Tuesday, 24 December 2013 ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍
មណ្ឌលគិរីៈ កម្លាំងចម្រុះស្រុក កោះញែក បានរកឃើញឈើប្រណីតជាង ៥០ ម៉ែត្រគុប ដែលលាក់ទុកក្នុងទឹកអូរនិងក្នុងព្រៃជិតព្រំប្រទល់ កម្ពុជា-វៀតណាម ហើយក្រុមជំនាញកំពុង ធ្វើការស្រាវជ្រាវរកម្ចាស់ឈើដើម្បីចាត់វិធានការផ្តន្ទាទោសតាមច្បាប់។
លោក សោ វុទ្ធី ព្រះរាជជ្ញារងតុលាការខេត្ត មណ្ឌលគិរី បានឲ្យដឹង កាលពីថ្ងៃចន្ទម្សិលមិញថា លោកបានដឹកនាំកម្លាំងចម្រុះដែលរួមមាន កងរាជអាវុធហត្ថ រដ្ឋបាលព្រៃឈើ កោះញែក និងនគរបាលព្រំដែនចុះធ្វើការស្រាវជ្រាវ និងរកឃើញឈើប្រណីតប្រភេទ នាងនួន ធ្នង់ និងសុក្រំ ជាង ៥០ ម៉ែត្រគុប នៅក្នុងស្រុក កោះញែក ខេត្ត មណ្ឌលគិរី ជាប់នឹងខេត្ត ដាក់ឡាក់ របស់ប្រទេស វៀតណាម កាលពីថ្ងៃ សៅរ៍ ទី២១ ធ្នូ ថ្មីៗនេះ។
លោកបញ្ជាក់ថា៖ «ឈើនោះត្រូវបានគេលាក់ទុកនៅក្នុងទឹកអូរ និងក្នុងព្រៃជិតព្រំប្រទល់ កម្ពុជា-វៀតណាម យើងអាចប៉ាន់ស្មានថា ឈើនោះមានប្រហែលជាជាង ៥០ ម៉ែត្រគុបប៉ុណ្ណោះ»។
ទោះយ៉ាងណា លោក វុទ្ធី មិនដឹងច្បាស់ទេថា តើឈើនោះត្រូវបានពួកឈ្មួញប្រមូលដើម្បីដឹកទៅលក់នៅប្រទេស វៀតណាម ឬ យ៉ាងណានោះទេ ហើយរហូតមកដល់ពេលនេះ ក៏មិនទាន់មានអ្នកណាម្នាក់ត្រូវបានឃាត់ខ្លួនដើម្បីសួរនាំពីបទល្មើសនេះនៅឡើយដែរ។
លោក វុទ្ធី បានបន្តថា តំបន់នោះ ស្ថិតនៅក្នុងព្រៃ និងផ្លូវឆ្ងាយពិបាកធ្វើដំណើរណាស់ តែទោះយ៉ាងណា មន្ត្រីជំនាញខាងរដ្ឋបាលព្រៃឈើកំពុងតែដឹកជញ្ជូនឈើជាវត្ថុតាង ទាំងនោះ ដើម្បីយកទៅរក្សាទុកនៅទីស្នាក់ការហើយកំពុងស្រាវជ្រាវរកអ្នកទទួលខុសត្រូវឈើទាំងនេះ។ លោកបានបន្ថែមថា លោកកំពុងរង់ចាំរបាយការណ៍លម្អិតពីរដ្ឋបាលព្រៃឈើពីចំនួនឈើដែលរកឃើញនោះ។
លោក សាក់ សារ៉ាង មេបញ្ជាការកងអាជអាវុធហត្ថខេត្ត មណ្ឌលគិរី ក៏បានឲ្យដឹងផងដែរ ថា កម្លាំងអាវុធហត្ថលោក ក៏បានចូលរួមនៅក្នុងប្រតិបតិ្តការនោះដែរប៉ុន្តែលោកមិនដឹងពីព័ត៌មានលម្អិតពាក់ព័ន្ធទៅនឹងបទល្មើសនោះឡើយ។
លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ មណ្ឌលគិរី បានថ្លែងថា លោកមិនទាន់បានទទួលព័ត៌មានពីការបង្ក្រាបនេះនៅឡើយទេ ព្រោះលោកកំពុងជាប់ប្រជុំនៅភ្នំពេញ។
លោក សុខ រដ្ឋា អ្នកសម្របសម្រួលអង្គការ អាដហុក ខេត្ត មណ្ឌលគិរី បានគត់សម្គាល់ថា បើទោះបីជាមានការបង្រ្កាបជារឿយៗក៏ដោយ ក៏បទល្មើសព្រៃឈើនៅក្នុងខេត្តនេះ មិនមានការថយចុះនោះដែរ។
ក្រុមអ្នកឃ្លាំមើលព្រៃឈើបានរាយការណ៍ថា បទល្មើសព្រៃឈើកំពុងតែកើតឡើងយ៉ាងពេញបន្ទុកនៅតាមបណ្តាខេត្តដែលនៅមានព្រៃឈើ៕