ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ធ្នូ បានធ្វើសេចក្តីប្រកាសព័ត៌មាន អំពាវនាវឲ្យកម្មករ និយោជិត សហជីព អង្គការជាតិ និងអន្តរជាតិ រក្សាភាពនឹងនរ បន្តប្រក្រតីភាពការងារផលិតកម្ម និងអាជីវកម្ម ដើម្បីការពារផលប្រយោជន៍របស់កម្មករ និយោជិត និងសង្គមជាតិទាំងមូល។
ដោយ កែវ និមល
2013-12-25
RFA

ក្រុមកម្មករហែក្បួនមកចូលរួមបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ នាទីលានប្រជាធិបតេយ្យ ទាមទារដំឡើងប្រាក់ខែគោល ដែលដឹកនាំដោយ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ តាមបណ្ដោយផ្លូវជាតិលេខ២ ជិតស្ពានអាកាសក្បាលថ្នល់ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ RFA/Leng Maly
សេចក្តីប្រកាសព័ត៌មាន បានលើកឡើងថា ក្រោយពីគណៈកម្មការប្រឹក្សាការងារ បានចេញសេចក្តីសម្រេចស្ដីពីការដំឡើងប្រាក់ឈ្នួលអប្បបរមា មានសហជីពមួយចំនួនបានធ្វើសកម្មភាពញុះញង់ប្រឆាំងជំទាស់ ធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពការងារ និងជីវភាពរបស់កម្មករនៅតាមរោងចក្រមួយចំនួន និងបានបំភ្លៃទៅជាបញ្ហានយោបាយ បម្រើឲ្យសកម្មភាពរបស់គណបក្សនយោបាយ។
ប្រាក់ឈ្នួលអប្បបរមាដែលគណៈកម្មការប្រឹក្សាការងារសម្រេចនោះ គឺក្នុងឆ្នាំ២០១៤ ដំឡើង ១៥ដុល្លារ ធ្វើឲ្យប្រាក់ខែគោលកម្មករកាត់ដេរឡើងពី ៨០ដុល្លារ ទៅដល់ ៩៥ដុល្លារ។ ការដំឡើងនេះ ចាប់អនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ តទៅ។ តាមគម្រោង ការឡើងនេះអាចដល់ ១៦០ដុល្លារ នៅឆ្នាំ២០១៨។
សេចក្តីប្រកាសព័ត៌មាន បានប្រកាសថា អង្គការសហជីពដែលប្រឆាំងជំទាស់សេចក្តីសម្រេចរបស់គណៈកម្មការប្រឹក្សាការងារ គឺចាត់ទុកថា ប្រឆាំងទៅនឹងច្បាប់ ប្រឆាំងគោលការណ៍ប្រជាធិបតេយ្យ ហើយសហជីពនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះមុខកម្មករ និយោជិត និងផលវិបាកទាំងឡាយដែលកើតឡើងដោយសារការបំផុសបាតុកម្មទាមទារតាមជំហរឯកតោភាគីរបស់ខ្លួន។
នៅថ្ងៃទី២៥ ធ្នូ នេះដែរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានថា សហភាពសហជីពកម្ពុជា ដែលមាន លោក រ៉ុង ឈុន ជាប្រធាននោះ ពុំមែនជាសហជីពស្របច្បាប់ដែលបានចុះបញ្ជិកានៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តើការធ្វើបាតុកម្មរបស់បក្សសង្គ្រោះជាតិជាការធ្វើរដ្ឋប្រហារឬយ៉ាងណា?
- កម្មករជិត១ម៉ឺននាក់នៅកំពង់ឆ្នាំងធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ
- ជនរងគ្រោះដីធ្លីនៅភ្នំពេញបន្តតវ៉ាមុខសាលារាជធានី
- មេដឹកនាំបក្សប្រឆាំងចូលរួមធ្វើបាតុកម្មជាមួយកម្មករនៅស្វាយរៀងនិងកំពង់ចាម
- មនុស្សរាប់ម៉ឺននាក់ចូលរួមហែក្បួនជាមួយបក្សសង្គ្រោះជាតិ
- ការតវ៉ារបស់អតីតអ្នកបឹងកក់ក្លាយជាអំពើហិង្សា
- កម្មករស្ទើរទូទាំងប្រទេសធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែគោល១៦0ដុល្លារ
- មេដឹកនាំសហជីពនឹងដឹកនាំមហាបាតុកម្មនៅចុងខែធ្នូតវ៉ារឿងប្រាក់ខែកម្មករ
- គ្រូពេទ្យអំពាវនាវឲ្យបាតុករសង្គ្រោះជាតិរក្សាអនាម័យ