ដោយ សុ ជីវី
2025.02.12
RFA

(រូបថតឯកសារ) ទិដ្ឋភាពខាងក្រៅកាស៊ីណូ ក្រោន (CROWN CASINO) របស់លោក កុក អាន ជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា ជាទីតាំងដែលអាជ្ញាធរថៃចោទថា ជាសម្បុករបស់ឧក្រិដ្ឋជនឆបោកតាមអនឡាញ។ រូបពីពលរដ្ឋ
អាជ្ញាធរថៃ បានបន្តកាត់ផ្ដាច់បណ្ដាញអ៊ីនធឺណិត និងរាំងខ្ទប់សេវាទូរស័ព្ទជាបន្តបន្ទាប់ ដែលតភ្ជាប់ចេញចូលទៅក្នុងក្រុងប៉ោយប៉ែត ដែលអាជ្ញាធរថៃចោទថា ជាសម្បុករបស់មេឧក្រិដ្ឋឆបោកតាមអ៊ីនធឺណិត ដែលតែងតែឆបោកពលរដ្ឋថៃ។ អ្នកឃ្លាំមើលរបស់កម្ពុជា យល់ឃើញថា រដ្ឋាភិបាលថៃហាក់មានឆន្ទៈ ក្នុងការប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ជាងរដ្ឋាភិបាលកម្ពុជា ដែលមានការប្ដេជ្ញាតែមាត់។
ខណៈមេដឹកនាំកម្ពុជា ទើបតែគ្រោងបង្កើតគណៈកម្មការដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិតនោះ រដ្ឋាភិបាលថៃឯនេះវិញ កំពុងតែបង្កើនប្រតិបត្តិការ បោសសម្អាតឧក្រិដ្ឋកម្មឆបោកឆ្លងដែន កាន់តែខ្លាំងជាងមុន ទាំងនៅព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ា (Myanmar) និងព្រំដែនកម្ពុជា។
នៅក្នុងប្រតិបត្តិការពិសេសមួយ ដែលមានឈ្មោះថា អារញ្ញ ៦៨ សៀល បរឌ័រ «Aran 68 Seal Border» អាជ្ញាធរថៃបានកាត់ផ្ដាច់បណ្ដាញអ៊ីនធឺណិតល្បឿនលឿនចំនួន ៤ទីតាំង ដែលតភ្ជាប់ទៅកាន់អាគារនៅលើទឹកដីកម្ពុជា ដែលអាជ្ញាធរថៃចោទថា គឺជាទីតាំងរបស់ឧក្រិដ្ឋជនឆបោកតាមអនឡាញ រួមមាន អាគារ ២៥ជាន់ អាគារ ១៨ជាន់ អាគារ ៣ជាន់ និងអាគារភោជនីយដ្ឋាន ហាយសូ ស្កាយបារ (Hi-So Sky Restaurant & Bar)។
អាគារទាំងនេះមានទីតាំងស្ថិតនៅក្នុងបរិវេណ កាស៊ីណូ ក្រោន (CROWN CASINO) របស់លោក កុក អាន ដែលជាសមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។
ក្រៅពីកាត់ផ្ដាច់អ៊ីនធឺណិត អាជ្ញាធរថៃបានកាត់ផ្ដាច់សេវាទូរស័ព្ទ នៅតាមបង្គោលអង់តែនមួយចំនួន ដែលមានកម្ពស់ខ្ពស់ និងបញ្ជូនរលកសញ្ញាហួសចូលទឹកដីកម្ពុជាដល់ទៅជាង ១គីឡូម៉ែត្រ។ ទន្ទឹមគ្នានេះ អាជ្ញាធរថៃ បានធ្វើការត្រួតពិនិត្យ និងបិទប្រតិបត្តិការចំពោះស៊ីមកាតទូរស័ព្ទណាដែលមានប្រតិបត្តិការមិនច្បាស់លាស់ និងមិនបានចុះឈ្មោះ ក្រោយពីរកឃើញករណីឧក្រិដ្ឋជនឆបោកតាមអនឡាញ បានយកស៊ីមទូរស័ព្ទរបស់ក្រុមហ៊ុនទូរគមនាគមន៍ថៃ យកមកប្រើប្រាស់ក្នុងប្រតិបត្តិការឆបោកតាមអនឡាញ។
នៅក្នុងប្រតិបត្តិការនេះ អាជ្ញាធរថៃ បានរកឃើញជនជាតិថៃជាច្រើននាក់ ត្រូវបានឧក្រិដ្ឋជនល្បួង និងខ្លះទៀតជាអ្នកស៊ីឈ្នួល បានយកឯកសារ និងអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួន ទៅបង្កើតគណនីធនាគារខុសច្បាប់ ឱ្យឧក្រិដ្ឋជនឆបោក យកទៅប្រើប្រាស់ក្នុងប្រតិបត្តិការផ្ទេរហិរញ្ញវត្ថុ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធ ប្រឆាំងនឹងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង និងសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា លោក កុក អាន ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១២ ខែកុម្ភៈ។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ថា ការកាត់ផ្ដាច់សេវាទូរគមនាគមន៍ពីខាងប្រទេសថៃ មិនពាក់ព័ន្ធនឹងកម្ពុជា ហើយក៏មិនបានបង្កផលប៉ះពាល់ ដល់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ទេ ពីព្រោះប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់សេវាអ៊ីនធឺណិត និងសេវាទូរស័ព្ទរបស់ប្រតិបត្តិករក្នុងស្រុក ដែលមានអាជ្ញាប័ណ្ណស្របច្បាប់។
ក្រសួងបញ្ជាក់ថា កន្លងមក ក្រសួង បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចាត់ វិធានការច្បាប់ ចំពោះការលួចដំឡើងបណ្ដាញទូរគមនាគមន៍ខុសច្បាប់ នៅតាមខេត្តក្រុង និងតំបន់ជាប់ព្រំដែន ដូចជាការស្ថាបនាបណ្ដាញខ្សែកាបអុបទិក ក្នុងប្រទេស និងឆ្លងដែនដោយគ្មានអាជ្ញាប័ណ្ណ ការលួចបំពាក់ឧបករណ៍ចាប់យកសេវាទូរគមនាគមន៍ខុសច្បាប់ ស្ថានីយអង់តែន (Fake BTS) និងការលួចប្រើប្រាស់សេវាអ៊ីនធឺណិតតាមផ្កាយរណបជាដើម ដែលបម្រើឱ្យសកម្មភាពរបស់កាស៊ីណូ ល្បែងអនឡាញ និងការឆបោកអនឡាញខុសច្បាប់។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា យល់ឃើញថា ប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកឆ្លងដែន របស់អាជ្ញាធរថៃ មានភាពផុលផុស ជាងរដ្ឋាភិបាលកម្ពុជា ដែលមានភាពទន់ជ្រាយ និងគ្មានភាពច្បាស់លាស់ ទោះបីអាជ្ញាធរថៃ បានបង្ហាញពីទីតាំងឆបោកជាក់ច្បាស់ហើយក៏ដោយ។
លោក ស៊ឹង សែនករុណា៖ «រដ្ឋាភិបាលកម្ពុជា គួរមានភាពខ្មាសអៀនជាមួយរដ្ឋាភិបាលថៃ ដែលគេជាប្រទេសជិតខាង គេព្រួយបារម្ភ អំពីពលរដ្ឋគេដែលរងគ្រោះជាមួយអំពើឆបោកតាមអនឡាញេជាមួយកម្ពុជាយើងហ្នឹង។ អ៊ីចឹងយើងក្នុងនាមយើងជាប្រទេសសាមី ត្រូវមានការខ្មាសអៀន ត្រូវខិតខំស្វែងរកជនប្រព្រឹត្តដែលជាមេខ្លោងពិតប្រាកដ ដើម្បីយកមកផ្ដន្ទាទោស។ បើមិនអ៊ីចឹងទេគេនឹងចោទប្រកាន់យើងថា មេដឹកនាំកម្ពុជា ដែលជាអ្នកមានអំណាចគឺជាអ្នកនៅពីក្រោយខ្នង»។
កាលពីថ្ងៃទី៦ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសបង្កើតគណៈកម្មការប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដើម្បីស្ដារមុខមាត់ប្រទេសជាតិឡើងវិញ។ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា គណៈកម្មការនេះ ដឹកនាំដោយលោកផ្ទាល់ និងមានសមាសភាពមកពីក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន រួមទាំងកងកម្លាំងអាវុធហត្ថ និងកម្លាំងកងទ័ពជាដើម។
ទោះជាបែបនេះក្ដី ពលរដ្ឋលើកឡើងថា ការប្ដេជ្ញារបស់លោក ហ៊ុន ម៉ាណែត គឺមានតែទ្រឹស្ដី ព្រោះកន្លងមក មានការចង្អុលបង្ហាញ និងលេចធ្លាយពីករណី និងទីតាំងឆបោកធំៗ ជាច្រើនលើកមកហើយ ប៉ុន្តែអាជ្ញាធរមិនបានចុះកិច្ចអន្តរាគមន៍ ឬស្រាវជ្រាវចាប់ខ្លួនមេខ្លោងធំៗនោះឡើយ។
ពាក់ព័ន្ធនឹងការទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញនេះដែរ ថ្មីៗនេះ រដ្ឋាភិបាលថៃ បានកាត់ផ្ដាច់ការផ្គត់ផ្គង់អគ្គិសនី សេវាអ៊ីនធឺណិត និងការផ្គត់ផ្គង់ប្រេងឥន្ធនៈ នៅក្នុងតំបន់មួយចំនួន នៃទីក្រុង មីយ៉ាវ៉ាឌី (Myawaddy) ក្នុងប្រទេសមីយ៉ាន់ម៉ា (Myanmar) ដែលគេចោទថា ជាទីតាំងរបស់ឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិត។ ហើយថ្មីៗនេះ តុលាការឧក្រិដ្ឋកម្មថៃ បានចេញដីកាចាប់ខ្លួនមន្ត្រីយោធា នៃកងការពារព្រំដែនរដ្ឋការ៉ែន (Karen) (BGF) ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ឱ្យទៅធ្វើការនៅអាគារឆបោក។
អាជ្ញាធរថៃ រកឃើញថា ទីតាំងឆបោកនៅតាមបណ្ដាប្រទេសជាប់ព្រំដែនថៃ មានសរុបចំនួន ៧៥ទីតាំង រួមមាន នៅប្រទេសមីយ៉ាន់ម៉ា មានចំនួន ៤០ទីតាំង នៅកម្ពុជាមាន ៣០ទីតាំង និងឡាវ (Laos) មានចំនួន ៥ទីតាំង។ ក្នុងនោះ ទីតាំងឆបោកនៅកម្ពុជា ភាគច្រើនប្រមូលផ្ដុំនៅជាប់ព្រំដែន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។