ភ្នំពេញ: ក្នុងរយៈពេល ១០ ខែ ក្នុងឆ្នាំ២០១២ ចំនួនភ្ញៀវទេសចរបរទេស ដែលចូលមកទស្សនាព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានការកើនឡើង ៣៦,៦២ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១១។
ថ្ងៃទី 11 វិច្ឆិកា 2012
ដោយ: កូឡាប
CEN
តួលេខបានបង្ហាញថា ក្នុងរយៈពេល ១០ខែកន្លងមកនេះ មានភ្ញៀវទេសចរបរទេសចំនួន ៤៦៦.៩១៦ នាក់ ដែលបានចូលមកទស្សនាកម្ពុជា តាមច្រកប៉ោយប៉ែត ដែលមានការកើនឡើងបើប្រៀបធៀបទៅ និង ១០ខែឆ្នាំ២០១១កន្លងទៅនេះ ដែលមានភ្ញៀវទេសចរត្រឹមតែ ៣៤១.៧៦២ នាក់ប៉ុណ្ណោះ។
ភ្ញៀវទេសចរដែលចូលមកទស្សនាកម្ពុជាតាមផ្លូវគោកប៉ោយប៉ែតនេះ ច្រើនជាងគេ គឺជនជាតិថៃ លេខ២ ជនជាតិរុស្ស៊ី និងលេខ៣ ជនជាតិកូរ៉េខាងត្បូង ហើយ ភ្ញៀវទាំងអស់ ភាគច្រើន ជាអ្នកទេសចរ និងមួយចំនួន ជាអ្នកជំនួញ។
ការកើនឡើងនៃភ្ញៀវទេសចរនៅច្រកប៉ោយប៉ែតនេះ ត្រូវគេមើលឃើថា ដោយសារតែប្រទេសកម្ពុជា រក្សាបាននូវសុវត្ថិភាព សន្តិសុខ បានល្អប្រសើរទាំងនៅព្រំដែន និងផ្ទៃក្នុងប្រទេស ហើយវាក៏ផ្សាភ្ជាប់ទៅនឹងសភាពការណ៍នយោបាយនៅស្រុកថៃ មានភាពល្អ ព្រោះភ្ញៀវទេសចរទាំងអស់នេះ គេឆ្លងពីប្រទេសថៃមកកម្ពុជា។
គួរកត់សម្គាល់ផងដែរថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកកម្ពុជា-ថៃ ដ៏សំខាន់ខាងវិស័យ សេដ្ឋកិច្ចសង្គម រួមទាំងលំហូរ នៃភ្ញៀវទេសចរ បានដើរតួនាទីភារកិច្ចត្រូវទទួលខុសត្រូវខ្ពស់ដល់ការ សម្រួល ដំណើររបស់ភ្ញៀវទេសចរ អ្នកដំណើរទូទៅនិងការដឹកជញ្ជូន។
ក្នុងនោះ ក្រុមការងារចម្រុះ ប្រតិបត្តិការងារសណ្តាប់ធ្នាប់របៀបរៀបរយដឹកជញ្ជូនភ្ញៀវទេសចរ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ធ្វើការងារបានលទ្ធផលល្អ ប៉ុន្តែត្រូវពង្រឹង និងទទួលខុសត្រូវបន្ថែមទៀត ដើម្បីសហការអនុវត្តឲ្យល្អ និងរលូនក្នុងវិស័យទេសចណ៍សហគមន៍អាស៊ានឆ្នាំ២០១៥៕

.jpg?1352601377)
.jpg?1352601377)