ការប្រឡងប្ដូរប្រភេទក្របខ័ណ្ឌគ្រូបង្រៀន ដែលរៀបចំឡើងដោយក្រសួងអប់រំ នឹងត្រូវចូលមកដល់នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣។ ទន្ទឹមគ្នានេះ ក៏មានព័ត៌មានជាច្រើនទាក់ទងទៅនឹងភាពមិនប្រក្រតី ដូចជាការកំណត់ហាងឆេងសម្រាប់បង់លុយប្ដូរក្របខ័ណ្ឌ និងការតម្រូវឲ្យបេក្ខជនជាគ្រូបង្រៀន ត្រូវទិញពាក្យ និងបង់លុយថ្លៃពាក្យប្រឡងជាដើម។
ដោយ សួន សុផលមុន្នី
2013-11-10
RFA

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នៅទីស្នាក់ការរបស់សមាគមគ្រូបង្រៀន នាទីក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣។ RFA/Den Ayuthyea
ស្របពេលដែលការប្រឡងប្ដូរក្របខ័ណ្ឌមន្ត្រីរាជការក្នុងក្រសួងអប់រំ នឹងចូលមកដល់នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ មានដំណឹងជាច្រើនត្រូវបានគេបង្ហើបឲ្យដឹងទាក់ទិនទៅនឹងភាពមិនប្រក្រតីនៃការកំណត់ហាងឆេងបង់លុយ ដើម្បីប្ដូរក្របខ័ណ្ឌ ដែលតម្លៃចាប់ ១.៥០០ដុល្លារឡើងទៅ ៣ពាន់ដុល្លារ សម្រាប់គ្រូបង្រៀនម្នាក់ៗ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ថ្លែងថា ការកំណត់ហាងឆេងសម្រាប់ប្ដូរក្របខ័ណ្ឌគ្រូបង្រៀននេះ បានកើតមានឡើងតាំងពីដើមខែវិច្ឆិកា។ បញ្ហានេះ កំពុងធ្វើឲ្យគេមានការព្រួយបារម្ភពីគុណភាពអប់រំ ដែលនាំទៅរកផលប៉ះពាល់ដល់ការអភិវឌ្ឍសង្គមថែមទៀត៖ «មានហាងឆេងពី ១.៥០០ ទៅ ៣ពាន់ដុល្លារ សម្រាប់ការផ្លាស់ប្ដូរក្របខ័ណ្ឌប្រភេទ (ខ) ទៅ (ក) (គ) មក (ខ) អីហ្នឹង យើងកំពុងធ្វើការងារហ្នឹងបន្តទៀត ដើម្បីយ៉ាងណាយើងនឹងលើកបញ្ហាហ្នឹងដាក់ជូនក្រសួងអប់រំ ឲ្យពិនិត្យមើល និងទប់ស្កាត់ប្រភពដែលមានហាងឆេងហ្នឹង»។
ក្រៅពីការកំណត់ហាងឆេងប្ដូរប្រភេទក្របខ័ណ្ឌគ្រូបង្រៀននេះ នៅមានភាពមិនប្រក្រតីជាច្រើនទៀត ទាក់ទិនទៅនឹងការតម្រូវឲ្យបេក្ខជនប្រឡង ទិញពាក្យ និងបង់លុយថ្លៃដាក់ពាក្យប្រឡងនៅតាមខេត្តក្រុងជាច្រើនទៀត។ ជាក់ស្ដែង ដូចជានៅក្នុងខេត្តបាត់ដំបង។
ប្រភពពីក្រុមគ្រូបង្រៀនដែលសុំមិនបញ្ចេញឈ្មោះ អះអាងថា នៅខេត្តបាត់ដំបង គេបានកំណត់ឲ្យបេក្ខជនប្រឡងទាំងអស់ ត្រូវទិញពាក្យប្រឡងថ្លៃ ៥ពាន់រៀល ហើយនៅពេលយកពាក្យនោះទៅដាក់ប្រឡង ត្រូវបង់លុយចំនួន ៥ពាន់រៀលថែមទៀត៖ «តាមពិត ធម្មតាគេបង់តែ ២ពាន់ទេ ប៉ុន្តែគាត់ខាងមន្ទីរអប់រំហ្នឹង គាត់យក ៥ពាន់រៀល។ បើខ្ញុំស៊ើបទៅសម្រាប់លោកប្រធានអនុប្រធានការិយាល័យនៅតាមស្រុក ដូចជាមិនត្រូវការឲ្យបង់លុយអីទេ ខាងខ្ញុំសុំឲ្យមន្ទីរអប់រំហ្នឹង គិតអំពីបញ្ហាហ្នឹង កុំឲ្យគាត់ចេះតែយកដោយអត់មានការ មិនដឹងថា យកពីមូលហេតុអី ព្រោះការប្រឡងជាទូទៅ ច្រើនតែចែកក្រដាស ៤សន្លឹក ៥ពាន់រៀល វាហាក់ដូចថ្លៃណាស់សម្រាប់ខ្ញុំនៅស្រុកឆ្ងាយ ព្រោះត្រូវធ្វើដំណើរឆ្ងាយ ហើយចំណាយលើបញ្ហាហ្នឹងទៀត»។
វិទ្យុអាស៊ីសេរី ពុំអាចសុំការបញ្ជាក់ពីមន្ត្រីក្រសួងអប់រំ ជុំវិញព័ត៌មាននៃការកំណត់ហាងឆេងប្ដូរក្របខ័ណ្ឌគ្រូបង្រៀន និងការលក់ពាក្យប្រឡងនេះបានទេ។
ទាក់ទិនការលក់ពាក្យប្រឡង និងតម្រូវឲ្យបង់លុយថ្លៃដាក់ពាក្យប្រឡងនេះ ប្រធានមន្ទីរអប់រំខេត្តបាត់ដំបង លោក ងី សែត មានប្រសាសន៍ថា ក្រសួងអប់រំ ពុំបានតម្រូវឲ្យបេក្ខជនប្រឡង ទិញពាក្យ និងបង់លុយថ្លៃដាក់ពាក្យប្រឡងនោះទេ ប៉ុន្តែដោយសារមន្ទីរអប់រំត្រូវការចំណាយច្រើនទៅលើការថតចម្លងពាក្យប្រឡងច្រើន ទើបខាងមន្ទីរតម្រូវឲ្យធ្វើដូច្នេះ៖ «តាមពិត កាលពីដំបូង គឺយើងអត់បានយកលុយទេ ក៏ប៉ុន្តែក្រោយមក ក្រសួងបានណែនាំថា ឲ្យគ្រូដាក់ពាក្យប្រឡងបានទាំងអស់គ្នា។ អ៊ីចឹង យើងខ្វះពាក្យចាត់ចែងជូនគាត់ អ៊ីចឹងបានខាងការិយាល័យបុគ្គលិកគេសុំថវិកាខ្លះ ដើម្បីជួយចំណាយរឿងថតចម្លង»។
ថ្មីៗនេះ ក្រសួងអប់រំ បានប្រកាសសម័យប្រឡងប្ដូរប្រភេទក្របខ័ណ្ឌគ្រូបង្រៀនពីក្របខ័ណ្ឌ (គ) ទៅក្របខ័ណ្ឌ (ខ) និងពីក្របខ័ណ្ឌ (ខ) ទៅក្របខ័ណ្ឌ (ក) នៅទូទាំងប្រទេសកម្ពុជា។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានប្រៀបធៀបសម័យប្រឡងដែលរៀបចំឡើងដោយក្រសួងអប់រំ ម្ដងៗនោះ ទៅនឹងរដូវភ្ជុំបិណ្ឌរបស់មន្ត្រីថ្នាក់លើជាអ្នកគ្រប់គ្រង ដែលឋានៈធំៗនៅក្នុងក្រសួងអប់រំ។ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ យល់ថា បញ្ហានេះទាមទារឲ្យក្រសួងអប់រំ មានវិធានការទប់ស្កាត់ បើពុំដូច្នេះទេ វិស័យអប់រំពុំទទួលបាននូវគុណភាព ប្រសិទ្ធភាពខ្ពស់ដែលនាំឲ្យមានការប៉ះពាល់ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ស្ថានទូតអាមេរិករៀបចំវេទិកាពិភាក្សាស្ដីពីការលើកកម្ពស់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ
- គ្រូបង្រៀននៅវិទ្យាល័យខេត្តកំពង់ធំរងការចោទថារើសអើងសិស្ស
- អាជ្ញាធរខេត្តមណ្ឌលគិរីរងការចោទថាជំរិតទារប្រាក់ពីពលរដ្ឋដឹកជន្លង់តាមរទេះគោ
- បេក្ខជនប្រឡងគ្រូអនុវិទ្យាល័យនៅព្រៃវែងថាមានសិស្សប្រឡងជាប់ដោយគេប្រឡងជំនួស
- ក្រុមគ្រូបង្រៀនមកពី២១រាជធានី-ខេត្ត គ្រោងទាមទារឱ្យរដ្ឋាភិបាលដំឡើងប្រាក់បៀវត្ស
- ប្រធានគណនេយ្យអប់រំស្រុកនៅស្វាយរៀងរងការចោទថាពុករលួយកាត់ប្រាក់ខែគ្រូ
- មន្ត្រីអប់រំស្រុកនៅកំពង់ឆ្នាំងរងការចោទថាប្រព្រឹត្តអំពើពុករលួយ
- និស្សិតស្នើសុំរដ្ឋមន្ត្រីក្រសួងអប់រំថ្មីប្រគល់សញ្ញាបត្រឲ្យបានឆាប់
- មន្ត្រីសុខាភិបាលខេត្តស្វាយរៀងរងការចោទថាលម្អៀងក្នុងការផ្ទេរឈ្មោះមន្ត្រីពេទ្យ