ដោយ មាន ឫទ្ធិ
2025.02.13
RFA

(ឆ្វេង) លោក ហ៊ុន ម៉ាណែត ក្នុងពិធីជប់លៀងផ្លូវការ ដែលរៀបចំដោយលោក ហ៊្វើឌីណង់ អ. ម៉ាកូស (Ferdinand R. Marcos Jr.) (ស្ដាំ) ប្រធានាធិបតីហ្វីលីពីន នៅវិមានប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
[អានអត្ថបទជាភាសាអង់គ្លេស៖ Database: Cambodia’s prime minister spent $1.5 million on Facebook boosts]
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រុមមន្ត្រីរបស់លោក ជះលុយរាប់លានដុល្លារឱ្យក្រុមហ៊ុនមេតា (Meta) ក្នុងនោះមាន បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ផ្សព្វផ្សាយសកម្មភាពរបស់លោក ក្នុងរយៈពេល ៣ឆ្នាំ។ អ្នកឃ្លាំមើលសង្គមជំរុញឱ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតទៅលើការចំណាយរបស់លោក ហ៊ុន ម៉ាណែត និងក្រុមមន្ត្រីរបស់លោកនេះ។
របាយការណ៍របស់ក្រុមហ៊ុនមេតា (Meta) ដោយបានកត់ត្រាចំនួនអ្នកបង់លុយឱ្យជួយផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក គិតចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈឆ្នាំ២០២៥ បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំណាយលុយជាង ១លាន ៥សែនដុល្លារ។
គណនីហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត ដែលមានឈ្មោះជាភាសាអង់គ្លេសថា Samdech Thipadei Hun Manet, Prime Minister of Cambodia បានចំណាយលុយទៅលើបណ្ដាញសង្គមហ្វេសប៊ុកឱ្យជួយផ្សព្វផ្សាយអំពីសកម្មភាពការងារដឹកនាំប្រទេស សកម្មភាពប្រចាំថ្ងៃ បទចម្រៀង និងការបង្ហោះសារឆ្លើយតបទៅនឹងអ្នករិះគន់ជាដើម។
ក្រៅពីនេះមន្ត្រីរបស់លោកមួយចំនួនក៏ហ៊ានចំណាយលុយទៅលើបណ្ដាញសង្គមហ្វេសប៊ុកជួយផ្សព្វផ្សាយក្នុងរយៈពេលដូចគ្នានឹងលោក ហ៊ុន ម៉ាណែត។ មន្ត្រីទាំងនោះរួមមាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានចំណាយជាង១ (១,៥) ម៉ឺនដុល្លារ អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានចំណាយជាង ១ (១,៤) ម៉ឺនដុល្លារ និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតដែលបានចំណាយចាប់ពីរាប់ពាន់ដុល្លារដល់រាប់ម៉ឺនដុល្លារ។
អង្គភាពប្រឆាំងអំពើពុករលួយ «គួរស៊ើបអង្កេត»
ជុំវិញករណីនេះ អ្នកអត្ថាធិប្បាយបញ្ហានយោបាយ និងសង្គម លោក គឹម សុខ កត់សម្គាល់ឃើញថា ការបង្ហោះសាររបស់នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត និងមន្ត្រីរដ្ឋាភិបាលមួយចំនួនធ្វើឡើងតាមរយៈនយោបាយប្រជាភិថុតិ ឬការបោកកុហកពលរដ្ឋ។ លោកថាលោក ហ៊ុន ម៉ាណែត និងមន្ត្រីផ្សេងទៀតតែងបង្អួតភាពស្រស់ស្អាត នៃទីក្រុងភ្នំពេញ ការលើកឡើងពីតម្លៃសន្តិភាព ភាពហ៊ឺហារបស់គ្រួសារពួកគេ និងសកម្មភាពផ្សេងទៀតនៅលើបណ្ដាញសង្គម ប៉ុន្តែពួកគេមិនបានលើកយកការស្នើសុំនានា ដែលជាកង្វល់របស់ពលរដ្ឋមកធ្វើការដោះស្រាយនោះទេ។
លោក គឹម សុខ ថា ការចំណាយរបស់ លោក ហ៊ុន ម៉ាណែត និងមន្ត្រីរដ្ឋាភិបាលមួយចំនួនផ្សេងទៀតទៅលើការផ្សព្វផ្សាយនេះគួរតែត្រូវបានស៊ើបអង្កេតដោយអង្គភាពប្រឆាំងអំពើពុករលួយ ព្រោះថាលុយដែលពួកគេបានចំណាយពីរាប់ម៉ឺនដុល្លារដល់រាប់លានដុល្លារនេះអាចបានមកពីអំពើពុករលួយ។
លោក គឹម សុខ ៖«ការផ្សព្វផ្សាយរបស់លោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន មន្ត្រីរបស់ពួកគាត់នៅលើបណ្ដាញសង្គមហ្វ៊េសប៊ុកហ្នឹង គ្រាន់តែបម្រើផលប្រយោជន៍មុខមាត់របស់ពួកគាត់សុទ្ធសាធដូចជាបង្ហោះរូបគ្រួសារ បង្ហោះភាពហ៊ីហារពីអំពើពុករលួយ បង្ហោះសកម្មភាពទិញទឹកចិត្តមនុស្សមួយចំនួនឱ្យទៅសរសើរពួកគាត់ បង្ហោះពីព័ត៌មានបោកប្រាស់ប្រជាពលរដ្ឋទាក់ទងនឹងរបស់ដែលពួកគាត់ហៅថាសន្តិភាព និងការអភិវឌ្ឍន៍ជាដើម ក៏ប៉ុន្តែអត់បង្ហោះពីគោលនយោបាយពិតប្រាកដ និងការប្រតិបត្តិជាក់ស្ដែងឋដើម្បីជួយប្រជាពលរដ្ឋក្រីក្រ ហើយហ្នឹងការពារប្រជាជាតិទេ»។
វិទ្យុអាស៊ីសេរីព្យាយាមសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ ជាច្រើនដង នៅថ្ងៃទី១២ ខែកុម្ភៈ។ វិទ្យុអាស៊ីសេរីក៏មិនអាចទាក់ទងអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ បានទេ នៅនៅថ្ងៃដដែលនេះ។
អត្ថបទដែលទាក់ទង៖
លោក ហ៊ុន សែន លុបចោលទំព័រហ្វេសប៊ុក ក្រោយក្រុមហ៊ុននេះត្រៀមព្យួរគណនីរបស់លោក៦ខែ
អ្នកសិទ្ធិមនុស្សអន្តរជាតិ ស្នើឱ្យក្រុមហ៊ុន មេតា មានវិធានការលើហ្វេសប៊ុកលោក ហ៊ុន សែន ឡើងវិញ
លោក ហ៊ុន សែន ធ្លាប់ថា «មិនប្រើហ្វេសប៊ុកនាំចង្រៃខ្លួន!»
ដោយឡែក ប្រធានព្រឹទ្ធសភា និងជាឪពុករបស់លោក ហ៊ុន ម៉ាណែត គឺលោក ហ៊ុន សែន ក៏ធ្លាប់រងរិះគន់ថា លោកបានជួលមនុស្សក្រីក្រពីប្រទេសឥណ្ឌា (India) និងហ្វីលីពីន (Philippines) ដែលអត់ការងារធ្វើ ឱ្យបង្កើតជាគណនីក្លែងក្លាយ ដើម្បីផ្ដល់មតិចូលចិត្ត។
ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យខ្លឹមសារអនឡាញ (Oversight Board) របស់ក្រុមហ៊ុនមេតា (Meta) កាលពីឆ្នាំ២០២៣ សម្រេចឱ្យក្រុមហ៊ុននេះព្យួរគណនីហ្វេសប៊ុក និងអ៊ីនស្តាក្រាម (Instagram) របស់លោក ហ៊ុន សែន រយៈពេល ៦ខែ ក្រោយក្រុមហ៊ុននេះបានរកឃើញថាលោក ហ៊ុន សែន តែង គំរាមកំហែងដោយហិង្សាទៅលើដៃគូនយោបាយរបស់លោក។
ឌឺដងទៅនឹងសំណើនេះ លោក ហ៊ុន សែន បានប្រកាសថា លោកនឹងលុបចោល ហើយឈប់ប្រើប្រាស់ហ្វេសប៊ុក ហើយងាកទៅប្រើបណ្ដាញសង្គមតិកតុក (TikTok) របស់ចិន និងបណ្ដាញតេឡេក្រាមរបស់រុស្សីវិញ។ ប៉ុន្តែមិនយូរប៉ុន្មាន អតីតជំនួយការរបស់លោកគឺលោក ដួង តារា ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារពាក់ព័ន្ធករណីឆបោកប្រាក់ បានចូលខ្លួនប្រកាសគ្រប់គ្រងហ្វេសប៊ុករបស់លោក ហ៊ុន សែន នោះឡើងវិញ ហើយគណនីហ្វេសប៊ុកដដែលនេះ គឺត្រូវបានលោក ហ៊ុន សែន ប្រើប្រាស់បញ្ចេញព័ត៌មាន និងផ្សព្វផ្សាយអំពីសកម្មភាពរបស់លោក និងគ្រួសាររហូតមកដល់សព្វថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។