាប់ឲ្យលោក រ៉ុង ឈុន និងសកម្មជននយោបាយ ២នាក់ទៀតបង់លុយចំនួន១០ម៉ឺនដុល្លារទៅឱ្យគណៈកម្មាធិការកិច្ចការព្រំដែនកាលពីថ្ងៃទី១១ កុម្ភៈ។

បក្សកម្លាំងជាតិអំពាវនាវរកជំនួយពីមហាជនជួយលោក រ៉ុង ឈុន ដែលជាប់បណ្តឹង ១០ម៉ឺនដុល្លារ


គណបក្សកម្លាំងជាតិចាប់ផ្តើមពីថ្នាក់ដឹកនាំរហូតដល់សមាជិកបានកៀរគររកថវិកាជាបណ្តើរៗដើម្បីជួយលោក រ៉ុង ឈុនទៅតាមលទ្ធភាព។ នេះក៏ដោយសារតែពួកគេយល់ថា លោក រ៉ុង ឈុន គ្មានលទ្ធភាពនឹងរកប្រាក់សម្រាប់សងការខូចខាតទៅឲ្យគណៈកម្មាធិការកិច្ចការព្រំដែន ចំនួន១០ម៉ឺនដុល្លារ។ បន្ថែមពីនេះ គណបក្សក្រៅរដ្ឋាភិបាលមួយនេះក៏បានទទូចឲ្យសាធារណជនចូលរួមជួយលោក រ៉ុង ឈុន ទៅតាមលទ្ធភាពដោយបក្សយល់ថា លោក រ៉ុង ឈុន ជាឥស្សរជននយោបាយខ្មែរមួយរូបដែលហ៊ានចេញមុខការពារឯករាជ្យភាព អធិបតេយ្យភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម។

តែគណបក្សកម្លាំងជាតិមិនភ្លេចបញ្ចេញប្រតិកម្មភ្ញាក់ផ្អើល និងសោកស្តាយចំពោះសេចក្តីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបង្គាប់ឲ្យលោក រ៉ុង ឈុន និងសកម្មជននយោបាយ២រូបផ្សេងទៀត សងសំណងខូចខាតចំនួន៤០០លានរៀល ឬ១០ម៉ឺនដុល្លារទៅឲ្យគណៈកម្មាធិការកិច្ចការព្រំដែនក្នុងរយៈពេលត្រឹមតែមួយខែ។ ទន្ទឹមនឹងប្រតិកម្មភ្ញាក់ផ្អើល និងសោកស្តាយ គណបក្សកម្លាំងជាតិថែមទាំងបានទទូចឲ្យរដ្ឋាភិបាល និងតុលាការទម្លាក់បទចោទប្រកាន់ និងការបង់ប្រាក់សំណងដ៏សន្ធឹកសន្ធាប់ពីលោក រ៉ុង ឈុន។ បើតាមបក្សគណបក្សកម្លាំងជាតិ ការផ្តល់សេរីភាពដល់លោក រ៉ុង ឈុន ជាការធានាដល់បរិយាកាសនយោបាយល្អមុនការបោះថ្នាក់ឃុំសង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៨។ 

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដែលត្រូវតុលាការកោះហៅបំភ្លឺជាថ្មី
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដែលត្រូវតុលាការកោះហៅបំភ្លឺជាថ្មី AP – Heng Sinith

សូមរំលឹកថា នៅថ្ងៃអង្គារទី១១ កុម្ភៈ តុលាការសាលាដំបូងរាជធានីភ្នំពេញបានជូនដំណឹងទៅកាន់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិនិងសកម្មជននយោបាយ ២នាក់ទៀតបង់លុយចំនួន ១០ម៉ឺនដុល្លារទៅឱ្យគណៈកម្មាធិការកិច្ចការព្រំដែន ក្នុងរយៈពេលត្រឹមមួយខែដោយគិតចាប់ពីថ្ងៃជូនដំណឹង។ ការបង្គាប់ឲ្យបង់លុយដ៏សម្បើមនេះដោយសារតែកាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០២១ លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ ពីបទញុះញង់តាមរយៈការអត្ថាធិប្បាយអំពីបញ្ហាព្រំដែនដែលលោកបានដឹកនាំមនុស្សចុះទៅខេត្តត្បូងឃ្មុំ និងដែលពលរដ្ឋនៅទីនោះអះអាងប្រាប់ក្រុមលោកថា ដីរបស់ពួកគេត្រូវបានអាជ្ញាធរ​វៀតណាម​ហាមមិនឱ្យធ្វើស្រែចម្ការ ឬមានការបោះបង្គោលព្រំដែនចូលក្នុងទឹកដីខ្មែរជាដើម។

តែនៅថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២១ លោក រ៉ុង ឈុន ក៏ត្រូវបានដោះលែងវិញតាមសាលដីការបស់សាលាឧទ្ធរណ៍ និងដោយបានកាត់តម្រឹមទោសពី ២ឆ្នាំមកឱ្យអនុវត្តតែ ១៥ខែ ១១ថ្ងៃ ខណៈទោសដែលនៅសេសសល់ចំនួន៨ខែ ១៩ថ្ងៃត្រូវបានព្យួរ៕

What Next?

Recent Articles

One Response to "បក្សកម្លាំងជាតិអំពាវនាវរកជំនួយពីមហាជនជួយលោក រ៉ុង ឈុន ដែលជាប់បណ្តឹង ១០ម៉ឺនដុល្លារ"

  1. vannarith says:

    នយោបាយរដ្ឋាភិបាលអាឞេរីកមិនបង់ប្រាក់ទៅចោរដែលចាប់ជំរិតទេ។