រដូវត្រីប៉ាស៊ីអ៊ី បានមកដល់ហើយ ប៉ុន្តែមួយគីឡូក្រាម តម្លៃម្ភៃទៅ សាមសិបដុល្លារ

នៅចុងខែតុលា និង ខែវិច្ឆិកានេះ អ្នកនេសាទ នៅខេត្ត ស្ទឹងត្រែង ចាប់ផ្តើម សើមមាត់ទៀត ហើយ ដោយសារតែ គេអាចនេសាទ ត្រីដ៏មានតម្លៃ នេះ លក់បាន ប្រាក់យ៉ាងច្រើន ។ ត្រីប៉ាសិអ៊ី នេះជាប្រភេទ ត្រីដ៏កម្រ ដែលត្រូវបាន ប្រជាពលរដ្ឋ ចាត់ទុក ថា ជាត្រី ដែល សាច់ របស់វាមាន រសជាតិឆ្ងាញ់ ជាងប្រភេទត្រី ដទៃទៀត ។ តម្លៃ របស់វាក៏ថ្លៃ ខ្ពស់ជាង ប្រភេទត្រី ដទៃទៀត ពីម្ភៃដង ទៅ សាមសិបដង អ្នកមានប្រាក់ ច្រើនទើបមាន លទ្ធភាពទិញ វាមកធ្វើម្ហូប ទទួលទាន ។

Written by ភ្នំពេញដេលីញូវ
Tuesday, 13 November 2012

ជាប្រភេទត្រី មានតែនៅ ក្នុងទឹក ទន្លេមេគង្គ ទន្លេសេសាន និង ទន្លេស្រែពក ក្នុងទឹកដី ខេត្តស្ទឹងត្រែង ប៉ុណ្ណោះ ប៉ុន្តែអ្នកជំនាញ បាននិយាយថា នៅប៉ែកខាង ទឹកដីប្រទេស លាវ ក៏មានប្រភេទ ប៉ាសិអ៊ី នេះដែរ តែមិនមាន រសជាតិ ដូចត្រីប៉ាសិអ៊ី នៅខាង ខេត្ត ស្ទឹងត្រែងទេ ដូច្នេះ ជនជាតិលាវ មិនឱ្យតម្លៃត្រី ប្រភេទ នេះទេ ។

ឱ្យតែចូលដល់ ខែតុលា និង ខែវិច្ឆិកានេះ ប្រជាពលរដ្ឋ នៅតាមដងទន្លេ សេសាន និង ទន្លេស្រែពក ពួកគាត់ តែងនាំគ្នា ចុះទន្លេ ដើម្បីនេសាទត្រី ប៉ាសិអ៊ីនេះ ដោយសារតែ តម្លៃរបស់វាខ្ពស់ ។

លោក ផន សម្បត្តិ ជាអាជីវករ លក់ដូរម្នាក់នៅ ក្នុងទីរួមខេត្ត ស្ទឹងត្រែង បាន មានប្រសាសន៍ តាមទូរស័ព្ទ មកថា “ឱ្យតែរដូវត្រី ប៉ាសិអ៊ី ចូលមកដល់ ប្រជាពលរដ្ឋ នៅតាម ដងទន្លេនេះ បាននាំគ្នាចុះ នេសាទ ត្រីប៉ាសិអ៊ី ។ បច្ចុប្បន្ននេះ បើតាមអ្វី ដែល ប្រជានេសាទ បាន ប្រាប់ខ្ញុំ ពីមួយឆ្នាំ ទៅមួយឆ្នាំ ទិន្នផលនៃ ការនេសាទត្រី ប៉ាសិអ៊ី មានការថយចុះ ជាលំដាប់ នៅក្នុងឆ្នាំនេះ មានការខ្សត់ ខ្សោយជាង កាលពីឆ្នាំ កន្លងទៅ ។ ដោយសារតែ វាជាប្រភេទ ត្រីដ៏កម្រ បរិមាណរបស់ វាបានធ្លាក់ចុះ ពីមួយ ឆ្នាំ ទៅមួយឆ្នាំ ហើយវាជា ប្រភេទត្រី ដែលមាន រសជាតិ ឆ្ងាញ់ជាង ប្រភេទត្រី ដទៃទៀត ដូច្នេះធ្វើឱ្យ តម្លៃរបស់វាខ្ពស់ ជាងប្រភេទត្រី ផ្សេងៗទៀត ។ បច្ចុប្បន្ននេះ តម្លៃរបស់វា មួយគីឡូក្រាម គឺថ្លៃពី ប្រាំបួនម៉ឺនរៀល ទៅ ដប់ពីរម៉ឺនរៀល អ្នកក្រមិនហ៊ាន ទិញយកមក ធ្វើ ម្ហូបហូបទេ ។ ខ្ញុំមិនហ៊ាន ទិញម្តងមួយ គីឡូក្រាម យកមក ហូបនោះទេ នៅពេលដល់ រដូវត្រីប៉ាសិអ៊ី នេះចូល មកដល់ បើចង់ហូប សាច់ត្រី ប៉ាសិអ៊ី ខ្ញុំទិញមួយកង់ ឬ ពីរកង់ប៉ុណ្ណោះ ដើម្បីយក មក ស្ងោរជ្រក់ ឬ ក៏អាំងជ្រលក់ ជាមួយ ទឹកត្រីផ្អែម ។ ក្នុងមួយឆ្នាំ ខ្ញុំហ៊ានទិញ យកមក ហូបតែម្តង ឬ ក៏ពីរដងប៉ុណ្ណោះ ព្រោះតម្លៃ របស់វា ថ្លៃពេក ។ រដូវត្រីប៉ាសិអ៊ី នេះចូលមកដល់ បងប្អូនរបស់ខ្ញុំ នៅក្នុងទីក្រុង ភ្នំពេញ តែងផ្ញើប្រាក់ មកឱ្យខ្ញុំ ទិញត្រីប៉ាសិអ៊ី ផ្ញើឱ្យគាត់ ជារៀងរាល់ឆ្នាំ ឬ រាល់ រដូវ ចំណែក រូបខ្ញុំមិនសូវ ហ៊ានទិញ ហូបទេ” ។

ក្នុងមួយឆ្នាំ ត្រីប៉ាសិអ៊ី ដល់រដូវពីរដង ហើយទីកន្លែង ដែលគេ នេសាទត្រី នេះបាននៅ ទន្លេសេកុង សេសាន ទន្លេស្រែពក និង ទន្លេមេគង្គ ប៉ុន្តែ ជាមួយគ្នានេះ ក៏មានការ ព្រួយបារម្ភ ផងដែរអំពី ការប្រឈម នៃការ បាត់បង់នូវ ប្រភេទ ពូជត្រី ដ៏កម្រមួយ នេះ ដោយសារតែ គម្រោងទំនប់ វារីអគ្គិសនីដែល រដ្ឋាភិបាល គ្រោងសាងសង់ នៅតាមទន្លេ សេសាន ក្រោមពីរ ក្នុងទឹកដី ខេត្ត ស្ទឹងត្រែងនោះ តែអ្នកជំនាញ បាននិយាយថា គេគួរតែគិត អំពីផល ប្រយោជន៍ មួយណា សំខាន់ជាង ?

ឯកឧត្តមបណ្ឌិត ទូច ស៊ាងតាណា ប្រធាន គណៈកម្មការ អភិវឌ្ឍតំបន់ ទេសចរណ៍ សត្វផ្សោត ទន្លេមេគង្គ និង ជាសមាជិក ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ដែលជាអ្នក ស្រាវជ្រាវ ខាងផ្នែកវិស័យ ជលផលដ៏ ល្បីឈ្មោះម្នាក់ ដែរនោះ បាន មាន ប្រសាសន៍អំពី ការស្រាវជ្រាវ ត្រីប៉ាសិអ៊ី នេះថា “ត្រីប៉ាសិអ៊ីនេះ មានដើមកំណើត នៅក្នុងទឹកដី ខេត្តស្ទឹងត្រែងនេះ តែម្តង ដែលវាមាន នៅក្នុងតំបន់ ទន្លេសេកុង ទន្លេសេសាន និង ទន្លេស្រែពកនេះ រាប់រយឆ្នាំមកហើយ ។ វាមិនមែន មាន ប្រភព មកពី ប្រទេសលាវ នោះទេ ប៉ុន្តែ នៅខាង ប្រទេស លាវ ក៏មានប្រភេទ ត្រីប៉ាសិអ៊ី នេះដែរ តែត្រីប៉ាសិអ៊ី នៅខាង លាវ មិនឆ្ងាញ់ដូចជា ត្រីប៉ាសិអ៊ី នៅខាង ស្ទឹងត្រែង នោះទេ ដោយសារតែ វាមិន ឆ្ងាញ់ ដូច្នេះខាងលាវ មិនឱ្យតម្លៃត្រី ប៉ាសិអ៊ីនេះទេ ។ ត្រីប៉ាសិអ៊ី នៅស្ទឹងត្រែង មានរសជាតិ ឆ្ងាញ់ណាស់ ដែលសាច់ របស់វា មានរសជាតិ ផ្អែមឆ្ងាញ់ ជាពិសេស ខ្លាញ់ពោះ របស់វា ឡើងលឿងផ្អែម ឆ្ងាញ់ណាស់ ។ គេចាប់ផ្តើម នេសាទ ត្រីប៉ាសិអ៊ីនេះ ចាប់ពីខែធ្នូ ដល់មករា ប៉ុន្តែឥឡូវនេះ ត្រីប្រភេទនេះ កាន់តែខ្សោយ ទៅៗពីមួយឆ្នាំ ទៅមួយឆ្នាំ ហើយផុតពី ខែហ្នឹងទៅ គឺនៅខែមីនា មេសា និង ឧសភា ត្រីប៉ាសិអ៊ី ទាំងអស់នោះ វាបានឡើង ទៅដល់តំបន់ ល្បាក់ខោន ហើយ វាបានឡើង តាមទន្លេសេកុង ទៅដល់ ខេត្តសេកុង ប្រទេសលាវ នេះសម្រាប់ ប្រភេទ ត្រីប៉ាសិអ៊ី មួយមានទម្ងន់ មួយរយក្រាម ឬ ពីររយក្រាម ហើយបន្ទាប់ មកសម្រាប់ ពពួកត្រី ប៉ាសិអ៊ី ដែលកើតថ្មីៗ វានៅតូចៗ ដែលមានទម្ងន់ ប្រហែលម្ភៃក្រាម ឬ សាមសិបក្រាម ដែលវាចាប់ផ្តើ មញ្ញាស់ នៅក្នុងខែកុម្ភៈ វាបានធំធាត់ ឡើងហើយ វាសំងំនៅក្នុង ថ្មរហូតដល់ ខែមីនា មេសា និង ឧសភា ទើបវាចុះមក ជាមួយ ត្រីប៉ាសិអ៊ីធំៗ ដែលចុះមកពី ល្បាក់ខោន មកវិញ ចុះពីខាង ទន្លេមេគង្គ មកវិញ ដែលវារួចផុត ពីគេចាប់ តែមេធំៗ មួយចំនួន វាមិនបានចុះ មកទេ គឺវាបាន ចូលទៅ ទន្លេស្រែ ពក តែម្តង ។ ចំពោះត្រីប៉ាសិអ៊ី ដែលវាចុះ មកពីល្បាក់ខោន គឺវាបានចុះ ទៅដល់ ព្រំប្រទល់ ខេត្តក្រចេះ ឯណោះ ហើយត្រី ប៉ាសិអ៊ី ជំទង់ នោះ វាឡើងទម្ងន់ ដល់កន្លះ គីឡូក្រាម ចំណែកត្រី ប៉ាសិអ៊ីតូចៗ វាបានចុះទៅ ដល់ខាងក្រោម តំបន់សៀមបូក ដែលគេអាច ចាប់វាបាននៅ ក្នុងខែឧសភា ចូលដល់ខែមិថុនា វាបានផ្លាស់ប្តូរ ទីកន្លែង ឡើងទៅ សេសាន ឬ ស្រែពកវិញ ដែលវាបាន ធំធាត់ នៅកន្លែងនោះ ហើយត្រីដែល កកូនគឺវា កកូនហើយ វាបានកើតកូន នៅក្នុងខែសីហា នៅតាមដៃអូរ ដែលហូរ ទឹកធ្លាក់ មកចូលទន្លេ ស្រែពក ឬ សេសាននេះ ។

ក៏អាស្រ័យទៅតាម ទឹកភ្លៀង កាលណាបើ មានភ្លៀងធំ គឺវាអាចឡើងទៅ ពងបានដែល វាពងនៅ ក្នុងទឹកអូរ បន្ទាប់ មកពងនោះ ក៏បានញ្ញាស់ ហើយវាធ្លាក់ មកក្រោម ទៅតាម ទឹកអូរនោះ ហើយវាក៏សំងំ នៅក្នុងថ្ម រកចំណីស៊ី ក្នុងថ្ម និង បាតអូរ ពីព្រោះ ទីកន្លែង ទាំងអស់ នោះកាលពី ដើមជាតំបន់ ជីវចម្រុះ និង ជាតំបន់ព្រៃ ធំណាស់ ដែល វាបានបង្កើត នូវចំណី ពិសេសមួយ ដែលយើងរក មិនទាន់ឃើញ ដែលវាធ្វើ ឱ្យត្រីប៉ាសិអ៊ី នៅក្នុងខេត្ត ស្ទឹងត្រែង របស់យើងនេះ មានខ្លាញ់ ក្នុងពោះវា ពណ៌លឿង ដែលវាខុសពី ត្រីប៉ាសិអ៊ី ដែលគេចាប់ បាននៅក្នុង ទឹកដីលាវ ដែល មិនមានខ្លាញ់ លឿងដូច្នេះទេ ។ បានសេចក្តីថា ព្រៃនៅក្នុង តំបន់ខាងលើ នោះភាគច្រើន វាបានហូរចុះ មកបង្កើតបាន នូវចំណីពិសេស មួយដែលធ្វើឱ្យ ត្រីប៉ាសិអ៊ី នៅក្នុងទឹក ដីខេត្ត ស្ទឹងត្រែង យើងនេះមាន រសជាតិឆ្ងាញ់ ខុសពីត្រី ធម្មតា ហើយវាខុសពី ត្រីប៉ាសិអ៊ី នៅខាង ប្រទេសលាវ ហើយត្រីប៉ាសិអ៊ីធំៗ ដែលគេចាប់បាន នៅក្នុងខែធ្នូក្នុង ទន្លេស្រែពក និង សេសាននេះ ខ្លាញ់ របស់វា ពេញពោះ ហើយពណ៌លឿង ហើយ កន្លែង ដែល ឆ្ងាញ់ជាងគេ គឺខ្លាញ់ ពោះរបស់វា នេះតែម្តង ។

កន្លងមក ត្រីប៉ាសិអ៊ី ដែលគេចាប់បាន មិនលើសពី បីគីឡូក្រាម នោះទេ ហើយមូលហេតុអ្វី បានជាត្រីប៉ាសិអ៊ី មាន តែនៅក្នុងទឹកដី ស្ទឹងត្រែង ដោយសារតែ នៅតាមទន្លេ ក្នុងខេត្តស្ទឹងត្រែង សម្បូរទៅ ដោយថ្ម ព្រោះប្រភេទ ត្រីប៉ាសិអ៊ីនេះ មាត់របស់វា នៅផ្នែក ខាងក្រោម ដែលវាខុស ប្លែកពីប្រភេទ ត្រីដទៃទៀត ទាល់តែតំបន់ ទឹកណាមាន ថ្មច្រើនទើបវា អាចរស់នៅបាន នៅពេល វាធំពេញ វ័យខ្លាញ់ របស់វា ពេញពោះ នៅតាមស្រកា របស់វាឡើង ក្រហមតែ ម្តង ។ ត្រីប៉ាសិអ៊ីនេះ វាបានចាប់ ផ្តើមល្បី ឈ្មោះ តាំងពីកំលុង ទសវត្សរ៍ឆ្នាំ ១៩៦០ មកម៉្លេះ ដោយកាលណោះ នៅថ្ងៃមួយ ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ព្រះអង្គ បានយាងទៅ ព្រះរាជដំណាក់ ព្រះអង្គ នៅក្នុងខេត្ត ស្ទឹងត្រែង ហើយពេលនោះ នាម៉ឺនមន្ត្រី នៅជំនាន់នោះ បានយកត្រី ប៉ាសិអ៊ី ធ្វើក្រយាថ្វាយ ព្រះអង្គសោយ ហើយព្រះអង្គ បានមាន ព្រះបន្ទូលថា ត្រីនេះ ឆ្ងាញ់ណាស់ ហើយព្រះអង្គ ក៏សួរទៅ នាម៉ឺនមន្ត្រីថា ត្រីអ្វីក៏ឆ្ងាញ់ម៉្លេះ ? នាម៉ឺនមន្ត្រីទាំង នោះក៏ឆ្លើយថា ជាត្រីប៉ាសិអ៊ី ព្រះអង្គ ។ ដូច្នេះត្រីប៉ាសិអ៊ីនេះ ក៏ចាប់ផ្តើ់មល្បី ល្បាញ ខ្លាំងតាំងពី ពេលនោះ រហូតមក” ។

ត្រីប៉ាសិអ៊ីនេះ គេអាចយក ទៅធ្វើម្ហូបអ្វី ក៏បានទៅតាម ចំណង់ចំណូល ចិត្តរបស់ មនុស្សម្នាក់ៗ ប៉ុន្តែសម្រាប់ ម្ហូបដែល ឆ្ងាញ់នោះ គេច្រើនតែយក វាទៅស្ងោរជ្រក់ អាំងជ្រលក់ ជាមួយ ទឹកត្រីផ្អែម និង ភ្លា ជាដើម តែមានអ្នក ខ្លះគេយកទៅ វះងៀត ទៅ តាម ចំណូលចិត្ត របស់ពួកគេ ៕

What Next?

Recent Articles