ដោយ វណ្ណ វិចារ
2013-03-04
RFI

អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង លោក ឈូក បណ្ឌិត ដើរចូលសវនាការសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១៣។
សាលាឧទ្ធរណ៍ប្រកាសចោទប្រកាន់អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ពីបទបង្ករបួសស្នាមដោយអចេតនា។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីសភាស៊ើបសួរសាលាឧទ្ធរណ៍ កាលពីចុងខែកុម្ភៈ បានបើកការសាកសួរអ្នកពាក់ព័ន្ធក្នុងសំណុំរឿងបាញ់កម្មការិនី ៣នាក់ ឲ្យរងរបួសនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង រួចមក។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះរបស់តុលាការសាលាឧទ្ធរណ៍ លោកចៅក្រម ឃុន លាងម៉េង នៅរសៀលថ្ងៃទី៤ ខែមីនា ប្រកាសសម្រេចចោទប្រកាន់លោក ឈូក បណ្ឌិត ក្នុងអំពើបាញ់ស្ត្រីកម្មករឲ្យរបួសធ្ងន់ ពីបទបង្ករបួសស្នាមដោយអចេតនា ហើយបង្វិលសំណុំរឿងក្ដីនោះទៅកាន់តុលាការខេត្តស្វាយរៀង ចាត់ការជំនុំជម្រះវិញ។ ការសម្រេចបែបនេះ ត្រូវបានកម្មការិនីរងគ្រោះចាត់ទុកថា ជាពន្លឺយុត្តិធម៌ដ៏តិចតួចសម្រាប់រាស្ត្រក្រីក្រ ស្របពេលដែលមន្ត្រីសង្គមស៊ីវិលនៅតែមានការព្រួយបារម្ភ។
កម្មការិនីរងគ្រោះ លោកស្រី កែវ នា ឲ្យដឹងថា ពេលដែលឮចៅក្រមប្រកាសថា លោក ឈូក បណ្ឌិត ជាអ្នកកាន់កាំភ្លើងបាញ់កម្មការិនីទាំងបីនាក់ ធ្វើឲ្យពួកនាងសប្បាយចិត្ត ប៉ុន្តែជនរងគ្រោះបែរជាខកចិត្តទៅវិញ នៅពេលដែលស្ដាប់ឮថា តុលាការថ្នាក់កណ្ដាល គឺសាលាឧទ្ធរណ៍ នៅតែចោទជនសង្ស័យថា បាញ់ដោយអចេតនា។
លោកស្រីបន្តថា ជនរងគ្រោះទាំងបីនាក់ មិនអាចឈ្នះបុគ្គល ឈូក បណ្ឌិត បានទេ តែនាងសុំឲ្យតែមានយុត្តិធម៌បន្តិចបន្តួចសម្រាប់រាស្ត្រក្រីក្រក៏អស់ចិត្តដែរ៖ «បើសិនជាគាត់គិតអ៊ីចឹងក៏ល្អដែរ កុំឲ្យតែគាត់គិតថា ឲ្យ ឈូក បណ្ឌិត ហ្នឹងរួចខ្លួន បើសិនគាត់គិតថា បង្ករបួសស្នាមដោយអចេតនា ធ្វើឲ្យ ឈូក បណ្ឌិត រួចទោសដដែល ខ្ញុំព្រម។ ខ្ញុំគិតថា អយុត្តិធម៌ដដែល សូមកុំឲ្យតែ ឈូក បណ្ឌិត រួចខ្លួនទៅបានហើយ ក៏ខ្ញុំព្រមដែរ»។

ជនរងគ្រោះទាំង ៣នាក់ ដើរចូលបន្ទប់សវនាការសាលាឧទ្ធរណ៍ នៅថ្ងៃទី៤ មីនា ឆ្នាំ២០១៣។ RFA/Tin Zakariya
ទន្ទឹមនឹងនេះ លោកស្រី នុត សាខន បញ្ជាក់ថា នាងត្រូវពើតផ្សារមុខរបួសស្ទើររៀងរាល់ថ្ងៃ ហើយក្នុងអារម្មណ៍ក៏មិនស្រណុកដែរ ព្រោះតែមិនទាន់ទទួលបានយុត្តិធម៌។ លោកស្រីបន្តថា នៅសាលាដំបូងខេត្តស្វាយរៀង សាក្សីទាំងអស់សុទ្ធតែមិនបានឆ្លើយការពិត តែមកដល់សាលាឧទ្ធរណ៍ទើបសាក្សីទាំងនោះឆ្លើយតាមត្រង់ ធ្វើឲ្យតុលាការនេះសម្រេចចោទលោក ឈូក បណ្ឌិត។
លោកស្រីបញ្ជាក់ថា ជនរងគ្រោះនៅតែព្រួយបារម្ភពីចំណាត់ការរបស់តុលាការខេត្តស្វាយរៀង នៅឡើយ៖ «អ៊ីចឹងទៅសាលាឧទ្ធរណ៍ បញ្ជូនទៅស្វាយរៀងវិញ ប៉ុន្តែបើស្វាយរៀង ក្រឡាច់ម៉េចទៀត។ ខ្ញុំមិនដឹងទេ ព្រោះថា រឿងហ្នឹងសាលាដំបូងខេត្តស្វាយរៀង សម្រេចលើកលែងការចោទប្រកាន់ម្ដងហើយ បើម្ដងទៀតតុលាការមិនយុត្តិធម៌ទេ។ បើគ្មានបំណងមិនមែនគាត់យកកាំភ្លើងមកបាញ់កម្មករទេ»។
ទាក់ទងនឹងបញ្ហានេះ ប្រធានសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (C-CAWDU) លោក អាត់ ធន់ ថ្លែងថា កម្មករក្រីក្រនៅតែរងការរំលោភបំពាន ឬហិង្សាពីសំណាក់ក្រុមអ្នកមានលុយ និងមានអំណាច ហើយពិបាករកយុត្តិធម៌។ លោកបន្តថា ការសម្រេចចោទប្រកាន់ថា បាញ់កម្មករដោយអចេតនានេះ ជារឿងមិនសមហេតុផលនាំឲ្យជនរងគ្រោះឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តទៀតផង។
ចំណែកឯអគ្គលេខាធិការប្រតិបត្តិគណៈកម្មការប្រព្រឹត្តិកម្មសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនសក្តិ មានប្រសាសន៍ថា ការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍នេះជាលទ្ធផលវិជ្ជមានមួយ តែការរក្សាបទចោទដដែលនោះនៅតែជារឿងគួរឲ្យព្រួយបារម្ភ។
លោកបន្តសង្គមស៊ីវិលមិនមានជំនឿទាល់តែសោះថា តុលាការខេត្តស្វាយរៀង នឹងរកយុត្តិធម៌ជូនជនរងគ្រោះបាន៖ «ព្រួយបារម្ភច្រើនណាស់ ខ្ញុំសឹងមិនជឿថា នឹងអាចរកភស្តុតាងអីផ្សេងបានទេ ព្រោះគេធ្វើការម្ដងរួចទៅហើយ។ បញ្ជូនទៅតុលាការដដែលហ្នឹង ខ្ញុំមានការព្រួយបារម្ភដែរ ចំពោះការរកយុត្តិធម៌ជូនជនរងគ្រោះ»។
អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ជាជនសង្ស័យករណីបាញ់កម្មករកាត់ដេរ ៣នាក់ ឲ្យរងរបួសធ្ងន់នៅទីក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។ លោក ឈូក បណ្ឌិត បានចូលខ្លួនបំភ្លឺនៅចំពោះមុខចៅក្រមនៃសភាស៊ើបសួរនៅថ្ងៃទី២៧ កុម្ភៈ ដោយញញឹមពព្រាយដាក់កាម៉េរ៉ាអ្នកកាសែត ហើយក៏មិនបានបង្ហាញពីភាពតក់ស្លុតសោះឡើយ។ ប៉ុន្តែទាំងជនសង្ស័យ និងមេធាវីមិនបានចូលខ្លួនមកស្ដាប់ការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ នៅថ្ងៃទី៤ មីនា នោះទេ។
ករណីសម្រេចសេចក្ដីលើសំណុំរឿង ឈូក បណ្ឌិត ពីសំណាក់តុលាការខេត្តស្វាយរៀង នាំឲ្យមានការរិះគន់ជាខ្លាំងពីសំណាក់សង្គមស៊ីវិលជាតិ និងអន្តរជាតិថា តុលាការកម្ពុជា ស្ថិតក្រោមឥទ្ធិពលរបស់អ្នកនយោបាយ និងគណបក្សកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
សាលាឧទ្ធរណ៏ ចោទប្រកាន់ លោក ឈូក បណ្ឌឹត បង្ករបួសស្នាមដោយអចេតនា ខ្ញុំគិតថា មិនមែនអចេតនាឡើយ ។ យកអាវុធបាញ់សំដៅទៅលើកម្មករឲ្យរបួសធ្ងន់ នោះជាបទល្មើសដោយចេតនា មានបំណងឲ្យកម្មកររបួសឬ ស្លាប់ ។នេះជាការចោទបន្ធូរបន្ថយបទល្មើសតែប៉ុណ្ណោះ។
គួរពិចារណាផងថា អ្វីដោយអចេតនា និងអ្វីដោយចេតនា។
បើលើកកាំភ្លើងបាញ់លើមេឃ ហើយគ្រាប់ធ្លាក់ត្រូវកម្មករ
អាហ្នឹងវាសម ថាវាបាញ់ដោយអចេតនា។
អស់លោកអ្នកច្បាប់គួរតែពិចារណាផង។
មិនបាច់និយាយពីអារៀងច្បាប់នៅស្រុកខ្មែរទេ ។ តែខ្ញុំឆ្ងល់ថា តើរដ្ឋាភិបាលទទួលបានប្រាក់ពីជនជាប់ចោទហ្នឹងប៉ុន្មាន បានជាមិនហ៊ានធ្វើអីវាសោះ ។ មិនត្រឹមតែប៉ុណ្ណោះ តើអាជនជាប់ចោទហ្នឹងវាមានអីពិសេសបានរដ្ឋាភិបាលមិនមានចំណាត់ការលើរឿងហ្នឹងសោះ បើទោះជាមានការតេសដៀលពីសំណាក់ប្រជាជន ឬអង្គការក្រៅរដ្ឋាភិបាលក៏ដោយ ។
ខ្ញុំពិបាកអាន Font អក្សរគេហទំព័រនេះ គួរប្រើ Font Limon S2 រឺ ស្រដៀង Font Limon S2.
សូមអរគុណ!