ប្រជាពលរដ្ឋកំពុងរង់ចាំបោះឆ្នោត នៅការិយាល័យបោះឆ្នោតមួយ ក្នុងខេត្តកណ្តាល កាលពីការបោះឆ្នោតឃុំ សង្កាត់់ ឆ្នាំ ២០១៧។ ហេង ជីវ័ន
Mon, 11 June 2018
នៀម ឆេង
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប កំពុងត្រៀមលិខិតផ្លូវការទៅក្រសួងការងារ ដើម្បីស្នើឲ្យក្រសួងមួយនេះ ជួយសម្រួលដល់កម្មករ កម្មការិនី បានទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា បន្ទាប់ពី គ.ជ.ប កាលពីថ្ងៃទី ៨ ខែមិថុនា បានចេញសេចក្តីអំពាវនាវ ឲ្យរោងចក្រសហគ្រាស បង្កលក្ខណៈងាយស្រួល ដល់កម្មករ កម្មការិនី ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខ។
លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានថ្លែងកាលពីម្សិលមិញថា គ.ជ.ប កំពុងត្រៀមលិខិតស្នើទៅក្រសួងការងារ ឲ្យជួយសម្រួលដល់កម្មករ កម្មការិនី ឲ្យមានភាពងាយស្រួល ក្នុងការចូលរួមការបោះឆ្នោត។ ប៉ុន្តែលោកថា គ.ជ.ប នឹងធ្វើទៅតាមច្បាប់បោះឆ្នោត ដោយស្នើឲ្យរោងចក្រសហគ្រាសទាំងអស់ កុំបង្ខំឲ្យកម្មករ កម្មការិនី ធ្វើការថែមម៉ោងនៅថ្ងៃអាទិត្យទី ២៩ ខែកក្កដា។
លោកថ្លែងថា៖ «យើងធ្លាប់បានធ្វើហើយកន្លងមក នៅមុនការបោះឆ្នោត ដូច្នេះយើងបន្តធ្វើទៀត ហើយខ្លឹមសារដែលជម្រាបទៅក្រសួងការងារ ខាងជំនាញបានរៀបចំរួចរាល់ហើយ។ យើងសង្ឃឹមថា ក្រសួងការងារ នឹងជួយផ្សព្វផ្សាយបន្ថែមទៀត ទាក់ទងនឹងការអំពាវនាវរបស់ គ.ជ.ប ឲ្យរោងចក្រសហគ្រាស ធ្វើយ៉ាងណា ឲ្យកម្មករបានទៅបោះឆ្នោតគ្រប់ៗគ្នា»។
លោកបញ្ជាក់ថា៖ «ការអំពាវនាវនេះ មានខ្លឹមសារដូចការអំពាវនាវឆ្នាំ ២០១៧។ មូលហេតុថា យើងអត់មានច្បាប់ឈប់សម្រាកសម្រាប់ទៅបោះឆ្នោតទេ។ ប៉ុន្តែដោយសារតែការបោះឆ្នោត ធ្វើនៅថ្ងៃអាទិត្យ ជាថ្ងៃសម្រាកជាទូទៅ ចឹងការអំពាវនាវនេះ គឺឲ្យម្ចាស់រោងចក្រ សហគ្រាស កុំយកថ្ងៃអាទិត្យ ធ្វើជាថ្ងៃតម្រូវឲ្យកម្មករមកធ្វើការ។ មូលហេតុយើងអត់កំណត់ថាឲ្យឈប់សម្រាកដោយសារច្បាប់យើងថ្មីមិនដូចមុនទេ»។
លោកពន្យល់ថា អ្នកបោះឆ្នោត អាចបោះឆ្នោតនៅកន្លែងដែលគាត់រស់នៅ មិនចាំបាច់ធ្វើដំណើរទៅស្រុកកំណើតទេ។
បើតាម លោក សោម សូរីដា កាលពីបោះឆ្នោតឆ្នាំ២០១៣ កម្មករដែលត្រូវទៅបោះឆ្នោតខេត្តឆ្ងាយ អាចឈប់មួយថ្ងៃមុននិងមួយថ្ងៃក្រោយថ្ងៃបោះឆ្នោត ប៉ុន្តែអាណត្តិនេះ មិនមានការអនុញ្ញាតដូច្នេះទេ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ មិនអាចសុំការបញ្ជាក់អំពីអ្វីដែល គ.ជ.ប នឹងស្នើសុំទេ កាលពីម្សិលមិញ។ ទោះយ៉ាងណា អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក កាំង ម៉ូនីកា បានថ្លែងថា សមាគមលោកនឹងជួយផ្សព្វផ្សាយដល់រោងចក្រ ដែលជាសមាជិករបស់ខ្លួន ឲ្យអនុញ្ញាតឲ្យកម្មករបានទៅបោះឆ្នោតតាមការស្នើសុំរបស់ក្រសួងការងារ។
សេចក្តីអំពាវនាវរបស់ គ.ជ.ប ដែលចេញកាលពីថ្ងៃទី ៨ខែមិថុនា បានសរសេរថា៖ «ដើម្បីឲ្យប្រជាពលរដ្ឋ ប្រើប្រាស់សិទ្ធិរបស់ខ្លួន ស្របតាមច្បាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវ ចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមជួយសម្រួល និងបង្កលក្ខណៈងាយស្រួលអនុញ្ញាតឲ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅមក ដើម្បីឲ្យបានបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅតាមឃុំ សង្កាត់ដែលខ្លួនបានចុះឈ្មោះបោះឆ្នោត»។
លោក Choong Wei Piau អ្នកចាត់ការទូទៅ នៃរោងចក្រកាត់ដេរ Quality Textiles Co.LtD នៅក្នុងសង្កាត់ចោមចៅបានថ្លែងកាលពីម្សិលមិញថា លោកមិនទាន់បានឃើញការអំពាវនាវរបស់ គ.ជ.ប ទេ។ ប៉ុន្តែលោកថ្លែងថា៖ «យើងនឹងធ្វើស្របតាមច្បាប់។ កាលពីបោះឆ្នោតលើកមុន គឺយើងធ្វើដូចគ្នាដែរ»។
ចំណែក លោក ស ប៊ុនធឿន តំណាងរោងចក្រកាត់ដេរ Cambo Handsome Ltd. ដែលមានកម្មករជាង ៦ ពាន់នាក់ បានថ្លែងថា លោកមិនទាន់បានឃើញលិខិតផ្លូវការទេ ប៉ុន្តែលោកបានទទួលសារតាមទូរស័ព្ទពី គ.ជ.ប ដែលលើកទឹកចិតុ្តឲ្យរោងចក្រ សម្រួលដល់កម្មករ កម្មការិនីអាចទៅបោះឆ្នោតបាន។
លោក ប៊ុនធឿន ថ្លែងនៅថ្ងៃទី ១១ ខែមិថុនាថា៖ «ខ្ញុំបានទទួលសារតាមទូរស័ព្ទមុនម៉ោងបាយព្រឹកមិញ ឃើញគេដាក់ថា NEC ហើយមានសារសរសេរជាភាសាខ្មែរ ថាឲ្យថៅកែរោងចក្រជួយសម្រួល ខ្ញុំទទួលបានតែប៉ុណ្ណឹង»។ លោកបន្តថា ក្នុងនាមជាតំណាងរោងចក្រ លោកមិនមានសិទ្ធិសម្រេចទេ សិទ្ធិសម្រេច គឺនៅលើថៅកែរោងចក្រ។
លោកនិយាយថា៖ «ថៅកែ បើអត់មានលិខិតពីក្រសួង ប្រកាស ឬសេចក្តីជូនដំណឹងពីក្រសួងទេ ប្រហែលជាពិបាកហើយ»។ លោកបន្តថា បើសិនបើអំពាវនាវ ឲ្យពលរដ្ឋដែលនៅ ឆ្ងាយអាចឈប់សម្រាកមួយថ្ងៃ ឬពីរថ្ងៃ ក្រៅពីថ្ងៃអាទិត្យ ២៩ កក្កដា នោះ ប្រហែលជាមិនអាចទៅរួចទេ បើសិនគ្មានសេចក្តីជូនដំណឹង ឬប្រកាសផ្លូវការ ពីក្រសួងការងារ ពីព្រោះវាខាតប្រយោជន៍រោងចក្រ»។
លោក ប៊ុនធឿន ថ្លែងថា លោកនៅចាំបានថា កាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ ២០១៣ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ ២០១៧ មិនមានការជូនដំណឹងរបស់ក្រសួងទេ។
លោក យឿង សុធារ៉ា អ្នកជំនាញច្បាប់បោះឆ្នោតម្នាក់ថ្លែងថា ការអំពាវនាវរបស់ គ.ជ.ប មិនមានអ្វីខុសទេព្រោះ គ.ជ.ប ត្រូវជំរុញពលរដ្ឋឲ្យទៅបោះឆ្នោត និងឲ្យពលរដ្ឋយល់ពីការបោះឆ្នោត។
ប៉ុន្តែលោកថា វាក៏ទំនងជាធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដែលអំពាវនាវពលរដ្ឋកុំឲ្យទៅបោះឆ្នោត។ លោកថ្លែងថា ចំនួនអ្នកទៅបោះឆ្នោតច្រើន មានសារៈសំខាន់ សម្រាប់ប្រទេសដែលលទ្ធិប្រជាធិបតេយ្យកំពុងអភិវឌ្ឍន៍ ប៉ុន្តែចំនួននេះមិនសូវសំខាន់ទេ សម្រាប់ប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យមានភាពចាស់ទុំ។
លោក សុធារ៉ា ថ្លែងថា៖ «ការចូលរួមការបោះឆ្នោតឲ្យបានកាន់តែច្រើនកាលណា គឺវាល្អសម្រាប់គណបក្សដែលចូលរួមប្រកួតប្រជែង ជាពិសេស គណបក្សកាន់អំណាច នៅតែត្រូវការភាពស្របច្បាប់ ដើម្បីបញ្ជាក់ថា អត្រាអ្នកចេញទៅបោះឆ្នោតនៅតែសំខាន់ ដើម្បីបញ្ជាក់ពីការគាំទ្រគណបក្សរបស់គាត់»៕
Contact author: នៀម ឆេង