ដោយ៖ អ៊ឹង ប៊ុនថន
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
អង្គការ ខាញដ៍ ក្នុងភាពជាដៃគូជាមួយ អានសា អ៊ីអេភី នឹងចេញផ្សាយរបាយការណ៍ស្រាវជ្រាវអំពីមូលហេតុ ដែលនាំឲ្យមានការបាត់បង់សៀវភៅសិក្សាគោលនិងកត្តានានា ដែលឈានដល់មានការលក់សៀវភៅសិក្សាគោលទាំងនេះ នៅតាមទីផ្សារដោយខុសច្បាប់។
សេចក្តីប្រកាសព័ត៌មាន ឲ្យដឹងថា នៅថ្ងៃ២៦ ខែធ្នូ ឆ្នាំ២០១៣នេះ របាយការណ៍ស្រាវជ្រាវនឹងផ្តល់យោបល់ក្នុងន័យស្ថាបនា ទៅលើរបកគំហើញនានា និងផ្តល់អនុសាសន៍ជាក់លាក់ ក្នុងការលើកកម្ពស់ ការគ្រប់គ្រងសៀវភៅសិក្សាគោល ដើម្បីកែលំអរនីតិវិធី បច្ចុប្បន្នឲ្យកាន់តែប្រសើរឡើង។
អង្គការ ខាញដ៍ បញ្ជាក់ថា ការស្រាជ្រាវនេះមានគោលបំនង សិក្សាស្វែងយល់អំពីនីតិវិធីនានានា លើកកម្ពស់អភិបាលកិច្ច និង ភាពគ្រប់គ្រាន់នៃសៀវភៅសិក្សាគោល សម្រាប់ការសិក្សារបស់សិស្សានុសិស្ស កម្រិតមធ្យមសិក្សាទុតិយភូមិ។
ក្រសួងអប់រំយុវជននិងកីឡា បានដាក់ចេញនូវគោលវិធីសិស្សមជ្ឈមណ្ឌលសម្រាប់ការរៀន និងបង្រៀន ហើយតម្រូវឲ្យសិស្សានុសិស្សម្នាក់ៗ មាននិងប្រើប្រាស់សៀវភៅសិក្សាគោល ក្នុងការៀនសូត្រ។
នៅឆ្នាំ ២០១២ – ២០១៣ គម្រោង លើកកំពស់គុណភាពអប់រំ Enhancing Education Quality Project (EEQP) របស់ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ថវិកាជំនួយចំនួន ១៣៤៦០០០ដុល្លា (មួយលាន បីសែន បួនម៉ឺនប្រាំមួយពាន់ ដុល្លា សហរដ្ឋអាមេរិក) ដល់ក្រសួងអប់រំយុវជន និងកីឡា សម្រាប់ចំណាយលើការបោះពុម្ព និងចែកចាយ សៀវភៅសិក្សាគោលដល់សិស្សកម្រិតវិទ្យាល័យពីថ្នាក់ទី១០ ដល់១២។ ប៉ុន្តែអ្វីដែលសង្គមស៊ីវិលមានការមន្ទិលសង្ស័យទៅលើការគ្រប់គ្រងនេះ គឺហេតុអ្វីបានជា សៀវភៅសិក្សាគោលដែលជាទ្រព្យសម្បត្តិរដ្ឋ ត្រូវបានដាក់លក់ដោយសេរី នៅតាមទីផ្សារនានា ស្ទើរតែទូទាំងប្រទេសកម្ពុជា ហើយសាលារៀននៅតែ ប្រឈមនឹងកង្វះខាតសៀវភៅសិក្សាគោលទៅវិញ? ៕
សូមសរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com