Friday, 08 November 2013
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍
បន្ទាយមានជ័យៈ អ្នកទោសចំនួន ៨៦២ នាក់ នឹងត្រូវបញ្ជូនត្រទ្បប់ទៅកាន់ពន្ធនាគារខេត្តបន្ទាយមានជ័យវិញនៅថ្ងៃទី ០៩ វិច្ឆិកាស្អែកនេះ បន្ទាប់ពីពន្ធនាគារនេះត្រូវបានលាងសម្អាត នឹងរៀបចំហដ្ឋារចនាសម្ព័ន្ធបានល្អឡើងវិញ។
លោក ហ៊ីម សុផល ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា អ្នកទោសចំនួន ៨៦២ នាក់ ដែលត្រូវបានជម្លៀសទៅកាន់ខេត្តបាត់ដំបង និងខេត្តសៀមរាបនៅពេលទឹកជំនន់បានជន់លិចពន្ធនាគារខេត្តបន្ទាយ មានជ័យកាលពីខែតុលានោះ នឹងត្រូវដឹកបញ្ជូនត្រឡប់មកឃុំខ្លួននៅក្នុងពន្ធនាគារនេះវិញ។
លោកបានបន្តថា៖« ក្រុមអ្នកទោសទាំងនោះនឹងត្រូវបានគេដឹកជញ្ជូនតាមរថយន្តចំនួន ១០ គ្រឿងរបស់អគ្គនាយកដ្ឋាន ភស្តុភាក្រសួងមហាផ្ទៃ និងមានកម្លាំងអនុរក្សពន្ធនាគារ ជាច្រើននាក់ចាំការពារនៅតាមផ្លូវ»។
លោក សុផល បានបន្តថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៣ ក្រោយពីទឹកជំនន់បានស្រកទៅវិញ ក្រុមអ្នកទោសចំនួន៥០នាក់ ដែលមានទោសស្រាល ត្រូវបានគេបញ្ជូនឲ្យមកសហការជាមួយមន្ត្រីពន្ធនាគារ ដើម្បីលាងសម្អាត និងរៀបចំជួសជុលហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារមួយចំនួនឡើងវិញ។
កាលពីថ្ងៃទី១០ ខែ តុលា ឆ្នាំ២០១៣ ទឹកជំនន់បានហូរបុកយ៉ាងគំហុកចូលទៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យបាក់របងទិសខាងជើង។ អ្នកទោស ចំនួន ៨៤២នាក់ ក្នុងនោះស្ត្រី១២៤នាក់ ត្រូវបានគេជម្លៀសចេញជាបន្ទាន់ ទៅដាក់ជាបណ្ដោះអាសន្ននៅពន្ធនាគារ ខេត្ដសៀមរាបចំនួន ៥០០នាក់ និងខេត្តបាត់ដំបងចំនួន ៣៤២នាក់។ ទោះយ៉ាងណាក្ដីក្នុងហេតុការណ៍នោះ មិនមាននរណាម្នាក់ទទួលរង គ្រោះថ្នាក់នោះទេ ៕