ដោយ ប្រាជ្ញ ចេវ
2025.02.12
RFA

អភិបាលស្រុកពេជ្រាដា លោក វណ្ណា ម៉ាប់ ចុះពិនិត្យផ្លូវកាលពីថ្ងៃទី៥ កុម្ភៈ ២០២៥។

ពលរដ្ឋរស់នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីជាង ៣០០គ្រួសារព្រួយបារម្ភខ្លាចក្រុមហ៊ុនចិន រំលោភយកដីស្រែចម្ការរបស់ពួកគាត់ ក្រោយឃើញមានជនជាតិចិនចុះរុករករ៉ែមាស នៅតំបន់នោះអស់ជាច្រើនថ្ងៃរួចមក។ អាជ្ញាធរមូលដ្ឋានថា មិនទាន់ទទួលបានព័ត៌មានអំពីក្រុមហ៊ុនរុករករ៉ែមាសនេះ ច្បាស់លាស់នោះទេ ដោយសារតែក្រុមហ៊ុនមិនព្រមបង្ហាញឯកសារឲ្យអាជ្ញាធរមើល។
ក្រោយឃើញមានជនជាតិចិនចុះរុករករ៉ែមាស នៅភូមិអង្ទ្រង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី អស់ជាច្រើនថ្ងៃរួចមក ពលរដ្ឋជាង៣០០គ្រួសារនៅតំបន់នោះ ព្រួយបារម្ភខ្លាចក្រុមហ៊ុនចិនមិនស្គាល់ឈ្មោះមួយ រំលោភយកដីស្រែចម្ការរបស់ពួកគាត់ ដោយសារតែក្រុមហ៊ុននេះ ចុះមករុករករ៉ែមាសដោយមិនបានប្រាប់ប្រជាពលរដ្ឋ និងមិនមានឯកសារផ្លូវការអ្វីនោះទេ។ ពលរដ្ឋស្នើឲ្យអាជ្ញាធរ ទប់ស្កាត់ក្រុមហ៊ុនចិនមួយនេះ កុំឲ្យបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះ។
តំណាងឲ្យប្រជាពលរដ្ឋ នៅឃុំពូជ្រៃ លោក ហេង ពៅ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ ខែកុម្ភៈថា ពលរដ្ឋឃើញជនជាតិចិនចុះរុករករ៉ែមាស នៅក្នុងភូមិសាស្ត្រឃុំពូជ្រៃ អស់ជាច្រើនថ្ងៃមកហើយ ដោយមិនបានប្រកាសប្រាប់ពីគោលបំណង និងបង្ហាញឯកសារផ្លូវការណាមួយដល់ប្រជាពលរដ្ឋបានដឹងឡើយ។ លោកថា ពលរដ្ឋមានចម្ងល់ និងភ័យខ្លាចក្រុមហ៊ុនចិនមិនស្គាល់ឈ្មោះមួយនេះ នឹងរំលោភយកដីស្រែចម្ការរបស់ពួកគាត់ដូចទៅនឹងប្រជាពលរដ្ឋខេត្តដទៃទៀតដែរ។
លោក ហេង ពៅ៖ «គេធ្វើក៏វាមានអាជ្ញាប័ណ្ណត្រឹមត្រូវដែរ តែយើងវាខ្លាចថាបាត់ដីរបស់ប្រជាពលរដ្ឋដែរ ខ្លាចតែគាត់រំលោភបំពានយើង ស្នើឲ្យរដ្ឋាភិបាល គាត់ជួយរកដំណោះស្រាយ»។
តំណាងប្រជាពលរដ្ឋអះអាងទៀតថា ប្រសិនបើក្រុមហ៊ុនចិនមួយនេះ បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ពួកគាត់នឹងមិននៅស្ងៀមនោះទេ ពលរដ្ឋនឹងនាំគ្នាចេញតវ៉ា និងស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ក្រុមហ៊ុនមួយនេះ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន និងប្រធានមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី លោក ទី សុផល ដើម្បីសុំការអត្ថាធិប្បាយបានទេនៅថ្ងៃទី១១ ខែកុម្ភៈ ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ចំណែកមេភូមិអង្ទ្រង លោក ទូច សាឡែន ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី១១ ខែកុម្ភៈថា ពិតជាមានក្រុមហ៊ុនចិនចូលមករុករករ៉ែ ហើយអាចបង្កផលប៉ះពាល់ដល់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋជាង៣០០គ្រួសារប្រាកដមែន ប៉ុន្តែលោកមិនទាន់ដឹងថាក្រុមហ៊ុនចិននោះឈ្មោះអ្វីឡើយ ដោយសារតែអ្នករុករករ៉ែមាសទាំងនោះមិនបានបង្ហាញឯកសារផ្លូវការដល់អាជ្ញាធរមូលដ្ឋាននោះទេ។ លោកបន្ថែមថា ប្រសិនបើក្រុមហ៊ុនចិនមួយនេះដំណើរការអាជីវកម្មរ៉ែមាសរបស់ខ្លួនមែននោះ នឹងធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋកំពុងរស់នៅតំបន់នោះ ហើយបច្ចុប្បន្នលោករងចាំដំណោះស្រាយរបស់អាជ្ញាធរថ្នាក់លើ។
លោក ទូច សាឡែន៖ «អត់ថាក្រុមហ៊ុនអ្វីដែរ តែគេថាមានដំណោះស្រាយឲ្យ បើតាមប្រជាពលរដ្ឋគាត់មិនចេញទេ ពីព្រោះគាត់នៅតាំងពីយូរមកហើយ ទីតាំងនេះគឺជាទីតាំងបោះឆ្នោត០៩១ ៤ទៅ៥អាណត្តិរបស់គាត់ហើយ វាអត់មានឯកសារគេថាដីរបស់អគ្គដីទាហាន មិនដឹងដែរពីព្រោះសុទ្ធធំហើយ»។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តមណ្ឌលគីរី លោក ប៊ី វ៉ាន់នី យល់ឃើញថា ក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធត្រូវតែផ្សព្វផ្សាយព័ត៌មានទាំងអស់នេះឲ្យប្រជាពលរដ្ឋបានច្បាស់លាស់ និងត្រូវសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមឲ្យបានត្រឹមត្រូវ និងតម្លាភាពតាមច្បាប់។ លោកថា ប្រសិនបើប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតំបន់នោះ អាជ្ញាធរត្រូវតែរកដំណោះស្រាយឲ្យប្រជាពលរដ្ឋសមរម្យជាមុនសិន និងស្ដាប់សំណើរបស់ពលរដ្ឋមិនត្រូវបង្ខំពលរដ្ឋឲ្យចាកចេញពីតំបន់នេះឡើយ បើពុំដូច្នោះទេវាគឺជាទង្វើខុសច្បាប់។
លោក ប៊ី វ៉ាន់នី៖ «ស្នើសុំឲ្យផ្សព្វផ្សាយជាសាធារណៈទៅ ថា មានក្រុមហ៊ុនអ្វីខ្លះរុករករ៉ែ នឹងជាការងាយស្រួលដើម្បីឲ្យប្រជាពលរដ្ឋគាត់បានដឹង ហើយនឹងគោលនយោបាយដោះស្រាយសំណងដល់ប្រជាពលរដ្ឋដែរដើម្បីឲ្យពួកគាត់ត្រៀមទទួលយកក្នុងការចូលរួមក្នុងការដោះស្រាយជាមួយរដ្ឋាភិបាលដោយសន្តិវិធី នឹងហើយដែរយើងថាការអភិវឌ្ឍន៍បែបនឹងហៅថាការអភិវឌ្ឍន៍មួយគិតគូអំពីសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ប្រទេសមួយប្រកបទៅដោយតម្លាភាព យើងឈរលើគោលការណ៍ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ»។
មន្ត្រីសង្គមស៊ីវិល ទទូចឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវតែបង្ហាញព័ត៌មានអំពីការរុករករ៉ែ និងការធ្វើជីវកម្មរ៉ែនៅខេត្តមណ្ឌលគិរី ឲ្យទូលំទូលាយដើម្បីជៀសវាងមានការគប់គិតគ្នាជាប្រព័ន្ធ ប្រព្រឹត្តអំពើពុករលួយ កេងប្រវ័ញ្ចយកទ្រព្យសម្បត្តិជាតិ ចែកបក្ខពួកខ្លួនឯង។
កាលពីចុងឆ្នាំ២០២៣ អង្គការសមធម៌កម្ពុជា (Equitable Cambodia) បានរកឃើញថា ការធ្វើអាជីវកម្មរ៉ែមាសខ្នាតធំរបស់ក្រុមហ៊ុនឯកជន ក្នុងខេត្តចំនួន៤ គឺព្រះវិហារ រតនគីរី ក្រចេះ និងខេត្តមណ្ឌលគីរី បានបង្កឲ្យមានការរំលោភសិទ្ធិមនុស្ស រំលោភបំពានដីធ្លីរបស់ពលរដ្ឋ និងបំផ្លាញបរិស្ថាននៅជុំវិញតំបន់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។