បច្ចុប្បន្ននៅពេលដែលប្រជាពលរដ្ឋខ្មែរជាច្រើនបាននាំគ្នាចាកចេញពីស្រុកកំណើតទៅរកការងារធ្វើនៅក្រៅប្រទេសកាន់តែច្រើនឡើងៗនោះ ចំនួនអ្នកបាត់ខ្លួនក៏កាន់តែកើតមានជាបន្តបន្ទាប់ដែរ។
ដោយ ហង្ស សាវយុត
2012-11-11
វិទ្យុអាស៊ីសេរី
សប្ដាហ៍នេះមានប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តសៀមរាប បានមកជួបអង្គការសិទ្ធិមនុស្ស ដើម្បីស្នើសុំឱ្យជួយរកសាច់ញាតិរបស់គេដែលកំពុងបាត់ខ្លួន។
ប្រជាពលរដ្ឋចំនួន ២គ្រួសារ រស់នៅភូមិក្រាំង នៃឃុំខ្វាវ ស្រុកជីក្រែង ស្ថិតនៅចម្ងាយប្រមាណជិត ១០០គីឡូម៉ែត្រ ភាគឦសានពីទីរួមខេត្តសៀមរាប កំពុងស្វះស្វែងរកការជួយជ្រោមជ្រែងពីមន្ត្រីរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីតាមរកសាច់ញាតិរបស់គេចំនួន ៤នាក់ ដែលទៅធ្វើការនៅប្រទេសថៃ ហើយកំពុងបាត់ដំណឹង។
ស្ត្រីឈ្មោះ ឡោ ឡុត អាយុ ៤៧ឆ្នាំ ជាអ្នកភូមិក្រាំង នៃឃុំខ្វាវ ស្រុកជីក្រែង។ គាត់បានមានប្រសាសន៍ថា កូនប្រុសរបស់គាត់ចំនួន ៣នាក់ ឈ្មោះ ឈីម អ៊ីន អាយុ ២៥ឆ្នាំ ឈីម ឆៃ អាយុ ២២ឆ្នាំ និង ឈីម ឆេង អាយុ ១៩ឆ្នាំ ត្រូវបានមេខ្យល់មកទាក់ទង និងនាំយកទៅធ្វើការនៅឯប្រទេសថៃ តាំងតែពីអំឡុងខែធ្នូ ឆ្នាំ២០១១។ គាត់ដឹងថា គេនាំកូនប្រុសរបស់គាត់ទាំង ៣នាក់ ទៅធ្វើការតាមទូកនេសាទសមុទ្រ ឯតំបន់ឈ្មោះ អ៊ិនដូ តាយ ក្នុងប្រទេសថៃ។
ចាប់តាំងពីកូនប្រុសរបស់គាត់ចាកចេញទៅ គាត់ធ្លាប់បានទទួលលុយ ៤លើកពីបណ្ដាញផ្ទេរប្រាក់ចំនួនជាង ២ម៉ឺន និង ៧ពាន់បាតប្រាក់ថៃដែរ។ ក៏ប៉ុន្តែគេមិនដែលឱ្យគាត់បានជួបជាមួយកូនៗ ដូចការសន្យាដែលថា ក្នុងរយៈពេល ៣ខែម្ដង គេនឹងឱ្យពួកគាត់បានជួបនិយាយគ្នាតាមទូរស័ព្ទនោះទេ។
ស្ត្រីឈ្មោះ ឡោ ឡុត៖ «ទូរស័ព្ទទៅមុនដំបូងបានជួប ២ដងកូនខ្ញុំ ជួបអានេះម្ដងជួបអាតូចម្ដង។ និយាយបានតែមួយម៉ាត់ទេ ក៏គេឈប់ឱ្យនិយាយថា អ៊ីឯងចង់ឱ្យកូនអស់លុយច្រើន? ២-៣ខែមុន អាទូចនោះជួបថា ម៉ែអើយកូននៅឯណេះទេ គេថា បើចង់មកវិញទាល់តែមានមនុស្សទៅដូរ អត់ដូរគេអត់ឱ្យមកទេម៉ែ។ ប៉ុណ្ណោះហើយក៏បិទទូរស័ព្ទបាត់ ខ្ញុំប្រាប់ថា កុំទាន់បិទណាកូន អានោះវាឱ្យបិទបាត់ ហើយទូរស័ព្ទទៅថៅកែ គេអត់ឱ្យជួបកូន ខ្ញុំណាត់ជួបថ្ងៃនេះអត់ ស្អែកអត់»។
ចំណែកស្ត្រីឈ្មោះ សាំង វ៉ិច ជាអ្នកភូមិក្រាំង ដែរ បានមានប្រសាសន៍ថា គាត់បាត់ដំណឹងពីប្តីរបស់គាត់ឈ្មោះ ស៊ាន វាន រយៈពេលជិត ១ឆ្នាំហើយ។
ស្ត្រីដដែលបានមានប្រសាសន៍ថា ប្តីរបស់គាត់បានចាកចេញទៅធ្វើការ ជាមួយកូនៗរបស់អ្នកស្រី ឡោ ឡុត នេះដែរ ហើយរយៈពេលជិត ១ឆ្នាំមកនេះ គឺគាត់បានទទួលប្រាក់ចំនួន ២ម៉ឺន៦ពាន់បាត ក៏ប៉ុន្តែមិនដែលបានទទួលដំណឹងថា ប្ដីនៅទីណាឡើយ៖ «ប្ដីខ្ញុំថា ទៅតែ ៦ខែទេ គឺមកធ្វើស្រែវិញ ដល់ពេល ៦ខែនេះ ទាក់ទងទៅថៅកែ គេថា អត់ឱ្យជួបបាន។ នេះគេថា ឱ្យជួបនៅពីខែ ៩ ដល់ខែ ៩ ខ្ញុំសួរគេទៅ គេថា រវល់មិនអាចទៅទាក់ទងបាន។ ដល់ពេល ២-៣ថ្ងៃនេះខ្ញុំទូរស័ព្ទទៅ គេថា ទាក់ទងទៅសមុទ្រអត់បាន»។
អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) និងសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តសៀមរាប កំពុងធ្វើការស៊ើបអង្កេតបឋមទៅលើករណីនេះ។
លោក នូ ពុទ្ធិ ជាអ្នកសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ថា លោកកំពុងស្រាវជ្រាវឱ្យស៊ីជម្រៅថា តើការចាកចេញរបស់ពលករទាំងនោះស្របច្បាប់ដែរ ឬទេ?
ប្រសិនបើពួកគេចាកចេញដោយស្ម័គ្រចិត្តហើយទទួលបានកម្រៃត្រឹមត្រូវ ក៏ប៉ុន្តែគ្រួសារចង់ឱ្យវិលត្រឡប់វិញ គឺអ្នកដែលនាំទៅ ត្រូវតែជួយខ្នះខ្នែងយកពួកគេត្រឡប់មកវិញ។ ក៏ប៉ុន្តែបើការនាំទៅនោះ គឺជាការកេងប្រវ័ញ្ចកម្លាំងពលកម្ម គឺអង្គការរបស់លោកនឹងស្នើសុំឱ្យសមត្ថកិច្ចរបស់រដ្ឋចាត់វិធានការសមស្របណាមួយ ចំពោះសកម្មភាពនាំទៅដោយមិនស្របច្បាប់នោះ។
កាលពីដើមខែវិច្ឆិកា កន្លងទៅ សមត្ថកិច្ច និងអង្គការក្រៅរដ្ឋាភិបាល បានសហការគ្នារំដោះយកកម្មករ ២នាក់ នៅខេត្តព្រះវិហារ ដែលមេខ្យល់បោកយកទៅលក់ឲ្យទូកនេសាទ នៅប្រទេសថៃ បន្ទាប់ពីអ្នកទាំងនោះ ត្រូវបានគេគំរាមកំហែង និងបង្ខំឱ្យធ្វើការយ៉ាងធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។