ថ្ងៃ សៅរ៍ 09 វិច្ឆិកា 2013
ដោយ ញឹម សុផល
RFI
កម្មកររោងចក្រកាត់ដេរនិងបោកគក់ SL គ្រោងនឹងដើរដង្ហែរក្បួនបាតុកម្មជាថ្មីម្តងទៀត ឆ្ពោះទៅកាន់ភូមិគ្រឹះលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅដើមសប្តាហ៍ក្រោយ។ ការសម្រេចចិត្តចុះដើរតាមផ្លូវជាថ្មីនេះ គឺដោយសារតែមានបញ្ហាជាប់គាំង មិនអាំចដោះស្រាយរួចជាំច្រើនខែ ហើយពួកគេចាំបាច់ស្វែងរកកិច្ចអន្តរាគមន៍ជាថ្មី ពីលោកនាយករដ្ឋមន្ត្រី។

កម្មកររោងចក្រSL នៅតែបន្តធ្វើបាតុកម្មព្រោះតែគ្មានដំណោះស្រាយ។ @rfi/sophall
កម្មករកម្មការិនីនៃរោងចក្របោកគក់សម្លៀកបំពាក់SL ដែលមានទីតាំងស្ថិតនៅក្នុងខ័ណ្ឌ
មានជ័យរាជធានីភ្នំពេញគ្រោងនឹងដង្ហែរក្បួនបាតុកម្មជាថ្មីម្តងទៀតនៅដើមសប្តាហ៍ក្រោយ ឆ្ពោះទៅកាន់មុខភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំកិច្ចអន្តរាគមន៍ជាលើកទី២ ពីប្រមុខរដ្ឋាភិបាល។
ការគ្រោងដង្ហែរក្បួនតវ៉ានេះបានធ្វើឡើងបន្ទាប់ពីក្រុមកម្មករដែលអះអាងថាមានចំនួនជាង៣ពាន់នាក់ មិនបានចូលធ្វើការចាប់តាំងពីមានវិវាទជាង ៣ខែហើយនោះ ធ្វើការតវ៉ានៅខាងមុខរោងចក្រមិនបានទទួលលទ្ធផលនិងគ្មានដំណោះស្រាយជឿនលឿនណាមួយដែលអាចទទួលយកបាន។
អគ្គលេខាធិការ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា (C-CAWDU)
ប្រចាំរោងចក្រ SL លោក អ៊ូច នឿន បានរៀបរ៉ាប់ឲ្យដឹងថា កម្មករមួយចំនួនដែលបានចូលទៅធ្វើការវិញបន្ទាប់ពីផ្តាច់ខ្លួនពីការតវ៉ានៅមុខរោងចក្រ ត្រូវបានគាបសង្កត់ផ្នែកលក្ខខណ្ឌការងារ
បន្ថែមទៀត ព្រមទាំងមានការយឺតយ៉ាវក្នុងការបើកប្រាក់ខែដែលក្រុមហ៊ុនបានសន្យាផ្តល់ឲ្យ
៥០ភាគរយដោយសារតែមូលហេតុធ្វើកូដកម្ម។
លោក វង្ស សុវណ្ណ អគ្គលេខាធិការរងគណកម្មាធិការដោះស្រាយបញ្ហាបាតុកម្ម កូដកម្មគ្រប់រូបភាព បានប្រាប់វិទ្យុ RFI ថា គណកម្មការរបស់លោកបានប្រឹងប្រែងសម្របសម្រួលជាច្រើនលើក ក៏ប៉ុន្តែមិនអាចដោះស្រាយបានដោយហេតុថា ថៅកែរោងចក្រ មិនអាចផ្តល់ប្រាក់ដល់កម្មករ អំឡុងពេលដែលពួកគេធ្វើកូដកម្ម ដែលនាំឲ្យមានការខាតបង់ចំណូលរបស់ក្រុមហ៊ុន។
លោក វង្ស សុវណ្ណ បញ្ជាក់ថាចំណុចនេះជាទំនាស់ផលប្រយោជន៍ដែលស្ថិតនៅក្រៅច្បាប់ ហើយគណកម្មការរបស់លោក មិនអាចដាក់ការគាបសង្កត់ទៅលើភាគីទាំងពីរឲ្យមានការសម្របសម្រួលត្រូវរ៉ូវគ្នាបានឡើយ។ គឺអាចធ្វើបានតែអ្វីដែលមាននៅក្នុងច្បាប់។
ទោះជាយ៉ាងនេះក្តីថៅកែរោងចក្រ SL មិនមានការធ្វើអត្ថាធិប្បាយណាមួយទាក់ទងទៅនឹងបញ្ហានេះឡើយ។មន្ត្រីសហជីពថ្លែងថា ប្រសិនបើពុំមានដំណោះស្រាយពួកគេនឹងដើរហែក្បួន៣ថ្ងៃជាប់គ្នានៅក្នុងទីក្រុងភ្នំពេញ។
សូមរំលឹកថា កូដកម្មដែលមានការអូសបន្លាយជាច្រើនខែមកនេះ បានធ្វើឲ្យកម្មករមួយចំនួនដាច់ស្បៀងហើយឆ្លៀតទៅធ្វើការនៅរោងចក្រដទៃទៀត និងខ្លះទៀតរើអីវ៉ាន់ពីផ្ទះជួលទៅសុំផ្ទះបងប្អូនស្នាក់នៅហើយមួយចំនួនទៀតត្រូវវិលត្រលប់ទៅស្រុកកំណើតវិញនៅតាមបណ្តាខេត្ត។ វិបត្តិនៃរោងចក្រនេះត្រូវបានអន្តរាគមន៏ដោយទីស្តីការគណរដ្ឋមន្ត្រីដោយស្នើសុំឲ្យមានការចរចាគ្នាដោយមិនមានការរំខានពីជនបង្អែក និងស្នើសុំឲ្យដកពាក្យប្តឹងប្តល់ទៅតុលាការ។ ការបង្គាប់នេះបានធ្វើឡើងបន្ទាប់ពីមានការហែរក្បួនទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រីកាលពីខែមុន។ជាមួយគ្នានេះបញ្ហាក៏មិនអាចដោះស្រាយបានជាមួយនឹងការសម្របសម្រួលពីរដ្ឋមន្ត្រីក្រសួងការងារ និងអាជា្ញធរក្រុងភ្នំពេញ។អន្តរាគមន៍ពីអ្នកបញ្ជាទិញអន្តរជាតិ និងយុទ្ធនាការនានាដែលបានធ្វើកន្លងមកហាក់ដូចជានៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ៕
ចង់ហែរក្បួន១០០ដងទៀត ក៏អាខ្ខាក់មិនខ្វល់និងឈឺក្បាលហាលថ្ងៃអីដែរ…ព្រោះវាយល់ថាអាពួកកម្មករហ្នឹងមិនបានបោះឆ្នោតអោយវា និងម្យ៉ាងទៀតវាខ្វាក់ផងមើលពួកកម្មករមិនឃើញទេ….!