ភូមិនំបញ្ចុកឆ្ងាញ់

តាំងពីដើមរៀងមក ផលិតផល ប្រើប្រាស់ផ្សេងៗ ក៏ដូចជា ចំណីអាហារ ខ្មែរយើងតែង បញ្ជាក់អំពី អត្តសញ្ញាណ ទីតាំងភូមិសាស្ត្រ ភូមិស្រុក នីមួយៗ ឧទាហរណ៍ ដូចជា ណែមសាច់ត្រី របស់អ្នកខេត្ត បាត់ដំបង ស្ករត្នោត នៅខេត្ត កំពង់ស្ពឺ ក្រឡានឆ្ងាញ់ របស់អ្នកភូមិ អូរស្ងួត ខេត្ត បន្ទាយមានជ័យ ជាដើម ។ ជាមួយគ្នានោះ នៅឯខេត្ត សៀមរាប ទឹកដីអង្គរ នៃយើង ឯណោះវិញ ក៏មាន ភូមិស្រុក មួយចំនួន មានផលិតផល ផ្ទាល់ខ្លួន ផងដែរ ដូចជាភូមិ ព្រះដាក់ ល្បីខាង នំបញ្ចុកឆ្ងាញ់ ជាដើម ។

Written by ភ្នំពេញដេលីញូវ
Thursday, 13 September 2012

ព្រះដាក់ជាភូមិមួយ ស្ថិតនៅក្នុង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី និង នៅខាងលិច ឆៀងខាងត្បូង នៃខេត្តសៀមរាប ហើយក៏ជា ចំណុចកណ្តាល រវាងក្រុង សៀមរាប និង ប្រាសាទ បន្ទាយស្រី ផងដែរ ដែលមានចម្ងាយ ពីទីក្រុង សៀមរាប ប្រមាណ ដប់ប្រាំ គីឡូម៉ែត្រ ។ ចំពោះ អ្នកសៀមរាប ឬ ភ្ញៀវទេសចរ ដែលឧស្សាហ៍មក ទស្សនា ក្រុងអង្គរ បើសិន ជានិយាយអំពី ភូមិព្រះដាក់ ប្រាកដជា នឹកដល់ នំបញ្ចុកឆ្ងាញ់ ជាមិនខាន ។ នៅពេល ធ្វើដំណើរ ដល់ចំណុច ផ្លូវបំបែក ឆ្ពោះទៅ ប្រាសាទ បន្ទាយស្រី នោះនឹងបាន ឃើញ តូបលក់ នំបញ្ចុក ដែលសង់ ជាប់ៗគ្នា ជាជួរ មានភ្ញៀវ ប្រុសស្រី ចេញចូល ទទួលទាន មិនដែល ដាច់ឡើយ ទីនោះហើយ ដែលអ្នកផង តែងល្បីថា នំបញ្ចុក ឆ្ងាញ់នោះ ។

អ្នកលក់នំបញ្ចុក ឆ្ងាញ់ម្នាក់ ដែលចាប់ផ្តើម លក់នំបញ្ចុក នៅទីនេះ ដំបូងគេ គឺបង ស្រី ខន ស្តើង បានប្រាប់ ឱ្យដឹងថា គាត់បាន ប្រកបរបរលក់ នំបញ្ចុក នេះ ជាងដប់ប្រាំ ឆ្នាំមកហើយ ហើយមិនថា តែនៅទីនេះទេ សូម្បីនៅ សៀមរាប នរណា ក៏ល្បីថា នំបញ្ចុក របស់គាត់ ឆ្ងាញ់ដែរ ។ អ្នកលក់រូបនេះ បានរៀបរាប់ ឱ្យដឹងថា ដើមឡើយនៅ ភូមិនេះ មានអ្នកលក់ តែពីរនាក់ ប៉ុណ្ណោះ លុះក្រោយមក ក៏បែកតៗគ្នា រហូតដល់ ជាងដប់តូប ។ ដៃកំពុងចាប់ ចង្វាយនំបញ្ចុក ដាក់ចានស្រូប ទឹកសម្លជូនភ្ញៀវ អ្នក លក់ សម្តីផ្អែម ថែមទាំង រួសរាយរូបនេះ បានឆ្លៀតងាក មករៀបរាប់ បន្តថា អ្នកសៀមរាប នរណាក៏ល្បីថា នំបញ្ចុកនៅ ព្រះដាក់នេះ ឆ្ងាញ់ដែរ ហើយបើ ធ្វើដំណើរ ឆ្លងកាត់ កម្រនឹងមាន ភ្ញៀវណា ជិះហួស មិនចូលហូប នំបញ្ចុក ទីនេះ ណាស់ សូម្បីតែ ភ្ញៀវ បរទេស ។ បងស្រីបាន បង្ហើបឱ្យ ដឹងថា អ្នកលក់នៅទី នេះ គឺបញ្ជាន់ម្សៅ ធ្វើនំខ្លួនឯង ហើយទាក់ទង ទៅនឹងរសជាតិ ដែលធ្វើឱ្យ នំបញ្ចុក ព្រះដាក់នេះ ល្បីថាឆ្ងាញ់នោះ គាត់បានប្រាប់ ពីរបៀបស្លទឹក សម្លនំបញ្ចុក ថា ដំបូងឡើយ ត្រូវយកដូង ដែលកោសរួច ពូតយកក្បាលខ្ទិះ រួចយកត្រី ដែលស្ងោរ រួចមកបុកដាក់ ជាមួយខ្ទិះ ដូង ដាក់គ្រឿងចូល ជ្រំប្រហុក ថែមទឹកត្រី ស្ករ ប៊ីចេង ជាការស្រេច ។ ចំពោះបន្លែ សម្រាប់ធ្វើល្បោយ មានត្រយូងចេក ត្រសក់ ល្ហុងខ្ចី សណ្តែកកួរ ដើមភ្លៅកង្កែប ស្លឹក ជីរគ្រប់មុខ កញ្ឆែត ផ្កាស្នោ ត្រួយក្ទម្ពទេស ត្រួយស្មាច់ ត្រួយល្ងៀង ព្រលិត … ។

បងស្រី ខន ស្តើង បានមាន ប្រសាសន៍ ទៀតថា ជាធម្មតាក្នុង មួយថ្ងៃគាត់ លក់នំបញ្ចុក អស់ប្រមាណ សែសិប គីឡូក្រាម តែបើចុងសប្តាហ៍ ទាល់តែចិតសិប ទៅ ប៉ែតសិប គីឡូក្រាម ទើបគ្រាន់ ។ បងស្រីបាន បញ្ជាក់ផង ដែរថា ដោយសារតែ របរលក់ នំបញ្ចុកនេះ ហើយបានធ្វើឱ្យ ជីវភាពគ្រួសារ របស់គាត់ បានធូរធារ មានផ្ទះធំទ្រនំ ខ្ពស់រស់នៅ យ៉ាងសមរម្យ មានលទ្ធភាព បញ្ជូនកូនៗចូល សាលារៀនសូត្រ បានគ្រប់ៗគ្នា ។ ចុងបញ្ចប់អ្នកស្រី បានប្រាប់ឱ្យដឹង ទៀតថា “និយាយ មិនអួត នោះទេ នៅ ទីនេះ គ្មានអ្នកណា លក់ដាច់ ជាងខ្ញុំឡើយ បើខ្ញុំលក់ បានប៉ែតសិប គីឡូក្រាម អ្នកផ្សេង យ៉ាងច្រើន បានត្រឹម សាមសិប ទៅសែសិប គីឡូក្រាម ។ កត្តាដែលធ្វើឱ្យ ភ្ញៀវចូលចិត្ត នាំគ្នាមកហូប នំខ្ញុំ ព្រោះខ្ញុំស្លឆ្ងាញ់ មានអនាម័យ និង រួសរាយ រាក់ទាក់ ហើយខ្ញុំ មិនមែនលក់ តែនៅទីនេះទេ ល្ងាចឡើង ទៅលក់នៅឯ សៀមរាបទៀត ទើបបានជាគេ ស្គាល់កាន់តែ ច្រើនឡើងៗ” ។

ចំណែកឯយុវជន ហ៊ាន ជាអ្នកលក់ ម្នាក់ដែរនោះក៏បានឱ្យដឹង ទៀតថា នរណា ក៏ដឹងថា នំបញ្ចុក នៅ ព្រះដាក់នេះ ឆ្ងាញ់ដែរ ហើយគេក៏បាន ប្រកបរបរនេះ ជាងដប់ឆ្នាំ មកហើយដែរ តាំងតែពី ឪពុក របស់គេ ទទួល មរណភាព មកម៉្លេះ ។ របរនេះហើយ ដែលអាច ឱ្យគេ ចិញ្ចឹមប្អូនៗ ចំនួនប្រាំនាក់ រស់ដោយ មិនលំបាក និង បានឱ្យចូល សាលាគ្រប់ៗគ្នា ។ ជាងនេះ ទៅទៀត សព្វថ្ងៃ នេះប្អូនរបស់គេ ពីរនាក់ ក៏កំពុងរៀន នៅមហាវិទ្យាល័យ ផងដែរ ដោយសារ របរលក់ នំបញ្ចុកនេះ ។ លោក ហ៊ាន ក៏បានបញ្ជាក់ ដែរថា ប្រាកដណាស់ ការ លក់ដូរបើយើង ធ្វើមិនឆ្ងាញ់ សេវាមិនល្អ ហើយគ្មាន អនាម័យនោះ គឺច្បាស់ជា គ្មាននរណា ចូលឡើយ ។

អ្នកលក់កំលោះ ដដែលបាន បន្តទៀតថា នៅបាដាក់ (ព្រះដាក់) នេះមិន មែនតែល្បីថា នំបញ្ចុកឆ្ងាញ់ តែភ្ញៀវ ជនជាតិខ្មែរ យើងនោះទេ សូម្បីតែអ្នក ទេសចរបទេស ក៏តែងឈប់ចូល ទទួលទាន ជាហូរហែដែរ នៅពេល ធ្វើដំណើរកាត់ តាមនេះ ទៅ ទស្សនា ប្រាង្គ ប្រាសាទនានា ជាពិសេស ប្រាសាទ បន្ទាយស្រី ហើយ ទឹកសម្លដែល ភ្ញៀវចូលចិត្ត ទទួលទាន ជាងគេនោះ គឺសម្លខ្មែរ សម្លប្រហើរ) ។

អតិថិជនម្នាក់ ក្នុងចំណោម មិត្តភក្តិប្រាំពីរ ប្រាំបីនាក់ ដែលកំពុង បរិភោគនំ បញ្ចុក គឺលោក ជា វន្នី បានឆ្លៀតងាក មកប្រាប់ថា “ខ្ញុំមាន ទីលំនៅ ឯរាជធានី ភ្នំពេញឯណោះ ហើយតែង ឆៀងចូលមក ទទួលទាន នំបញ្ចុក ទៅទីនេះ មិនដែល ខានទេឱ្យតែ ធ្វើដំណើរ ឆ្លងកាត់ ឬ មកលេង នៅខេត្ត សៀមរាបនេះ ដូចជាពេល នេះអ៊ីចឹង ខ្ញុំត្រឡប់មក ពីបំពេញ ការងារ នៅឯស្រុក អន្លង់វែង ខេត្ត បន្ទាយមានជ័យ ព្រោះតែ នៅទីនេះ នំបញ្ចុកឆ្ងាញ់ និង មានអនាម័យ” ។

តាមរយៈមគ្គុទ្ទេសក៍ ទេសចរណ៍លោក ហ៊្វីលីព ណែលសុន ជនជាតិអង់គ្លេស កំពុងអង្គុយ ពិសា នំបញ្ចុក ខ្មែរ នៅ ព្រះដាក់ ជាមួយ មិត្តភក្តិចំនួន បីនាក់ទៀត បាននិយាយថា នេះជាលើកទី បួនហើយ ដែលលោក មកទទួលទាន នំបញ្ចុក នៅទីនេះ ចាប់ តាំងពី លោកមក ទស្សនានៅ ខេត្ត សៀមរាប រយៈពេល មួយ សប្តាហ៍នោះ ។ លោកបានបន្តថា “មុនដំបូង ខ្ញុំហាក់ដូចជា អល់អែក បន្តិចដែរ ព្រោះមាន ក្លិនស្អុយ (ប្រហុក) ប៉ុន្តែនៅពេល ទទួលទាន ពិតជាឆ្ងាញ់ និង មាន អារម្មណ៍ប្លែក មែនទែន គឺហូប ហើយ ចង់តែ ហូប ម្តងទៀត ទើប បបួលមិត្តភក្តិ មកទទួលទាន ហើយដំបូង ពួកគេក៏ អល់អែកដែរ ប៉ុន្តែពេលបាន ហូបហើយ ពួកគេ សរសើរថា ឆ្ងាញ់” ៕

What Next?

Recent Articles

6 Responses to "ភូមិនំបញ្ចុកឆ្ងាញ់"

  1. Huot Kim says:

    ពិតជាឆ្ញាញ់ពិសេសអស្ចារ្យដែលជាមតរកអាហារខ្មែរពិតៗ

  2. John Kim says:

    ស្តាយណាស់ដែលខ្ញំមិនបានចូលញំា

  3. BB says:

    វាជារឿងចំលែកដែលខ្ញុំមិនដែលនឹកគិតដល់ តើវាពិតឬទេ ដែលថាទឹកសម្លនំបញ្ចុកត្រូវបានលាយ​ដោយ​​ក្រដាស់​អនាម័យ ញីអោយទក់ ដើម្បីធ្វើអោយខាប់ ពីព្រោះអ្នកហូបតែងយល់ថា សម្លខាប់ ពីព្រោះមានដាក់សាច់ត្រីច្រើន។

    ខ្ញុំលឺគេនិយាយទាំងនៅភ្នំពេញនិងនៅសៀមរាប។ ខ្ញុំមានការខកចិត្តជាខ្លាំងនៅពេលដែលបានលឺ បែបនេះ ព្រោះនំបញ្ចុកធ្វើអោយខ្ញុំនឹកដល់ស្រុកកំណើត និងតែងតែនឹកចង់ហូបវា។

    សូមជួយថែរក្សាសម្បត្តិជាតិយើង កុំធ្វើបែបនេះវាមិនមែនជាវិធីដែលធ្វើអោយការរកស៊ីបានរីកចំរើន ប្រកបដោយចីរភាពនោះទេ តែវាជាវិធីដែលកំពុងតែបំផ្លាញសម្បត្តិជាតិខ្ឡួនឯង។​

  4. red says:

    អាអ្នកធ្វើបែបនេះ ញីក្រដាស់ដាក់ចូលថែម ពេលងាប់ទៅគេនឹងអោយវាស៊ីក្រដាស់រហូតគ្មានថ្ងៃចាប់ជាតិទេ

  5. រាស្រ្តខ្មែរ says:

    ខ្ញុំធ្លាប់បានឮបងប្អូននៅភ្នំពេញនិយាយថា នំបញ្ចុកនៅទីក្រុងភ្នំពេញ គេស្លដាក់ក្រដាសបង្គន់ ចូលលាយជាមួយសាច់ត្រី ដើម្បីឱយទឹកនំបញ្ចុកខាប់ ក៏ប៉ុន្តែទឹកសម្លរនំបញ្ចុក រាងឡើងពពុះច្រើនបន្ដិច មិនដូចទឹកសម្លរដាក់សាច់ត្រីសុទ្ធឡើយ ពេលយើងញាំ មិនអាចបែងចេកថាជាសាច់ត្រី ឬក្រដាស់បង្គន់ឡើយ។ សង្ឈឹមថាទឹកសម្លរនៅខេត្តសៀមរាបនេះ មិនដូចទឹកសម្លរនៅភ្នំពេញទៅចុះ៕

  6. បើដូចBBនិយាយមែនគួរអោយចង់ម៉ោវិញ!!!!!!!!!