អ្នកជំនាញ​យល់ថា អាការៈ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ ធ្ងន់ធ្ងរ តែ​សាក្សី​យល់​ឃើញ​ផ្ទុយ​ពីនេះ​

ភ្នំពេញ: ក្រុមគ្រូពេទ្យ​ជាតិ និង​អន្តរជាតិ ផ្នែក​វិកល​វិទ្យា ដែល​ជា​អ្នកជំនាញ ក្នុង​ការវាយតម្លៃ​លើ​អាការៈ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ អាយុ ៨០ ឆ្នាំ ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច សម័យ​ខ្មែរក្រហម បាន​លើកឡើង​ថា ស្ថានភាព​ជំងឺ​វង្វេងវង្វាន់​របស់​លោក​ស្រី អៀង​ធីរិទ្ធ នៅពេលនេះ មិន​បាន​ធូរស្រាល​ទេ​។ ក៏​ប៉ុន្តែ​សាក្សី ដែល​ជា​វេជ្ជបណ្ឌិត​ផ្នែក​វិកល​វិទ្យា ជា​គ្រូពេទ្យ​កម្ពុជា បាន​យល់​ឃើញ​ផ្ទុយ​ពី​នេះ​។​

ថ្ងៃទី 30 សីហា 2012
ដោយ: សុខ ភក្តី
CEN

​ក្នុង​បន្ទប់​សវនាការ នៅ​តុលាការ​ខ្មែរក្រហម នា​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១២ លោក​វេជ្ជបណ្ឌិត ស៊ីណា ហ្វា​ហ្សែ​ល ( Seena Fazel ) អ្នកជំនាញ​ឯកទេស វាយតម្លៃ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ ដែល​មាន​វេជ្ជបណ្ឌិត ៤ រូប បាន​លើកឡើង​ថា ការ​វាយតម្លៃ​ជា​ថ្មី​របស់​ក្រុម​វេជ្ជបណ្ឌិត អ្នកជំនាញ​វិកល​ចរិក និង​ជំនាញ​មនុស្ស​ចាស់ បាន​លើកឡើង​ថា មកដល់ពេលនេះ អាការៈ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ គ្មាន​ការធូរស្រាល​ណាមួយ​ទេ ទោះបីជា​មាន​ការព្យាបាល​អស់​រយៈពេល ៦ ខែ​មក​ហើយ​ក៏​ដោយ​។​

​ក៏​ប៉ុន្តែ​លោកស្រី ចក់ ធីតា វេជ្ជបណ្ឌិត ឯកទេស​វិកល​វិទ្យា និង​ជា​អនុប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​ទីក្រុង​ភ្នំពេញ បាន​លើកឡើង​ថា លោកស្រី អៀង ធីរិទ្ធ មិន​បាន​បង្ហាញ​រោគសញ្ញា​ណាមួយ ដែល​ជា​ជំងឺ​វង្វេងវង្វាន់​នោះទេ​។​

​អំណះអំណាង​របស់​ក្រុម​វេជ្ជបណ្ឌិត ជា​អ្នកជំនាញ និង​សាក្សី​ខាងលើនេះ បាន​ធ្វើឡើង ក្នុង​សវនាការ​សាជាថ្មី របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម លើ​កាយសម្បទា និង​បញ្ញា​ស្មារតី លោកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​ខ្មែរក្រហម​។​

​អង្គ​សវនាការ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០ និង​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១២ ធ្វើឡើង ដើម្បី​ស្តាប់​ការវាយតម្លៃ​របស់​អ្នកជំនាញ​វេជ្ជសាស្ត្រ លើ​ស្ថានភាព​កាយសម្បទា និង​បញ្ញា​ស្មារតី​របស់​លោកស្រី អៀង ធីរិទ្ធ នៅ​ក្នុង​ការចូលរួម​កា​រ​ជំនុំជម្រះ​ក្តី​។​

​ក្នុង​បន្ទប់​សវនាការ​របស់​តុលាការ​ខ្មែរក្រហម នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១២ រួមមាន​៖ ភាគី​សហ​ព្រះរាជអាជ្ញា ភាគី​មេធាវី​ដើម​បណ្តឹងរដ្ឋប្បវេណី ការពារ​ជន​រងគ្រោះ និង​ភាគី​មេធាវី​ការពារ​លោកស្រី​អៀង​ធីរិទ្ធ​។​

​អ្នកជំនាញ​វេជ្ជសាស្ត្រ​ជាតិ និង​អន្តរជាតិ ៣ រូប គឺ​លោក​វេជ្ជបណ្ឌិត ហួត លីន​ណា លោក​វេជ្ជបណ្ឌិត ស៊ីណា ហ្វា​ហ្សែ​ល ( Seena Fazel ) និង​លោក​សាស្ត្រាចារ្យ​ជំនាញ​មនុស្ស​ចាស់ ច​ន ខាំ​ប៊ែល ( John Campbell ) បាន​បង្ហាញខ្លួន ក្នុង​បន្ទប់​សវនាការ ដើម្បី​ផ្តល់​នូវ​របាយការណ៍​វាយ​តម្លៃ​របស់​ខ្លួន លើ​អាការ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ​។​

​អង្គុយ​ចំពោះមុខ​អង្គការ​សវនាការ នៅ​ព្រឹក​នេះ ក៏​មាន​សាក្សី​ម្នាក់ គឺ​លោកស្រី ចក់ ធីតា ជា វេជ្ជបណ្ឌិត ឯកទេស​វិកល​វិទ្យា និង​ជា​អនុប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ផ្តល់​នូវ​សក្ខីកម្ម អំពី​ស្ថានភាព​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ ផងដែរ​។ លោកស្រី​វេជ្ជបណ្ឌិត ចក់ ធីតា បាន​ចូលរួម​ពិនិត្យ​អាការ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ ចាប់តាំងពី​ខែ​កុម្ភៈ ឆ្នាំ​២០១១​។​

​ចំណែក​លោក​ស្រី អៀង ធីរិទ្ធ រួមទាំង​លោក​អៀង​សារី ដែលជា​ស្វាមី​របស់​លោកស្រី មិន​បាន​បង្ហាញខ្លួន ក្នុង​បន្ទប់​សវនាការ​ទេ តែ​ពួកគាត់​ទាំងពីរ ដែល​កំពុង​មាន​ជំងឺ ត្រូវបាន​គេ​អះអាងថា កំពុង​តាមដាន​សវនាការ​នៅ​ថ្ងៃនេះ​ដែរ តែ​ធ្វើ​ឡើង​តាមរយៈ​កញ្ចក់​ទូរទស្សន៍ ដែល​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់ ចេញពី​បន្ទប់​សវនាការ​។​

​មាន​អាយុ ៨០ ឆ្នាំ លោកស្រី អៀង ធីរិទ្ធ ត្រូវបាន​ក្រុម​គ្រូពេទ្យ​ជាតិ និង​អន្តរជាតិ បាន​អះអាង​កាលពី​ចុងឆ្នាំ​២០១១ ថា លោកស្រី មាន​ជំងឺ​វង្វេងវង្វាន់ ឬ​អាចជា​ជំងឺ​បាត់​ការចងចាំ ដែល​មិន​អាច​នាំមក​កាត់ទោស ក្នុង​សំណុំរឿង​០០២ ជាមួយនឹង​លោក អៀង សារី លោក​ខៀវ​សំផន និង​លោក នួន​ជា បានឡើយ​។​

​ក៏​ប៉ុន្តែ​ក្រោយមក អង្គជំនុំជម្រះ​របស់​តុលាការ​កំពូល នៅ​តុលាការ​ខ្មែរក្រហម បាន​កំណត់​ឲ្យមាន​ការ​ព្យាបាល​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ រយៈពេល ៦ ខែ គិត​មកដល់ពេលនេះ​។ ដូច្នេះ​នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១២ ក្រុមគ្រូពេទ្យ និង​អ្នកជំនាញ ត្រូវ​បង្ហាញ​របាយការណ៍​ថ្មី​ចុង​ក្រោយ​ពី​ស្ថានភាព​របស់​ជំងឺ​លោកស្រី អៀង ធីរិទ្ធ​៕​

What Next?

Recent Articles