ដោយ វិទ្យុអាស៊ីសេរី
2025.02.12
វិទ្យុអាស៊ីសេរី

រូបត្លុកនយោបាយ៖ វិធីសាស្ត្រ «លើកកម្ពស់សេរីភាពសារព័ត៌មានក្រោមដំបូលសន្តិភាព!» រូប៖ RFA
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា តែងអះអាងថា សិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិ និងទទួលបានព័ត៌មាននៅកម្ពុជា ត្រូវបាន «លើកកម្ពស់ក្រោមដំបូលនៃសុខសន្តិភាព» ជាពិសេសដោយរដ្ឋាភិបាលអាណត្តិទី៧ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ក៏ប៉ុន្តែ ធាតុពិតជាក់ស្តែង ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកកាសែតឯករាជ្យ ទាំងអ្នកកាសែតជនជាតិខ្មែរ និងបរទេស កំពុងទទួលរងនូវការដាក់គោលដៅតាមកម្ចាត់ជាបន្តបន្ទាប់មិនឱ្យមានវត្តមាននៅក្នុងទឹកដីកម្ពុជា។
ជាក់ស្តែង នៅមុនការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត តាមរយៈការផ្ទេរអំណាចបន្តពីឪ រដ្ឋាភិបាលឪពុករបស់លោក គឺលោក ហ៊ុន សែន បានបញ្ជាឱ្យបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD)។ ក្រោយមកទៀត ក្នុងពេលលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងបានជាង១ឆ្នាំ មានករណីឃាតកម្មមួយបានកើតឡើងលើអ្នករាយការណ៍ព័ត៌មានពីបញ្ហាបរិស្ថានឱ្យគេហទំព័រកម្ពុជាអភិវឌ្ឍន៍នៅខេត្តសៀមរាប គឺលោក ឈឿង ឈឹង។ ករណីឃាតកម្មលើអ្នកកាសែតនេះ គឺជាលើកទី១ហើយចាប់តាំងពីឆ្នាំ២០១៤មក។ ក្រៅពីនេះ ក៏នៅមានករណីធ្វើទុក្ខបុកម្នេញជាច្រើនទៀតមកលើអ្នកកាសែត ដូចជាករណីលោក ម៉ិច ដារ៉ា ជាដើម។ ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានចេញបម្រាមមិនឱ្យអ្នកកាសែតជនជាតិអង់គ្លេស លោក ជឺរល ហ្វ្លីន (Gerald Flynn) ដែលរាយការណ៍ពីបញ្ហាបរិស្ថាន ចូលប្រទេសកម្ពុជាជារៀងរហូតដោយដាក់ឈ្មោះលោកចូលក្នុងបញ្ជីខ្មៅ ក្រោមហេតុផលថាលោកបានផ្តល់ព័ត៌មានមិនពិតក្នុងពាក្យសុំទិដ្ឋាការរបស់លោក។ ក៏ប៉ុន្តែ អ្នកកាសែតជនជាតិអង់គ្លេសរូបនេះ បានបដិសេធការចោទប្រកាន់នេះ និងថាអ្វីដែលរដ្ឋាភិបាលកម្ពុជាធ្វើមកលើរូបលោកគឺព្រោះតែចង់សងសឹកដោយសារតែលោកបំពេញការងារជាអ្នកកាសែតឯករាជ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។