ប្រជាពលរដ្ឋ​អះអាង​ថា​មាន​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់​នៅ​ខេត្ត​ព្រះវិហារ

គេហទំព័រ​ជា​ភាសា​អង់គ្លេស​មួយ បាន​ចាត់​ទុក​ជីវិត​សត្វ​ព្រៃ​ថា​មាន​សារសំខាន់​យ៉ាង​ខ្លាំង ទាក់ទង​នឹង​ទំនៀម​ទម្លាប់​ខ្មែរ ជាពិសេស ពាក់ព័ន្ធ​ទៅ​នឹង​ជំនឿ​សាសនា​នៃ​ជនជាតិ​ភាគ​តិច។ ក៏ប៉ុន្តែ បច្ចុប្បន្ន​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់​ម៉ឺន​ហិកតារ ជា​ច្រើន​កន្លែង​ទៅ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ ការ​សម្លាប់ រួម​ទាំង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ផង កំពុង​ធ្វើ​ឱ្យ​សត្វ​ជាច្រើន​ប្រភេទ​បាត់​បង់​ជា​បន្តបន្ទាប់​គួរ​ឱ្យ​ព្រួយ​បារម្ភ។

ដោយ ហង្ស សាវយុត
2013-11-09
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សាច់​សត្វ​ព្រៃ​ដែល​ត្រូវ​គេ​សម្លាប់​យក​មក​ធ្វើ​ម្ហូប (Photo courtesy of Asean-Wen)

សាច់​សត្វ​ព្រៃ​ដែល​ត្រូវ​គេ​សម្លាប់​យក​មក​ធ្វើ​ម្ហូប (Photo courtesy of Asean-Wen)

ប្រភព​ពី​ប្រជាពលរដ្ឋ បាន​ឱ្យ​ដឹង​ថា មាន​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់​មួយ​កន្លែង នៅ​ក្នុង​ឃុំ​រមណី ស្រុក​រវៀង ខេត្ត​ព្រះវិហារ។

សកម្មភាព​ឈ្មួញ​ចាំ​ទទួល​ទិញ​សត្វ​ព្រៃ ហើយ​យក​ទៅ​លក់​ដូរ​បន្ត​ទៀត​នោះ ហាក់​មិន​មាន​ការ​បង្ក្រាប​ពី​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ឬ​ក៏​អាជ្ញាធរ​មូលដ្ឋាន​ណា​មួយ​ទេ។

បុរស​ម្នាក់ គឺ​ជា​ប្រជាពលរដ្ឋ​នៅ​ស្រុក​រវៀង។ គាត់​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៩ ខែ​វិច្ឆិកា ថា តូប​លក់​ឥវ៉ាន់​មួយ​កន្លែង​នៅ​ក្នុង​ភូមិ​ជីអោក ទល់​មុខ​គ្នា​នឹង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ (មេគង្គ) នា​ឃុំ​រមណី ស្រុក​រវៀង កំពុង​តែ​ទទួល​ទិញ​សត្វ​ព្រៃ​យ៉ាង​សកម្ម។ បុរស​ដដែល​បាន​បញ្ជាក់​ថា មាន​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ ត្រូវ​បាន​គេ​យក​ទៅ​លក់​ឱ្យ​ម្ចាស់​តូប​នោះ ក៏ប៉ុន្តែ​លោក​មិន​ដែល​ឃើញ​សមត្ថកិច្ច​ណា​ចុះ​បង្ក្រាប​ទេ៖ «ដូច​ជា​សត្វ​កាំប្រមា និង​សត្វ​នៅ​ខាង​ស្រុក​លើ គេ​ហៅ​ខ្យង ក្ដាន់​ញ៉ែង ហើយ​និង​រញី ជ្រូក​ព្រៃ​មួយៗ។ គាត់​យក​មក​ច្រើន​ណាស់ ជាក់ស្ដែង គឺ​មាន​រាល់​ថ្ងៃ​តែ​ម្ដង ឈ្មួញ​កណ្ដាល​នៅ​ចាំ​ទិញ​នៅ​កន្លែង​ហ្នឹង»

អ្នក​ភូមិ​ដដែល បាន​បញ្ជាក់​ទៀត​ថា ការ​ចាំ​ទទួល​ទិញ​សត្វ​ព្រៃ​នៅ​កន្លែង​នោះ គឺ​មាន​រយៈពេល​តាំង​ពី ២​ឆ្នាំ​មុន រហូត​មក​ដល់​បច្ចុប្បន្ន។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​អាជ្ញាធរ​ស្រុក​រវៀង ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ដែល​រស់​នៅ​ក្នុង​ទី​រួម​ខេត្ត​ព្រះវិហារ បាន​អះអាង​ដូច​គ្នា​ថា នៅ​តំបន់​ជីអោក នោះ ជាច្រើន​ឆ្នាំ​មក​ហើយ គឺ​មាន​ការ​ចាប់ និង​បរ​បាញ់​សត្វ​ព្រៃ​ដើម្បី​យក​មក​លក់​ដូរ​នៅ​តាម​ភោជនីយដ្ឋាន​ខ្លះ ដើម្បី​ធ្វើ​ម្ហូប៖ «ជីអោក នោះ ជា​កន្លែង​សំខាន់​ណាស់​ដែល​នាំ​សត្វ​ព្រៃ​មក​លក់​នៅ​ភ្នំ​ដែក ភ្នំ​អី។ កាល​ពី​កន្លង​មក ខ្ញុំ​ឃើញ​គេ​បាញ់​សត្វ​ប្រើស សត្វ​ឈ្លូស យក​មក​លក់​នៅ​ភ្នំ​ដែក ហ្នឹង​ឯង យក​មក​ធ្វើ​ម្ហូប​អាហារ»

មិន​មែន​តែ​ស្រុក​រវៀង មួយ​ទេ ដែល​មាន​ការ​ជួញ​ដូរ និង​សម្លាប់​សត្វ​ព្រៃ គឺ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត រួម​ទាំង​ទី​រួម​ខេត្ត​ព្រះវិហារ ផង ក៏​មាន​ការ​ជួញ​ដូរ​ស្បែក ឆ្អឹង និង​ឈាម​ប្រភេទ​សត្វ​កម្រ​មួយ​ចំនួន​ដែរ។

ប្រជាពលរដ្ឋ​នៅ​ក្នុង​ទី​រួម​ខេត្ត​ព្រះវិហារ បាន​ឱ្យ​ដឹង​ថា កាល​ពី​៥-៦​ឆ្នាំ​មុន នៅ​ក្នុង​ទី​រួម​ខេត្ត​ព្រះវិហារ គឺ​មាន​ទាំង​ការ​ដាក់​លក់​ឆ្អឹង ស្បែក និង​ឈាម​សត្វ​កែះ ផង ក៏ប៉ុន្តែ ដោយសារ​តែ​សមត្ថកិច្ច​ធ្លាប់​ធ្វើ​ការ​បង្ក្រាប គឺ​ការ​លក់​បែប​នេះ​បាន​ប្ដូរ​ទៅ​ជា​ការ​លួច​លាក់​មិន​ចំហ។

កាល​ពី​ជាង ៦​ខែ​មុន មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ធ្លាប់​បាន​ចុះ​ចាប់​ការ​លក់​សាច់​សត្វ​ព្រៃ​ម្ដង។ ហើយ​កាល​ពី​ជាង​កន្លះ​ខែ​មុន គឺ​មន្ត្រី​រដ្ឋបាល​ព្រៃ​ដដែល ក៏​ចុះ​ចាប់​ការ​លក់​សាច់​ជ្រូក​ព្រៃ​ម្ដង​ទៀត ដោយ​រឹបអូស​យក​បាន​សាច់​ចំនួន​ជាង ១០​គីឡូក្រាម។

បើ​ទោះ​បី​ជា​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ការ​ជួញ​ដូរ និង​លក់​សាច់​សត្វ​ព្រៃ​ខ្លះ​ក៏ដោយ ក៏​អ្នក​ភូមិ​ជឿ​ថា សកម្មភាព​ជួញ​ដូរ​សត្វ​ព្រៃ​នៅ​ខេត្ត​ព្រះវិហារ មិន​ទាន់​បញ្ឈប់​ទេ គឺ​ក្រុម​ឈ្មួញ​នៅ​តែ​លួច​ជួញ​ដូរ ដោយ​លាក់​បាំង​ពី​ភ្នែក​របស់​សមត្ថកិច្ច និង​អាជ្ញាធរ​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles