ភ្នំពេញ: អង្គជំនុំជម្រះតុលាការកំពូល នឹងបើកសវនាការ នៅថ្ងៃអង្គារ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង ៩ និង ៣០ នាទីព្រឹក ដើម្បីស្តាប់ការវែកញែកដោយផ្ទាល់មាត់ ទាក់ទិននឹងបណ្តឹងសាទុក្ខរបស់សហព្រះរាជអាជ្ញា ពាក់ព័ន្ធនឹងលក្ខខណ្ឌនៃការដោះលែងលោកស្រី អៀង ធីរិទ្ធ។ នេះបើតាមសេចក្តីប្រកាសរបស់តុលាការខ្មែរក្រហម។
ថ្ងៃទី 11 វិច្ឆិកា 2012
ដោយ: លី សិលា
CEN
មានអាយុ ៨០ ឆ្នាំ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច សម័យខ្មែរក្រហម និងជាភរិយារបស់លោក អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហម លោកស្រី អៀង ធីរិទ្ធ ត្រូវបានតុលាការកំពូលរបស់តុលាការខ្មែរក្រហម បានសំរេចដោះលែង ចេញពីមន្ទីរឃុំឃាំង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២ ដោយរកឃើញថា លោកស្រី មានជំងឺវង្វេងវង្វាន់ស្មារតីធ្ងន់ធ្ងរ មិនអាចនាំយកមកកាត់ទោសបានឡើយ។
សេចក្តីប្រកាស ដែលបានបង្ហោះក្នុងគេហទំព័រតុលាការខ្មែរក្រហម បានលើកឡើងថា សវនាការ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២ បើកជាសាធារណៈ ហើយសាធារណជនដែលមានបំណងចូលមើលសវនាការ គួរតែមកដល់ អ.វ.ត.ក ឲ្យបានមុនម៉ោង ៨ និង ៣០ព្រឹក ដើម្បីទុកពេលវេលាគ្រប់គ្រាន់ សម្រាប់ការចុះឈ្មោះនិងការត្រួតពិនិត្យសន្តិសុខ។ ព័ត៌មានបន្ថែមសម្រាប់ការ ចូលរួមរបស់សាធារណជន សូមអាននៅៈ http://www.eccc.gov.kh/about-eccc/Visitor_Info_Khmer។
សេចក្តីប្រកាសក៏បានបង្ហាញថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ អង្គជំនុំជម្រះសាលាដំបូង បានសម្រេចជាថ្មីម្តងទៀតថា លោកស្រី អៀង ធីរិទ្ធ ពុំមានកាយសម្បទា និងបញ្ញាស្មារតីគ្រប់គ្រាន់ដើម្បីចូលរួមការជំនុំជម្រះក្តី ដោយសារគាត់មានជំងឺវង្វេងវង្វាន់ ដែលទំនងជាជំងឺបាត់ការចងចាំ។ ដោយពុំអាចប្រមើលមើលឃើញលទ្ធភាពណាមួយនាពេលអនាគត ដែលអាចឲ្យលោកស្រី អៀង ធីរិទ្ធ ចូលរួមក្នុងការជំនុំជម្រះក្តីបាន និងដោយពុំមានមូលដ្ឋានច្បាប់ណាមួយដើម្បីបន្តឃុំខ្លួនគាត់ អង្គជំនុំជម្រះសាលាដំបូងបានចេញដីកាដោះលែង អៀង ធីរិទ្ធ ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។ សេចក្តីសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីសេចក្តីសម្រេចលើកមុនរបស់អង្គជំនុំជម្រះសាលាដំបូង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១ ដែលកាលនោះ អង្គជំនុំជម្រះសាលាដំបូងយល់ថា អៀង ធីរិទ្ធ ពុំមានកាយសម្បទា និងបញ្ញាស្មារតីគ្រប់គ្រាន់ ដើម្បីចូលរួមការជំនុំជម្រះក្តី ហើយបន្ទាប់មកអង្គជំនុំជម្រះតុលាការកំពូល បានសម្រេចលើបណ្តឹងសាទុក្ខរបស់សហព្រះរាជអាជ្ញា ដោយបញ្ជាឲ្យអង្គជំនុំជម្រះសាលាដំបូង ស្វែងរកការព្យាបាលវេជ្ជសាស្ត្របន្ថែមដល់លោកស្រី អៀង ធីរិទ្ធ ដើម្បីជួយឲ្យស្ថានភាពកាយសម្បទា និងបញ្ញាស្មារតីរបស់គាត់បានប្រសើរឡើងវិញ។
សេចក្តីប្រកាសដដែល បានលើកឡើងថា អង្គជំនុំជម្រះសាលាដំបូង បានសន្និដ្ឋានថា ដោយសារតែការបាត់បង់ការចងចាំរយៈពេលខ្លី និងវែងរបស់គាត់ លោកស្រី អៀង ធីរិទ្ធ ទំនងជាពុំអាចយល់ដឹងច្បាស់អំពីដំណើរការនីតិវិធី ដូច្នេះគាត់ពុំមានលទ្ធភាពណែនាំមេធាវីការពារក្តីរបស់គាត់ ក៏ដូចជាពុំមានលទ្ធភាពក្នុងការការពារខ្លួនគាត់ នៅចំពោះមុខច្បាប់បានដែរ។ អង្គជំនុំជម្រះសាលាដំបូង ក៏បានកត់សម្គាល់ឃើញថា ដោយសារតែស្ថានភាពជំងឺរបស់គាត់ អៀង ធីរិទ្ធ ទំនងជាពុំអាចផ្តល់សក្ខីកម្មនៅក្នុងតុលាការបានទេ។
បើទោះជាសហព្រះរាជអាជ្ញា យល់ស្របជាមួយអង្គជំនុំជម្រះសាលាដំបូងថា គួរតែដោះលែង អៀង ធីរិទ្ធ ក៏ដោយ ក៏ប៉ុន្តែសហព្រះរាជអាជ្ញាស្វែងរកលទ្ធភាពដាក់លក្ខខណ្ឌមួយចំនួន ទៅលើការដោះលែងនេះ ដូចជា ដកហូតលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណរបស់លោកស្រី អៀង ធីរិទ្ធ និងទាមទារឲ្យ អៀង ធីរិទ្ធ ត្រូវតែមានវត្តមាននៅក្នុងការចុះត្រួតពិនិត្យប្រចាំសប្តាហ៍របស់មន្ត្រី មានសមត្ថកិច្ច ជាដើម។
សេចក្តីប្រកាស លើកឡើងថា សហព្រះរាជអាជ្ញាបានប្តឹងសាទុក្ខប្រឆាំងនឹងដីកាដោះលែងរបស់អង្គជំនុំជម្រះសាលាដំបូង និងបានស្នើសុំឲ្យប្រធានអង្គជំនុំជម្រះតុលាការកំពូល ផ្អាកការអនុវត្តដីកាដោះលែងនោះសិន។
ដោយពុំមានការជំទាស់ចំពោះការដោះលែងលោកស្រី អៀង ធីរិទ្ធ អង្គជំនុំជម្រះតុលាការកំពូល យល់ឃើញថា ពុំមានការចាំបាច់ត្រូវបន្តឃុំខ្លួនគាត់នៅក្នុងមន្ទីរឃុំឃាំងក្នុងអំឡុងដំណើរការដោះស្រាយបណ្តឹងឧទ្ធរណ៍ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូល បានសម្រេចដោះលែងលោកស្រី អៀង ធីរិទ្ធ ក្រោមលក្ខខណ្ឌបណ្តោះអាសន្នមួយចំនួន គឺ៖ ១) ជនជាប់ចោទត្រូវតែផ្តល់អាសយដ្ឋានដែលគាត់រស់នៅ និងសុំការអនុញ្ញាតពីតុលាការមុននឹងផ្លាស់ទីលំនៅ។ ២) ជនជាប់ចោទមិនត្រូវចាកចេញពីប្រទេសកម្ពុជា និងត្រូវប្រគល់លិខិតឆ្លងដែនរបស់គាត់ដល់តុលាការ។ ៣) ជនជាប់ចោទត្រូវតែចូលខ្លួន ប្រសិនបើមានការកោះហៅពីតុលាការ។ ជាងនេះទៅទៀត លោកស្រី អៀង ធីរិទ្ធ ត្រូវបានហាមឃាត់មិនឲ្យជ្រៀតជ្រែកចូលក្នុងកិច្ចការរដ្ឋបាលរបស់តុលាការឡើយ៕