តាមសេចក្តីជូនដំណឹង នៅថ្ងៃទី៣០-៣១ ខែសីហា ឆ្នាំ២០១២នេះ សាលាក្តីខ្មែរក្រហមនឹងបើកសវនាការ ទាក់ទិននឹងស្ថានភាពកាយសម្បទា និងបញ្ញាស្មារតីរបស់ អៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីសង្គមកិច្ច នៃរបបខ្មែរក្រហម ក្នុងការចូលរួមសវនាការ។
ដោយ ៖ FPM
August 30, 2012
តាមសេចក្តីជូនដំណឹងដដែល នៅថ្ងៃនេះ សវនាការនឹងស្តាប់របាយការណ៍វាយតម្លៃរបស់អ្នកជំនាញវេជ្ជសាស្រ្តដែលត្រូវបានចាត់តាំងដោយសាលាក្តីខ្មែរក្រហមឲ្យទទួលខុសត្រូវពិនិត្យស្ថានភាពកាយសម្បទាន និងបញ្ញាស្មារតីរបស់ អៀង ធីរិទ្ធ នាពេលថ្មីៗនេះ បន្ទាប់ពីគាត់បានទទួលការព្យាបាលបន្ថែម។
អៀង ធីរិទ្ធ ភរិយារបស់ អៀង សារី ដែលជាអតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច នៃរបបខ្មែរក្រហម ត្រូវបានសាលាក្តីខ្មែរក្រហមធ្វើការចោទប្រកាន់ក្នុងសំណុំរឿង០០២ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា។ ប៉ុន្តែកាលពីដើមឆ្នាំនេះ តុលាការបានដកឈ្មោះ អៀង ធីរិទ្ធ ចេញពីបញ្ជីឈ្មោះជនត្រូវចោទក្នុងសំណុំរឿង០០២វិញ ព្រោះតែជនត្រូវចោទរូបនេះមានបញ្ហាផ្នែកស្មារតី។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សាលាក្តីខ្មែរក្រហមបានអះអាងថា ខ្លួននឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីនាំជនត្រូវចោទរូបនេះមកកាន់សវនាការក្នុងសំណុំរឿង០០២៕
