មន្ទីរ​អប់រំ​ខេត្តឧត្តមានជ័យជំ​ពា​ក់​ប្រាក់​ខែវិច្ចិកា​គ្រូបង្រៀន​ម្នាក់​១០​ម៉ឺន​រៀល​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​ និង ​នួន​បូរិន
ថ្ងៃអង្គារ៍ ទី24 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

ក្រុម​គ្រូបង្រៀន​គ្រប់​កម្រិត​សិក្សា​នៅ​ខេត្ត​ឧត្តរមានជ័យ ទទូច​សុំ​ក្រសួង​អប់រំ ឬ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ផ្ដល់​ប្រាក់ខែ​ដែល​មន្ទីរ​អប់រំ​ខេត្ត​នេះ​បាន​ជំពាក់ សម្រាប់ ខែវិច្ឆិកា ឆ្នាំ​២០១៣ ចំនួន​១០​ម៉ឺន​រៀល​ម្នាក់ៗ ត្រឡប់​មក​ឲ្យ​ពួកគាត់ ខណៈ​ដែល​គ្រូបង្រៀន​ទាំងនោះ រិះគន់ថា ប្រាក់​តិច​ហើយ ឆ្លៀត​បើកប្រាក់​ជំពាក់​ពួកគាត់​ទៀត ។​

តំណាង​គ្រូបង្រៀន​ខេត្ត​ឧត្តរមានជ័យ លោក ញ៉​ន សារុន បានឲ្យ​VOD​ដឹងថា ក្រសួង​បាន​បើក​ប្រាក់ខែ​ឲ្យ​គ្រូ​បង្រៀន​គ្រប់​កំរិត​នៅក្នុង​ខេត្ត​នេះ​មិន​គ្រប់​ចំនួន ដោយ​ជំពាក់​ម្នាក់​១០​ម៉ឺន​រៀល​សម្រាប់​ខែវិច្ឆិកា​។ លោក​បញ្ជាក់ថា បញ្ហា​នេះ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​គ្រូបង្រៀន​ដែលមាន​ប្រាក់ខែ​តិច តួ​ចនេះ​។​

​គ្រូ​បឋមសិក្សា​តាដេ​វ នៅ​ឃុំ​ត្រពាំង​សាវ ស្រុក​អន្លង់វែង របស់​ខេត្ត​នេះ​គឺ លោក ធឿន ធា​រិន មានប្រសាសន៍ថា ការបើក​ប្រាក់ខែ​យឺត និង​ជំពាក់​នេះ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​គ្រូ និង​គុណភាព​អប់រំ​។ លោក​ថា រដ្ឋាភិបាល​គួរតែ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យបាន​ឆាប់​។​

មន្ត្រី​រតនាគារ​ខេត្តឧត្តមានជ័យ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍ថា បញ្ហា​នេះ​ដោយសារ​រដ្ឋាភិបាល​ទើបតែ​ប្រកាស​ដំឡើង​កម្ម​ប្រាក់​ដល់​មន្ត្រីរាជការ ទៅ​តាម​កំរិត ទើប​ធ្វើឲ្យមាន​ការខ្វះខាត​ថវិកា ។​តែ​លោក​ថា​ប្រាក់ខែ​ទាំងនោះ នឹង​បញ្ចូល​ឲ្យ​គ្រូបង្រៀន​វិញ​នៅ​ពេល​បើក​ប្រាក់​សម្រាប់​ខែក្រោយ​។​

VOD​នៅ​មិនទាន់​សុំ​ការបំភ្លឺ​ករណី​នេះ​ពី​មន្ត្រី មន្ទីរ​អប់រំ​របស់​ខេត្ត ឧត្តរមានជ័យ បាន​ទេ​នៅ ថ្ងៃនេះ ។

កាលពី​ថ្ងៃ​ទី​១៨​ខែ​ធ្នូ គ្រូ​បង្រៀន​គ្រប់​កម្រិតសិក្សា​មាន​ចំនួន​ជាង ១​ពាន់​នាក់ មកពី​៥​ក្រុង​-​ស្រុក ក្នុង​ខេត្ត​ឧត្តរមានជ័យ ពួក​គាត់​ទទួលបាន​ប្រាក់បៀវត្ស​សម្រាប់​ខែវិច្ឆិកា ពី​មន្ទីរអប់រំ បន្ទាប់ពី​ពួកគាត់​ទទូច​ដល់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ជាពិសេស​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​ដល់​ផ្នែក​ពាក់ព័ន្ធ​ឲ្យ​បើក​ប្រាក់ខែ​ជូន​ពួកគាត់​ឲ្យបាន​ឆាប់​ប៉ុន្តែ ចំពោះ​ប្រាក់​១០​ម៉ឺន​រៀល​ដែល​ជំពាក់​គ្រូបង្រៀន សម្រាប់​ខែ​វិច្ឆិកា​នៅតែ ជំពាក់ នៅឡើយ ដែល​ជា​ហេតុ​ធ្វើឲ្យ​ពួកគាត់​បាន​បន្ត​ការតវ៉ា​ដូចនេះ​៕​

សូមសរសេរមកកាន់អ្នកនាងថុល ស្រីលក្ខណ៍ sreyleak@vodhotnews.com

What Next?

Recent Articles