ដោយ៖ ថុល ស្រីលក្ខណ៍ និង អ៊ឹង ប៊ុនថន
ថ្ងៃសុក្រ ទី22 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
បុគ្គលិកមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ សើស្បែក និងកាមរោគ(NCAHDS) អំពាវនាវឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ចុះស៊ើបអង្កេត ការប្រព្រឹត្តអំពើពុករលួយ ដែលហៅថាជាប្រព័ន្ធក្នុងការដេញថ្លៃទិញឱសថពន្យាជីវិត។
ការបន្តបរិហារ្តិ៍នៃរឿងអាស្រូវក្នុងវិស័យសុខាភិបាលនេះ កើតឡើងបន្ទាប់ពីមូលនិធិសកល កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ រកឃើញថា មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ បាណកសាស្ត្រ(CNM) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ(NCHARDS) ដែលស្ថិតនៅក្រោមចំណុះក្រសួងសុខាភិបាល និងអង្គការមេឌីខាំជាបណ្តាញអង្គការក្រៅរដ្ឋាភិបាលដ៏ធំមួយ បានចូលរួមក្នុងបណ្តាញប្រព្រឹត្តអំពើពុករលួយ លើប្រាក់ជំនួយ២២០លានដុល្លារ។ ជំនួយនោះផ្តល់មកឲ្យស្ថាប័នចំណុះក្រសួងសុខាភិបាលកម្ពុជា តាមរយៈ ការដេញថ្លៃមួយចំនួនមានភាពមិនប្រក្រតី ការកិបកេងប្រាក់ជំនួយ និងការប្រើប្រាស់ប្រាក់ជំនួយខុសគោលដៅ។ ប៉ុន្តែមូនិធិនេះ តម្រូវឲ្យក្រសួងសុខាភិបាល សងលុយដែលពុករលួយប្រមាណជាង៤០ម៉ឺនដុល្លារត្រលប់ទៅវិញ។
លិខិតរបស់បុគ្គលិកនៃក្រសួងសុខាភិបាល ដែលសុំមិនបញ្ចេញឈ្មោះ ផ្ញើមកកាន់VODនៅថ្ងៃសុក្រនេះ បានសរសេរថា មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ សើស្បែក និងកាមរោគ បានប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ គឺចាប់ពីប្រធាន លោក មាន ឈីវុន អនុប្រធាន លោក លឹម យី កូនប្រសារ លោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និង លោក ម៉ម សុវត្ថា ជាកូនប្រុសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។ លិខិតដដែលឲ្យដឹងទៀតថា នៅក្នុងស្ថាប័នទាំងមូលបានប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ពីការដេញថ្លៃឱសថពន្យាជីវិត សម្ភារៈបរិក្ខាពេទ្យ និងការសាងសង់អាគារ ព្យាបាលជំងឺអេដស៍ជាដើម។
លិខិតដដែលបន្ថែមទៀតថា ក្នុងមួយឆ្នាំៗមណ្ឌលនេះ ទទួលបានជំនួយ និងប្រាក់កំចីមិនតិចជាង ២០លានដុល្លាទេ ហើយរាល់ការដេញថ្លៃផ្សេងៗព្យាយាមដេញឲ្យបានថ្លៃជាងតម្លៃទីផ្សារ ដោយឡែកមន្ត្រីហិរញ្ញវត្ថុ និងគណនេយ្យ គឺប៉ិនប្រសព្វក្នុងការរៀបចំឯកសារដោយពិបាកក្នុងការរកឲ្យឃើញពីកំហុសឆ្គង។ តែក្រសួងសុខាភិបាល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍បដិសេធមិនទទួលខុសត្រូវចំពោះអំពើពុករលួយ កើតមានក្នុងស្ថាប័នថ្នាក់ក្រោមរបស់ខ្លួន ដែលម្ចាស់ជំនួយបានរកឃើញនោះ។
VODមិនអាចសុំការបំភ្លឺពី ប្រធាន និង អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺអេដស៍ សើស្បែក និងកាមរោគ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបាននៅឡើយ។ ប៉ុន្តែសេចក្តីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលទើបទទួលបាន បញ្ជាក់ថា ស្ថាប័ននេះ បានអនុវត្តការងារមានតម្លាភាពមួយចំនួន តែនៅមានបញ្ហាប្រឈម ការដេញថ្លៃ និងការចំណាយផ្សេងៗ មានតម្លៃខ្ពស់ជាងតម្លៃទីផ្សារ។
ប្រធានក្រុមអ្នកស្រាវជ្រាវឯករាជ្យ និងជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យមូនិធិសកល លោក កែម ឡី មានប្រសាសន៍ថា នេះជាលើកទី២ហើយនៃអំពើពុករលួយនៅក្នុងវិស័យសុខាភិបាល។ កាលពីឆ្នាំ២០០៩ ម្ចាស់ជំនួយតម្រូវឲ្យសងសំណងប្រមាណ១៣ម៉ឺនដុល្លារអាមេរិក និងស្ថាប័នខ្លះត្រូវបង្កកជំនួយ តែអ្នកទទួលខុសត្រូវមិនដែលទទួលទោសនោះទេ។ លោកព្រមានថា បើរដ្ឋាភិបាលមិនកែទម្រង់ទេ កម្ពុជានឹងការបាត់ជំនួយទៅថ្ងៃខាងមុខ ៖ "លុយមូលនិធិសកលតឹងហើយហ្នឹង រូបភាពមិនល្អ យើងបារម្ភខ្លាច យើងអត់ទទួលបានលុយជុំទី១១ ១២ ១៣ ១៤ ១៥ សម្រាប់បន្តទៅទៀត ពីព្រោះលុយជុំ៩ចុងក្រោយ លុយមូលនិធិសកលហ្នឹង ចប់នៅឆ្នាំ២០១៥ សួរថាតើនៅឆ្នាំបន្តទៀត រដ្ឋមានលុយដើម្បីជួយទេ គ្រាន់តែអេដស៍អាយវីមួយ លុយ ៥០លានដុល្លារក្នុងមួយឆ្នាំ នៅក្នុងហ្នឹងមូលនិធិសកលហ្នឹង គឺជួយច្រើនណាស់ ប្រហែលជា ៧០ ទៅ៨០ភាគរយទៅហើយ ក្រៅពីហ្នឹងគឺលុយ USAID បន្ថែមទៀត ហើយនិងលុយផ្សេងៗទៀត"។
នាយករងអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ សើស្បែក និងកាមរោគ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលសម្រាប់ជំនួយឥតសំណងរបស់អង្គការមូលនិធិសាកល ប្រចាំកម្ពុជា លោក ទា ផល្លា ទូរស័ព្ទមិនអាចទំនាក់ទំនងបានទេ។
លោក កែម ឡី ឲ្យដឹងទៀតថា តាំងពីឆ្នាំ២០០២ រហូតមកដល់ឆ្នាំ២០១៣ កម្ពុជាទទួលបានជំនួយពីមូនិធិសាកលចំនួន២២០លានដុល្លារ ក្នុងចំណោមទឹកប្រាក់ ដែលកម្ពុជាគ្រោងនឹងទទួលបានចំនួន៣៣០លានដុល្លារហូតដល់ឆ្នាំ២០១៥ តែលុយដែលនៅសល់កម្ពុជាមិនទាន់ទទួលបានទៀតនោះទេ។ លោកបន្តថា នេះជាហានិភ័យសម្រាប់អ្នកជំងឺអេដសន៍ពី៤ ទៅ៥លាននាក់ ដែលត្រូវការថ្នាំពន្យាជីវិតទៅថ្ងៃខាងមុខ៕
សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
