កម្ពុជា
14/03/2025 – 09:35
ដោយ៖ សាំ ឧត្តម
RFI
រដ្ឋាភិបាលកម្ពុជាបានសម្រេចចុងក្រោយឲ្យក្រុមហ៊ុន EnerCam Resource បន្តគម្រោងអភិវឌ្ឍន៍បូមយកប្រេង និងឧស្ម័នលើច្រាំងសមុទ្រប្លុក៨ (Block VII) ក្នុងបាសាំងកំពង់សោម ស្ថិតក្នុងខេត្តភាគនិរតីប្រទេសកម្ពុជា។ នេះបើតាមសម្តីរបស់នាយកប្រតិបត្តិក្រុមហ៊ុន Angkor Resource ដែលជាក្រុមហ៊ុនមេ ចុះផ្សាយដោយគេហទំព័រ Offshore Technology នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។ តាមនាយកប្រតិបត្តិក្រុមហ៊ុន Angkor Resource រដ្ឋាភិបាលកម្ពុជាបានផ្តល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន EnerCam Resource រយៈពេល៣០ឆ្នាំ។
EnerCam ទទួលបានសិទ្ធិ៣០ឆ្នាំក្នុងការបូមប្រេង និងឧស្ម័នក្នុងប្លុក៨លើទឹកដីកម្ពុជា
លោកស្រី Delayne Weeks នាយកប្រតិបត្តិក្រុមហ៊ុន Angkor Resource បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានយល់ព្រមឲ្យក្រុមហ៊ុន EnerCam Resource ដែលមកពីប្រទេសកាណាដាទទួលបានសិទ្ធិបន្តអភិវឌ្ឍន៍រយៈពេល៣០ឆ្នាំ ដើម្បីរុករកប្រេង និងឧស្ម័នលើច្រាំងសមុទ្រប្លុក៨ ប្រវែង៧ ៣០០គីឡូម៉ែត្រការ៉េ ក្នុងទឹកដីខេត្តកំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត និងកែប។
តែជាដំបូង ក្រុមហ៊ុន EnerCam Resource ត្រូវចាប់ផ្តើមវាយតម្លៃពីកម្រិតផលប៉ះពាល់ដល់បរិស្ថាន ដោយធ្វើការវិភាគទិន្នន័យខ្សែរញ្ជួយដីកម្រិត 2D ចំនួន៣៥០គីឡូម៉ែត្រនារដូវប្រាំង។ ចំណែកការវិភាគទិន្នន័យទាំងមូលនឹងធ្វើឡើងក្នុងរដូវវស្សា ហើយបន្ទាប់មក ក្រុមហ៊ុននឹងអាចសម្រេចចិត្តបានថាតើត្រូវខួងអណ្តូងរុករក ឬក៏ត្រូវការវិភាគទិន្នន័យ រញ្ជួយដីកម្រិត 3D បន្ថែមទៀតឬអត់។
ទោះយ៉ាងណា នាយកប្រតិបត្តិក្រុមហ៊ុន Angkor Resource សន្យាផ្តល់ផលប្រយោជន៍ដល់កម្ពុជា តាមរយៈការប្រែក្លាយពីប្រទេសដែលពឹងផ្នែកលើការនាំចូលប្រេង និងឧស្ម័នទៅជាប្រទេសដែលឯករាជ្យថាមពល និងអាចឈានដល់ការនាំចេញទៅលក់នៅក្រៅប្រទេសថែមទៀតផង។ ក្នុងកុងត្រារយៈពេល៣០ឆ្នាំ ក្រុមហ៊ុន EnerCam Resource នឹងក្លាយជាក្រុមហ៊ុនតែមួយគត់ដែលកាន់កាប់លើប្រតិបត្តិការរុករកប្រេង និងឧស្ម័នរហូតដល់ការផលិត។
តែលោកស្រី Delayne Weeks មិនបានបញ្ជាក់លម្អិតលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងរដ្ឋាភិបាលនោះទេ ដោយគេពុំដឹងច្បាស់ថា តើក្នុងមួយឆ្នាំ រដ្ឋាភិបាលកម្ពុជាតម្រូវឱ្យក្រុមហ៊ុន EnerCam Resource ប្រូមប្រេង និងឧស្ម័នក្នុងកម្រិតបរិមាណប៉ុន្មាន និងត្រូវបែងចែកគ្នាដោយរបៀបណា។ ជុំវិញការផ្តល់សិទ្ធិរយៈ៣០ឆ្នាំឲ្យក្រុមហ៊ុន EnerCam Resource ពេលនេះ លោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនៅពុំទាន់ឆ្លើយតបយ៉ាងណាទេ គិតត្រឹមរសៀលថ្ងៃទី១៤ ខែមីនា។

គួរជម្រាបថា នៅកម្ពុជា តំបន់សម្រាប់រុករកប្រេងត្រូវបានបែងចែកជា២៥ប្លុក ក្នុងនោះ៦ប្លុកនៅក្នុងសមុទ្រ និង១៩ប្លុកផ្សេងទៀតនៅលើដីគោក។ ក្នុងនោះ បាសាំងកំពង់សោមត្រូវបានកំណត់អត្តសញ្ញាណជាបាសាំងដីគោកលើកដំបូងក្នុងឆ្នាំ ២០១៦ ដោយក្រុមអ្នកស្រាវជ្រាវភូមិសាស្ត្រដាណឺម៉ាកដែលគ្របដណ្តប់លើខេត្តកំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត និងកែប លើផ្ទៃដី៧ ៣០០គីឡូម៉ែត្រ។ បាសាំងកំពង់សោម គឺជាទីតាំងមួយដែលក្រុមអ្នកជំនាញសង្ស័យថា មានប្រេង និងឧស្ម័នច្រើន ដែលមិនខុសពីអណ្តូងប្រេងអប្សរា ឬហៅថា ប្លុកអប្សារនោះទេ៕