យុវជន និង​អាជីវករ​ក្នុង​រាជធានី​ភ្នំពេញ ត្រៀម​ជា​ស្រេច​ស្វាគមន៍​បុណ្យ​ណូអែល​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃអាទិត្យ ទី22 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

ហាងលក់ដូរមួយកន្លែងនៅម្តុំបាក់ទូក រៀបចំសម្រាប់ថ្ងៃបុណ្យណូអែល២៥ខែធ្នូ / ដោយតាំង វីដា

ហាងលក់ដូរមួយកន្លែងនៅម្តុំបាក់ទូក រៀបចំសម្រាប់ថ្ងៃបុណ្យណូអែល២៥ខែធ្នូ / ដោយតាំង វីដា

យុវជន និង​អាជីវករ​មួយចំនួន​​នៅ​រាជធានី​ភ្នំពេញ ត្រៀមខ្លួន​ជាស្រេច​សម្រាប់​​អបអរក្នុង​ពិធីបុណ្យ​ណូអែល ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ បើ​ទោះ​​ជា​ពិធី​នេះ មិនមែន​ជា​បុណ្យ​ប្រពៃណី​ជាតិ​របស់​ខ្មែរ​ក៏ដោយ​។​

យុវជន គីម សាន អាយុ ២៥​​ឆ្នាំ ចាត់ទុក​ពិធី​នេះ​ថា ជា​ឱកាស​ជួបជុំ​មិត្ត ដើម្បី​ចែករំលែក​សេចក្តី​រីករាយ និង​ផ្លាស់ប្តូរ​វត្ថុ​អនុស្សាវរីយ៍​។ គីម សាន យល់​ថា ពិធី​​បុណ្យ​ណូអែល មាន​លក្ខណៈ​ទូលំទូលាយ បង្ហាញ សេចក្តីស្រលាញ់​រវាង​មិត្តភក្តិ និង​មិត្ត​ភ័ក្តិ​។

​កញ្ញា លី​ណា អាយុ ២០​ឆ្នាំ ពេញចិត្ត​ចំពោះ​ពិធី​បុណ្យ​ណូអែល ព្រោះ​វេលា​បុណ្យ​នេះ មជ្ឈដ្ឋាន​ស៊ីវិល័យ ក្នុង​រាជធានី​ភ្នំពេញ គឺ​ត្រូវបាន​តុបតែង​ស្អាតៗ ឆ្លុះ​បញ្ចាំង​​ពី​វឌ្ឍនភាព នៃ​សង្គម​កម្ពុជា ចំពោះ​អរិយធម៌​បរទេស​។ យ៉ាងណាក៏ដោយ កញ្ញា ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ជាពិសេស​គឺ​យុវជន និង​យុវតី បង្កើន​ការប្រុងប្រយ័ត្ន មិន​ត្រូវ​ភ្លេចខ្លួន ភ្លើតភ្លើន នាំឲ្យមាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​នោះ​ទេ​។

 ជា​ទម្លាប់ ពិធី​បុណ្យ​ណូអែល យុវជន ភាគច្រើន ផ្លាស់ប្តូរ​កាដូ និង​វត្ថុ​អនុស្សាវរីយ៍​គ្នា​ទៅវិញទៅមក ដូចជា សម្លៀក​បំពាក់ តុ​ក្កតា សំបុត្រ​ជូនពរ (Postcards) នំ​Chocolate និង​ស្ករ​គ្រាប់​ជាដើម​។ ចំពោះ​ការតុបតែង​ផ្ទះ​វិញ គឺ​មាន​ការដាក់​ដាំ​ដើមឈើ គ្រីស​ស្មាស់ (Christmas) ដើម្បី​លម្អ​ផ្ទះ គួបផ្សំ​ជាមួយ​ភ្លើងពណ៌​អគ្គិសនី​ចម្រុះ និង​រូប​មនុស្ស​ទឹកកក​ផងដែរ​។

​បុគ្គលិក​បម្រើ​ការងារ​ក្នុង​ហាង​លក់​អនុស្សាវរីយ៍ smile កញ្ញា ស្រី ពៅ ឲ្យដឹងថា អំឡុង​ពាក់កណ្តាល​ខែ​ធ្នូ ឈានចូល​ថ្ងៃ​បុណ្យ​ណូអែល ២៥​ធ្នូ រហូតដល់​ដំណាច់​ឆ្នាំ វត្ថុ​អនុស្សាវរីយ៍ និង​ទំនិញ​ផ្សេងៗ គឺ​លក់ដាច់​ជាង​សព្វដង ។ កញ្ញា បន្តថា អ្នកទិញ​វត្ថុ​អនុស្សាវរីយ៍ ភាគច្រើន មាន​អាយុ​ចន្លោះ​ពី ១៨ ដល់​៣០​ឆ្នាំ និង​ជា​សិស្ស និង​និស្សិត ដែល​សិក្សា​នៅតាម​វិទ្យាស្ថាន​ភាសា​អង់គ្លេស​។

​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្ដិភាព​(PDP-Center) លោក យង់ គឹមអេង មានប្រសាសន៍ថា ពិធី​បុណ្យ​ណូអែល ជា​ឱកាស ចងមិត្តភាព​របស់​យុវជន និង​បុគ្គលិក​បម្រើ​ការងារ​តាម​ស្ថាប័ន​និមួយៗ ។ លោក​យល់ថា ពិធី​បុណ្យ​ណូអែល គឺ​មិន​ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ​នោះ​ទេ ខុស​ពី​ពិធី​បុណ្យ​នៃ​ក្តីស្រលាញ់ ឬ​ហៅ​ថា បុណ្យ​ស្នេហា​។

​ទន្ទឹម​នឹង​ការចូលរួម​អបអរ​ទិវា​នេះ ក្រុមហ៊ុន និង​ហាង​លក់​ទំនិញ​ជា​ច្រើន បាន​ឆ្លៀតឱកាស​នេះ រៀបចំ​កម្មវិធី​ពិសេស បញ្ចុះ​តម្លៃ​ទំនិញ និង​ការផ្តល់​រង្វាន់​ពិសេស​ជា​ដើម ដែល​ញ៉ាំង​ពិធីបុណ្យ​នេះ កាន់តែ​អ៊ូអរ និង​សប្បាយរីករាយ​។

(ហាងលក់វត្ថុអនុស្សាវរីយ៍មួយ រៀបចំទទួលថ្ងៃបុណ្យណូអែល/ដោយតាំង វីដា)

​ពិធី​បុណ្យ​ណូអែល ជា​ភាសា​អង់គ្លេស បុណ្យ​គ្រិស្ត​ម៉ាស ឬ​ណូអែល ចាប់ផ្តើម​ប្រារព្ធ​ឡើង​ប្រមាណ​ជា ២០០​ឆ្នាំ ក្រោយ​គ្រិស្តសករាជ​។ កាលពី​ឆ្នាំ ២២១ ប្រវត្តិវិទូ​សម័យ ក្រុង​រ៉ូម ឈ្មោះ Sextus Julius Africanus បានកំណត់​ក្នុង​សៀវភៅ ប្រ​វតិ្ត​ពិភពលោក​របស់​លោក ដោយ​យក​ថៃ្ង​ទី​២៥ ខែ​ធ្នូ ជា​ថៃ្ង​បុណ្យ​គ្រិស្ត​ម៉ាស​។ បុណ្យ​គ្រិស្ត​ម៉ាស នៅជាប់​នឹង​បុណ្យ​រដូវរងា ដែលជា​ឱកាស​សប្បាយរីករាយ របស់​ជនជាតិ​ជាច្រើន ក្នុង​តំបន់​ត្រជាក់ ចំហៀង​ខាងជើង នៃ​ពិភពលោក​។ បុណ្យ​នេះ ចាប់ផ្តើម​កើន​ប្រជាប្រិយភាព ខ្លាំង​ឡើង ចាប់​ពី​សតវត្សរ៍ ទី​៤ ក្នុង​អាណាចក្រ​រ៉ូមុំ​ា​ង រហូតមក​ទល់​បច្ចុប្បន្ន​នេះ​៕

​សរសេរ​មកកាន់ លោក ឡាយ សា​មាន តាមរយៈ​ laysamean168@yahoo.com

What Next?

Recent Articles