សាកលវិទ្យាល័យ​ជាស៊ីម កំចាយ​មារ រង​បណ្តឹង​ពី​ករណី​ពុករលួយ​​

ដោយ៖​ ជន ស្រី​ណុ​ច និង អ៊ឹង ប៊ុនថន​​
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​មន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិក នៃ​សាកលវិទ្យាល័យ​ជា ស៊ីម កំចាយ​មារ នៅ​ខេត្ត​ព្រៃវែង ស្នើឲ្យ​ក្រសួង​អប់រំ និង​ក្រសួង​មហាផ្ទៃ លុបចោល​សាខា​សាកលវិទ្យាល័យ​នេះ ដោយ​ធ្វើ​សវនកម្ម អំពី​ចំណូល​ ចំណាយ​ថវិកា និង​អធិការ​កិច្ចការងារ​គ្រប់គ្រង​ដែល​ពួកគេ​សង្ស័យ​ពី​អំពើ​ពុករលួយ​។​

​លិខិត​ពីរ​ច្បាប់​ដែល​មានឈ្មោះ និង​ចុះហត្ថលេខា ចំនួន​៣៩​នាក់ ផ្ញើរ​ជួន​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន​ណារ៉ុន ដែល​VOD ទទួលបាន​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​នេះ ឲ្យដឹងថា និស្សិត​ដែល​កំពុង​សិក្សា​នៅ​ទីតាំង​គោល​ស្រុក​កំចាយមារ មាន​ចំនួន ១០០០​នាក់ ចំណែក​បន្ទប់​ដែល​នៅសល់​មាន​៤០​បន្ទប់​គ្មាន​និស្សិត​សិក្សា​នោះទេ​។ លិខិត្ត​បន្តថា សមិទ្ធិផល​ដែល លោក ស ខេង ដឹកនាំ​កសាង​សាកលវិទ្យាល័យ នោះ​ត្រូវបាន​ក្រុមមន្ត្រី​គណៈ​គ្រប់គ្រង​នៃ​សាកលវិទ្យាល័យ​មិនសូវ​អើពើ និង​អភិវឌ្ឍ​ទេ មិនតែប៉ុណ្ណោះ​យកឈ្មោះ និង​សមទ្ធិ​ផល​ទាំងនោះ​មក​ធ្វើ​ជា​អាជីវកម្ម​ផ្ទាល់ខ្លួន​។

​មន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិក នៃ​សាកលវិទ្យាល័យ​ជាស៊ីម កំចាយ​មារ ទាំង​៣៩​នាក់ ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លុបចោល​សាខា​សាកលវិទ្យាល័យ​ជា ស៊ីម កំចាយ​មារ ចោល ព្រោះ​មាន​អំពើពុករលួយ​។ ពួកគេ​ក៏​ស្នើ​ឲ្យ​បញ្ជួន​និស្សិ​តដែល​កំពុង​សិក្សាទាំង​អស់នោះ មក​សិក្សា​នៅ​ទីតាំង​គោល​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ​ស្រុក​កំចាយមារ​វិញ​។​

​ករណីនេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន​ណារ៉ុន មានប្រសាសន៍ថា លោក​មិន​ទាន់​ទទួល​បាន​លិខិត​នោះ​នៅឡើយ​ទេ តែ​លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ចុះ​ស៊ើបអង្កេត។

​លិខិត​មួយច្បាប់​ទៀត ទាក់ទង​នឹង​លាសា​នេះ​ដែរ គឺ​មន្ត្រី​រាជការ បុគ្គលិក ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​សុំ​គោល​ការណ៍អធិការកិច្ច​កា​រ  និង​សវនកម្ម​ថវិកា និង​អធិការ​កិច្ចការងារ​គ្រប់គ្រង​ដែល​មិន​មាន​ភាពត្រឹមត្រូវ​ ការ​កេងប្រវ័ញ្ច និង​អំពើពុករលួយ ដែល​បាន​អនុវត្ត​កន្លង​មក​នៅ​សាកលវិទ្យាល័យ​នេះ ទាំង​បី​ទីតាំង​រយៈពេល ៦​ឆ្នាំ (២០០៦-២០១២) និង​សូម​ឲ្យ​អនុវត្ត​តាម​ច្បាប់​ដោយ​ដាក់ទោស​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​ទាំងនោះ​។​

​លិខិត​បន្តថា កន្លង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង  បាន​ចាត់ឲ្យ​អភិបាលរង​ខេត្ត​ព្រៃវែ​ង លោក សុទ្ធ  សឺ​ន ​មក​សាកសួរ ​និង​ធ្វើ​ការសម្របសម្រួល​លើ​សំណើ​នោះ  តែ​ពុំ​បាន​ទទួល​លទ្ធផល​នោះទេ ព្រោះ លោក​ពុំ​មាន​ជំនាញ​ផ្នែក​ឧត្តមសិក្សា​ ក្នុង​ការរុករក​បញ្ហា នៅក្នុង​សាលា​វិទ្យាល័យ  ជា ស៊ីម កំចាយមារ​នោះ​។

VOD មិនអាច​ទាក់ទង​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បានទេ​។​

​ប៉ុន្តែ​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ជា ស៊ីម កំចាយមារ​ខេត្តព្រៃវែង លោក អ៊ុក ថូន បដិសេធ ចំពោះ​ការចោទប្រកាន់​នោះ​។ លោក​បន្តថា លិខិត​ដែល​ផ្ញើរ​ជួន​រដ្ឋមន្ត្រីក្រ​សួង​​មហាផ្ទៃ ដែល​មាន​ហត្ថលេខា និង​ឈ្មោះ​ទាំងនោះ លែង​ជា​បុគ្គលិក​សាលា​លោក​នោះ​ទៀត​ហើយ ៖ “​ឈ្មោះ​នៅ​ក្នុង​នោះ​គឺ មិនមែនជា​ហត្ថលេខា​របស់​មន្ត្រីរាជកា​រ​យើងខ្ញុំ​ទេ ហើយ​ខ្ញុំ​បាន​ប្រជុំ​មន្ត្រីរាជការ​របស់​ខ្ញុំ តាំងតែ​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៣ ហើយ​ឯកសារ​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ចាត់ឲ្យ​ឯកឧត្តម​អភិបាលខេត្ត ចុះមក​ធ្វើ​ការងារ​ហើយ ហើយ​គេ​បាន​សម្ភាស​ជាមួយ​នឹង​មន្ត្រីរាជការ​ទាំងអស់ ហើយ​មន្ត្រី​រាជកា​រទាំង​អស់​នោះ​គឺ មិន​បាត់​ទេ ឈ្មោះ​ដែល​ផ្ញើ​ទៅ​នោះ គឺ​មិនមែន​ឈ្មោះ​ជា​មន្ត្រី​នៅក្នុង​សាកលវិទ្យាល័យ​នេះ​ទេ​”​។​

​ទោះជា​យ៉ាង ក្នុង​លិខិត​បញ្ជាក់​ថា ឈ្មោះ និង​ហត្ថលេខា ទាំងនោះ សុទ្ធតែ​ជា​មន្ត្រីរាជការ និង​បុគ្គលិក​ដែល​ធ្លាប់​ធ្វើការ និង​បង្រៀន​នៅ​សាកលវិទ្យាល័យ​ជាស៊ីម​កំចាយមារ តែ​ដោយ​សារ​មាន​ភាពមិនប្រក្រតី និង​អំពើពុករលួយ​កើតឡើង​ច្រើន ទើប​ក្រុម​មន្ត្រី​ទាំងនោះ​ចេញ​តវ៉ា ហើយ​ក៏​ត្រូវ​បាន​បណ្តេញចេញ​ពី​ការងារ​៕ 

សូមសរសេរមកកាន់ កញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles