សម្ព័ន្ធ​សហជីព​ចំនួន​៤​ដាក់​ញត្តិ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​១៥៤​ដុល្លា​ទៅ​ស្ថាប័ន​ចំនួន​ពីរ​​

ដោយ៖​ ​ថុល ស្រី​លក្ខណ៍​
ថ្ងៃចន្ទ ទី23 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

សម្ព័ន្ធ​សហជីព និង​សហព័ន្ធ​សហជីព​៤ បាន​យក​ញត្តិ​ដែល​មាន​ស្មា​ម​មេដៃ​របស់​កម្មករ​ជាង​៧​ម៉ឺន​នាក់​ទាមទារ​តម្លើង​ប្រាក់ខែ​ដល់​១៥៤​ដុល្លារ ទៅ​ស្ថាប័ន​ចំនួន​២ ខណៈ​ក្រសួង​ការងារ​នឹង​ប្រជុំ​សម្រេច​ពី​ការកំណត់​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ​នៅ​ថ្ងៃស្អែក​នេះ​។​

​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ក្រុម​សហជីព​ដាក់​ញត្តិ​ទៅ​ដាក់​នៅ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា និង​ក្រសួង​ការងារ​។ លោក​ថា​ការ​ដាក់​ញត្តិ​ជាថ្មីទៀត​នេះ ដើម្បី​បង្ហាញ​ពី​ការចង់បាន​ប្រាក់ខែ​គោល​របស់​កម្មករ​ជា​ទុន​ក្នុង​ការពិភាក្សា​គ្នា​នៅ​ថ្ងៃស្អែក​។ លោក​បញ្ជាក់ថា ពេល​ដាក់​ញត្តិ​ស្ថាប័ន​ទាំង​២​នេះ​ស្វាគមន៍ ហើយ​សន្យាថា​នឹង​យក​ទៅ​ពិភាក្សា​គ្នា​ជាមួយ​ថ្នាក់លើ​។​

ក្នុង​ញត្តិ ដាក់ជូន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា និង​ក្រសួង​ការងារ​នោះ ទាមទារ​ចំនួន​៦​ចំណុច រួមមាន ទាមទារ​ប្រាក់​ឈ្នួល​កម្មករ​រហូត​ដល់​១៥៤​ដុល្លារ​ក្នុង​១​ខែ  បញ្ឈប់​ការប្រើប្រាស់​កិច្ចសន្យា​រយៈ ពេល​ខ្លី តម្កល់​ប្រាក់​អតីតភាព​កម្មករ​នៅ​ធនាគារ ស្នើរ​មិនឲ្យ​មាន​អ្នក​មាន​អំណាច​កាង​ពីក្រោយ​ក្រុមហ៊ុន ដោះស្រាយ​បញ្ហា​កម្មករ​រោងចក្រ​SL និង​ទាមទារ​ប្រាក់​ថ្លៃ​អាហារ​៣​ពេល​ដល់​កម្មករ​។​

បើ​តាម​សហជីព​បានឲ្យដឹងថា នៅ​ថ្ងៃស្អែក​នេះ​នឹង​មាន​កម្មករ​ប្រមាណ​ជា​៣០០​ទៅ​៥០០​នាក់ តំណាង​ឲ្យ​សហជី​ពតាម​ខេត្ត​មក​ជួបជុំគ្នា​នៅ​ខាង​មុខ​ក្រសួង​ការងារ ដើម្បី​ស្តាប់​លទ្ធផល​ចរចា​រវាង​សហជីព តំណាង​ថៅកែ​រោងចក្រ និង​ក្រសួង​ពាក់ព័ន្ធ​ពី​ការដំឡើង​ប្រាក់​ឈ្នួល​កម្មករ​៕

សូមសរេសេរមកកាន់អ្នកនាងថុល ស្រីលក្ខណ៍ sreyleak@vodhotnews.com

What Next?

Recent Articles