ដោយ សុជីវី
2022.07.24
RFA
រោគសញ្ញារបស់អ្នកជម្ងឺអុតស្វាដែលបង្ហាញដោយក្រសួងសុខាភិបាលកម្ពុជា។ រូប៖ ក្រសួងសុខាភិបាល
ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បង្ការការចម្លងជំងឺអុតស្វា (Monkeypox)។
បើតាមក្រសួងសុខាភិបាល សម្រាប់ករណីសង្ស័យ ឬករណីឈឺ ដោយមានរោគសញ្ញាដូចជា ចេញកន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួន បាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្តៅខ្លួនលើសពី ៣៨,៥ អង្សាសេ និងមានឈឺក្បាល ហើមកូនកណ្តុរ ឈឺសាច់ដុំ និងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង ត្រូវដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែក ដើម្បីធ្វើការពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យជំនាញភ្លាមៗ ឬអាចបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិត។ ទន្ទឹមនឹងនេះ ត្រូវតាមដានរកអ្នកឆ្លងបន្តតាមរយៈអ្នកនៅជុំវិញ ជាពិសេសក្រុមគ្រួសារ ឬសាច់ញាតិ ឬអ្នកប៉ះពាល់ផ្សេងៗ។
ពលរដ្ឋត្រូវអនុវត្តនូវអនាម័យខ្លួនប្រាណ និងរស់នៅស្អាត ដោយធ្វើអនាម័យដៃស្អាតជាមួយសាប៊ូ ឬជែលអាល់កុល និងអនុវត្តការការពារការចម្លងតាមផ្លូវដង្ហើម ជាដើម។ ជៀសវាងការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺ ឬបុគ្គលសង្ស័យ រួមទាំងការរួមភេទ ជាពិសេសការប៉ះពាល់ស្បែក កន្លែងដែលមានចេញពងទឹកបែក ឬសម្ភារៈប្រើប្រាស់របស់អ្នកជំងឺជាដើម។
ការក្រើនរំលឹកនេះ ធ្វើឡើងស្របពេលដែលកម្ពុជាបានរកឃើញករណីជនជាតិនីហ្សេរីយ៉ា (Nigerian) ម្នាក់ដែលអាជ្ញាធរថៃបានធ្វើរោគវិនិច្ឆ័យថាមានជំងឺអុតស្វា ហើយបុរសរូបនេះបានរត់គេចខ្លួនចូលមកកម្ពុជា។ បច្ចុប្បន្ន បុរសជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវក្រសួងសុខាភិបាលបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីយប់ថ្ងៃទី២៣ ខែកក្កដា ក្រោយក្រសួងបានរកឃើញបុរសរូបនេះកាលពីយប់ថ្ងៃដដែល។
អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ឌឌីន បញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ថា គិតត្រឹមរសៀលថ្ងៃទី២៤ ខែកក្កដា កម្ពុជាមិនទាន់មានករណីឆ្លងជំងឺអុតស្វា ពីបុរសជនជាតិនីហ្សេរីយ៉ានៅឡើយទេ។ អ្នកស្រីថា ក្រសួងបានរកឃើញអ្នកដែលពាក់ព័ន្ធនឹងបុរសរូបនេះចំនួន ៥នាក់។ ក្រសួងបានណែនាំឱ្យពួកគេនៅដាច់ដោយឡែកដើម្បីតាមដានសុខភាព និងរង់ចាំលទ្ធផលបញ្ជាក់ផ្លូវការ។
បើតាមអង្គការសុខភាពពិភពលោក (WHO) នៅទូទាំងពិភពលោក គិតចាប់ពីថ្ងៃទី១ ខែមករា មក ជំងឺអុតស្វាត្រូវបានរកឃើញកើតមានលើមនុស្សចំនួនជិត ១ម៉ឺន៦ពាន់ (១៥.៧៣៤) ករណី និងស្លាប់សរុបចំនួន ៥នាក់ នៅតាមបណ្តាប្រទេសចំនួន ៧៥ប្រទេសក្នុងតំបន់ចំនួន ៥ ដូចជានៅតំបន់អឺរ៉ុប តំបន់អាមេរិក អាហ្រិក មេឌីទែរ៉ាណេខាងកើត និងនៅអាស៊ីប៉ាស៊ីហ្វិកខាងលិច។ អង្គការសុខភាពពិភពលោក កាលពីថ្ងៃទី២៣ ខែកក្កដា បានប្រកាសដាក់ភាពអាសន្នសុខភាពសាធារណៈនៃជំអឺរាតត្បាតអុតស្វានៅលើសាកលលោក និងជំរុញឱ្យប្រទេសទាំងអស់បង្កើនការយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការសុខាភិបាលឱ្យបានហ្មត់ចត់។
កម្ពុជានៅមិនទាន់ដាក់ចេញវិធានការហាមឃាត់អ្នកដំណើរមកពីប្រទេសណាមួយចូលមកកម្ពុជានៅឡើយទេ គ្រាន់តែមានការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពអ្នកដំណើរចូលមកកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។