Wednesday, 25 December 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ក្រៅពីព្យាយាមលាក់បាំងឱកាសឡើងគ្រងតំណែងជាតួឯកភាពយន្តជាលើក ដំបូង បន្ទាប់ពីចាប់អាជីពជាតារាចម្រៀងជាងមួយទសវត្យរ៍ និងធ្លាប់គ្រងតំណែងតារាចម្រៀងកំពូលផងនោះ តារាចម្រៀងថមថយប្រជាប្រិយ ក្រោយរត់ចេញពីទ្រនំហង្សមាស គេចពីគូស្នេហ៍លោក សុខ ជំនោរ ចូលជ្រកផលិតកម្មថោន នាង សុគន្ធ នីសា បានប្រកាសបិទដំណើរជើងមេឃចេញច្រៀងក្រៅប្រទេស ដើម្បីយកឱកាសក្តោបយកការងារសិល្បៈក្នុងស្រុកស្តារមុខមាត់ឡើង វិញ ។
គេសង្កេតឃើញថា រយៈពេលប្រមាណជាពីរបីឆ្នាំចុងក្រោយនេះ បន្ទាប់ពីដំណើរចូលទៅជ្រកនៅក្រោមដំបូលផលិតកម្មថោន បទថ្មីៗរបស់តារាចម្រៀងយុវវ័យ សំឡេងបែបមនោសញ្ចេតនា មានកំណើតពីខេត្តក្រចេះ នាង សុគន្ធ នីសា មានបទថ្មីចេញជាបន្តបន្ទាប់ មិនចាញ់តារាចម្រៀងឆ្នើមៗរបស់ផលិតកម្មផ្សេងដែលជាគូប្រជែងឡើយ។ ប៉ុន្តែរាល់បទចម្រៀងទាំងនោះហាក់មិនសូវជាទទួលបានការលេចធ្លោនោះ ឡើយ គ្រាដែលម្ចាស់សំឡេងមិនសូវជាបង្ហាញវត្តមានឡើងឆាកប្រគំតន្រ្តី ក្នុងស្រុក ដោយសារតែនាងសង្វាតតែដំណើរហោះហើរទៅកើបប្រាក់នៅឯនាយសមុទ្រនោះ។
ទោះ ជាយ៉ាងណាតារាចម្រៀងដែលធ្លាប់ឡើងគ្រងតំណែងជាតារាចម្រៀងកំពូល គ្រាដែលមានវត្តមាននៅផលិតកម្មហង្សមាស នាង សុគន្ធ នីសា ហាក់ទទួលស្គាល់ពីការធ្លាក់ចុះប្រជាប្រិយភាពនេះ ហើយបានប្រកាសខ្លួនងាកមករកការងារដ៏មមាញឹកនៅក្នុងស្រុកវិញ។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីនាងបញ្ចប់ការសម្ដែងភាពយន្តជាលើកដំបូងក្នុង រឿង «ចងចាំ» ដែលជាស្នាដៃផលិតលើកដំបូងរបស់ផលិតកម្មថោន។
ក្នុង ពាក្យសម្តីពុំមានការស្ទាក់ស្ទើរនោះ សុគន្ធ និសា បានអះអាងថា៖«សម្រាប់ឆ្នាំ២០១៤ ខាងមុខ ខ្ញុំមានគោលការណ៍ចំនួន២ ដែលបានតាំងចិត្តរួចហើយ។ ទី១គឺមិនទទួលសំណើចេញច្រៀងនៅក្រៅប្រទេសក្នុងអំឡុងឆ្នាំ២០១៤ ជាដាច់ខាត បើទោះជាមានស្ប៉នស័រទាក់ទងយ៉ាងណាក៏ដោយ។ ជំហរទី២ គឺចាំបាច់មានពេលគ្រប់គ្រាន់ ក្នុងការមើលខុសត្រូវមុខជំនួញទាំងពីររបស់ខ្ញុំ គឺហាងផឹកស៊ីមួយកន្លែង និងហាងថ្មីមួយកន្លែងទៀតនៅសាលា៨មីនា ដែលទើបដំណើរការ»។
ក្រៅពីបង្ហាញនូវជំហរជាមូលដ្ឋានដើម្បីពង្រឹងប្រជាប្រិយភាព និងមុខជំនួញខ្លួននោះ សុគន្ធ នីសា ក៏បានបញ្ជាក់ថា៖«ការតាំងចិត្តនេះ ហាក់ស្របនឹងការចង់បានរបស់អ្នកគាំទ្រភាគច្រើន ដែលចង់ឲ្យខ្ញុំត្រាំត្រែងឲ្យបានពេញលេញ ក្នុងកាលៈទេសៈដែលការប្រគំតន្ត្រីគគ្រឹកគគ្រេងកំពុងចាប់ផ្តើម នោះ»។
នៅអំឡុងដើមឆ្នាំ២០១៤ខាងមុខ សុគន្ធ និសា នឹងបញ្ចេញខ្សែរឿង «ចងចាំ» ដែលនាងបានសម្ដែងជាតួឯក ដើម្បីស្ទាបស្ទង់ទីផ្សារ ក្នុងពេលខ្សែរឿងទាំងមូលដាក់បញ្ចាំង។ ទាំងរូបនាងផ្ទាល់ និងផលិតកម្មថោន បានរំពឹងយ៉ាងខ្លាំងថា ខ្សែរឿងនេះ នឹងទទួលជោគជ័យ ប៉ុន្តែគេមិនដឹងថា តើវាជោគជ័យពេញទំហឹង ឬបានត្រឹមមួយឆាវដូចខ្សែរឿងដែលធ្លាប់រំពឹងខ្ពស់ មួយចំនួននោះទេ។
តារាមានកែវភ្នែកស្រទន់ សុគន្ធ និសា បានប្រាប់ថា ការបញ្ចេញខ្សែរឿង គឺយុទ្ធសាស្ត្រធំមួយ សម្រាប់ឆ្នាំ២០១៤ ខណៈដែលយុទ្ធសាស្ត្រនេះ គឺនៅមានទម្រង់ជាច្រើន ទៀតដើម្បីប្រទាញឲ្យបានច្រើននូវប្រជាប្រិយភាពបន្ថែម។ ក្នុងនោះ ការរំលេចក្បាច់រាំប្លែកៗ និងការចេញច្រៀងបទបែបក្រមិចក្រមើម គឺជាអ្វីដែលនាងបន្តដើរនៅលើមាគ៌ាសិល្បៈ។
សុគន្ធ និសា បានឲ្យដឹងថា យោងតាមយុទ្ធសាស្ត្ររបស់នាងសង្ឃឹមថានឹងអាចទទួលបានជោគជ័យជាក់ជាមិនខានឡើយ ព្រោះពេលនេះនាងកំពុងប្រឹងឲ្យអស់ពីសមត្ថភាព។ ប៉ុន្តែយ៉ាងណានៅពេលនេះ និសា បានទទួលស្គាល់ថា ការហាត់រាំរបស់នាងនៅមានកម្រិតនៅឡើយ។
នាងបាននិយាយថា៖«ខ្ញុំទទួលស្គាល់ថា ការហាត់រាំរបស់ខ្ញុំនៅមានកម្រិត តែខ្ញុំនឹងប្រឹងបន្ត»៕