ដោយ៖ ឡេង ចាន់រតនា
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ក្លឹបយុវជនដើម្បីអភិវឌ្ឍន៍(YAD)របស់អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)ខេត្ដស្វាយរៀង បានរៀបចំកម្មវិធីផ្សព្វផ្សាយ ស្ដីពីការធ្វើចំណាកស្រុកដោយប្រថុយប្រថាន កាលពីថ្ងៃ អាទិត្យ ទី ២២ ខែ ធ្នូ ឆ្នាំ ២០១៣។
គោលបំណងនៃការរៀបចំកម្មពិធី គឺដើម្បីផ្សព្វផ្សាយការធ្វើចំណាកស្រុកដោយស្របច្បាប់ និងចំណាកស្រុកទាំងប្រថុយប្រថាន ក្នុងការចៀសវាងការកើតមានផលប៉ះពាល់ពីការធ្វើចំណាកស្រុក និងដើម្បីឲ្យ ប្រជាពលរដ្ឋបានយល់ដឹងបន្ថែមអំពីការធ្វើចំណាកស្រុកទាំងប្រថុយប្រថាន។ក្នុងកម្មពិធីនោះ យុវជន ប្រជាពលរដ្ឋប្រមាណជា៦០ នាក់ បានចូលរួម។
លោក ចាន់ វាសនា នាយប៉ូសិ៍រដ្ឋបាលសង្កាត់ចេក ក្រុងស្វាយរៀង មានប្រសាសន៍ថា យោងទៅតាមស្ថានភាពជាក់ស្ដែងការធ្វើចំណាកស្រុកបច្ចុប្បន្ននេះ គឺមានការកើនឡើងដោយសារតែពលរដ្ឋ មានជីវភាពគ្រួសារខ្វះខាត ជំពាក់បំណុលគេ។លោកបន្តថា ពលរដ្ឋដែលចង់ចាកចេញទៅធ្វើការនៅក្រៅប្រទេស ត្រូវមានលិខិតស្នាមច្បាស់លាស់ ដោយស្របច្បាប់ ដើម្បីការពារនូវសុវត្ថិភាពផ្ទាល់។
លោកស្រី ឃួន សោភ័ណ្ឌតំណាងប្រធានក្រុមប្រឹក្សាសង្កាត់ចេក មានប្រសាសន៍ថា ពលរដ្ឋមួយចំនួន បានចេញទៅធ្វើការនៅក្រៅប្រទេសមិនស្របច្បាប់តាមមេខ្យល់ ដោយជួបការលំបាក រួមមាន ធ្វើការអត់ប្រាក់ខែ និងថៅកែធ្វើបាបស្ទើររស់ស្ទើរស្លាប់៕
លោក ឡេង ចាន់រតនា អ្នកសារព័ត៌មានប្រជាពលរដ្ឋរបស់VODប្រចាំខេត្ដស្វាយរៀង
