ដោយ សុជីវី
2025.02.13
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) ជួបប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ជូញៀ (Ferdinand Marcos Jr) នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី១១ កុម្ភៈ ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
កម្ពុជា និងហ្វីលីពីន (Philippines) កាលពីថ្ងៃទី១២ ខែកុម្ភៈ ព្រមព្រៀងគ្នាជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ការពារជាតិ និងសន្តិសុខ កសិកម្ម សុខាភិបាល វប្បធម៌ អប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកវិទ្យា និងការជំរុញការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
ភាគីទាំង២ ចុះកិច្ចព្រមព្រៀងចំនួន៨ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ដែលរួមមាន៖ ការលុបបំបាត់ការយកពន្ធត្រួតស៊ីគ្នា កិច្ចសហប្រតិបត្តិការវិនិយោគរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការវិនិយោគហ្វីលីពីន ការបង្ការអំពើលួច និងជួញដូរខុសច្បាប់នៃទ្រព្យសម្បត្តិវប្បធម៌ កិច្ចសហប្រតិបត្តិការទេសចរណ៍ វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ វិស័យបច្ចេកវិទ្យាព័ត៌មាន និងបរិវត្តន៍កម្មរដ្ឋាភិបាលឌីជីថល។
ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងនៅពេល ដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន កាលពីថ្ងៃ ទី១០ ដល់ ១១ ខែកុម្ភៈ។
ស្របពេលគ្នានេះ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ជូញៀ (Ferdinand Marcos Jr) បានថ្លែងអំណរគុណព្រះមហាក្សត្រខ្មែរ ដែលបានលើកលែងទោសស្ត្រីហ្វីលីពីនចំនួន ១៣នាក់ ដែលតុលាការកម្ពុជាកាត់ទោសឱ្យជាប់ពន្ធនាគារដោយសារការពរពោះជំនួស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។