ដោយ៖ ញឹម សុខន
ថ្ងៃអាទិត្យ ទី10 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
នាយទាហាន និងពលទាហាន ឈរជើងនៅជិតប្រាសាទព្រះវិហារ បង្ហើបឲ្យVODដឹងនៅថ្ងៃអាទិត្យនេះថា ពួកគេត្រូវបានណែនាំឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងតំបន់ឈរជើងរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
ថ្លែងដោយសុំមិនឲ្យបញ្ចេញអត្តសញ្ញាណ នាយទាហាន និងពលទាហាន ឈរជើងនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ ជិតប្រាសាទព្រះវិហារ ឲ្យដឹងថា ពួកគេត្រូវបានមេបញ្ជាការ ឲ្យបង្កើនការប្រុងប្រយ័ត្ន នៅទីតាំងដែលខ្លួនឈរជើង ដោយផ្អាកការសុំអនុញ្ញាតច្បាប់មួយរយៈ មិនឲ្យដើរឆ្ងាយពីទីតាំងដែលខ្លួនឈរជើង ត្រៀមស្បៀងអាហារបម្រុងទុក ជាដើម។
ការបង្កើនការប្រុងប្រយ័ត្ន នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជិតប្រាសាទព្រះវិហារនេះ ធ្វើឡើងខណៈ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ICJ នឹងប្រកាសសាលដីកានៅថ្ងៃចន្ទស្អែកនេះ ទាក់ទិននឹង ដីទំហំ៤,៦គីឡូម៉ែត្រក្រឡា នៅជិតប្រាសាទព្រះវិហារខ្មែរ ដែលថៃទាមទារឲ្យដាក់ជាតំបន់ត្រួតស៊ីគ្នា។
ការទាមទារនេះ ធ្វើឡើងក្រោយពីកម្ពុជាបានដាក់ប្រាសាទព្រះវិហារ ជាបេតិកភ័ណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ រហូតមានផ្ទុះអាវុធបង្ហូរឈាមគ្នា ដោយសាភាគីកម្ពុជាមិនព្រមប្រគល់កម្មសិទ្ធិរបស់ខ្លួនទៅឲ្យភាគីថៃ។
នៅឆ្នាំ១៩៦២ តុលា ការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានចេញសាលដីកាម្តងហើយថា ប្រាសាទព្រះវិហារ និងដីនៅតំបន់នោះជាកម្មសិទ្ធិរបស់ខ្មែរ។ ប៉ុន្តែដោយសារភាគីថៃនៅតែមានមហិច្ឆតាចង់បាន ទើបកម្ពុជាប្តឹងឲ្យតុលាអន្តរជាតិមួយនេះបកស្រាយសាលដីកានេះឡើងវិញ។
យ៉ាងណាក៏ដោយ ទាំងភាគីកម្ពុជា និងភាគីថៃ បានសន្យាថា នឹងមិនបង្កភាពតានតឹងណាមួយនៅតាមព្រំដែនកម្ពុជា-ថៃទេ ក្រោយការប្រកាសសាលដីកា របស់តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេនេះ៕
សូមសរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
តាមពិតទៅប្រជាជននៃប្រទេសទាំងពីគេដឹងច្បាស់ណាស់ពីប្រវត្តិសាស្ត្រនោះ តែអ្វីដែលធ្វើឲ្យប្រទេស ទាំងពីចលាចលនោះគឺអ្នកនយោបាយទាំងនោះឯងចង់បានប្រយោជននិងកេងចំណេញសម្រាប់បក្ស របស់ខ្លួនពីជំលោះព្រំដែនប្រាសាទព្រះវិហារ។ ដូចជាបច្ចុប្បន្ននេះអញ្ចឹងបើតាមប្រជាជនទាំងសង់ខាង នោះមិនជាស្អីនោះប៉ុន្មានទេ ហើយប្រសិនបើអ្នកនយោបាយប្រទេសទាំងសងខាងចង់ចំណេញ នយោបាយនោះគឺបានមកដល់ទៀតហើយ ព្រោះប្រទេសកម្ពុជាក៍កំពុងតែជាប់គាំងនយោបាយ ហើយ ប្រទេសថៃក៍កំពុងតេជ្រួលច្របល់នយោបាយ។ ដូច្នេះជាសរុបប្រសិនបើមានជំលោះប្រដាប់អាវុធកើត ឡើងខ្ញុំគិតថា មកពីអ្នកនយោបាយប្រទេសទាំងពីជាអ្នកបង្កើតដើម្បីផលប្រយោជន៍នយោបាយរបស់ បក្សរៀងៗខ្លួនតែប៉ុណ្ណោះដែលធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរមើលមុខគ្នាមិនចំនោះ។