ដោយ៖ ញឹម សុខន
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

អ្នកបឹងកក់ ដុតកង់ឡានជាង១០ នៅខាងមុខសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃពុធនេះ ដើម្បីជំរុញឲ្យមានដំណោះស្រាយរឿងបញ្ហាដីធ្លី/ញឹម សុខន
ប្រជាសហគមន៍បឹងកក់ ដែលបានតវ៉ាតាំងពីព្រឹករហូតមកដល់រសៀលថ្ងៃពុធនេះ បានដុតកង់ឡាន ជាសញ្ញាបង្ហាញដល់មន្ត្រីសាលារាជធានីភ្នំពេញថា ខ្លួនកំពុងតែទាមទារឲ្យមានដំណោះស្រាយរឿងបញ្ហាដីធ្លី ដែលបានអូសបន្លាយយូរមកហើយ។
ពលរដ្ឋ បានបិទផ្លូវខាងមុខសាលារាជធានី តាំងពីព្រឹក ហើយរហូតដល់ម៉ោងជាង២សៀលនេះ ពួកគេ បានចាប់ផ្តើមដុតកង់ឡាន។នៅម៉ោងជិត៥រសៀលនេះ ពួកគេ បានបន្តដុតកង់ឡាន ដើម្បីជំរុញឲ្យមានដំណោះស្រាយលើបញ្ហាដីធ្លីរបស់ពួកគេ។កង់ឡាន ដែលត្រូវបានដុតនោះ មានប្រមាណជា១៤។
នៅថ្ងៃទី២៥ ខែធ្នូនេះ ប្រជាសហគមន៍បឹងកក់ពីរក្រុម រួមមានអ្នកទទួលសំណងហើយ និងអ្នកមិនទាន់ទទួលសំណង ប្រមាណ១០០ ប្រមូលផ្តុំគ្នានៅថ្ងៃទី៣ តវ៉ាបិទផ្លូវមហាវិថីព្រះមុនីវង្ស ស្រែកទាមទាររកដំណោះស្រាយចំពោះជម្លោះដីធ្លី។
អភិបាលសាលារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ប្រាប់VODនៅថ្ងៃពុធនេះថា បញ្ហាជម្លោះរបស់ប្រជាពលរដ្ឋ ក្នុងតំបន់បឹងកក់ គឺអាជ្ញាធរ បានកំពុងរៀបចំឯកសារ ពិភាក្សារកដំណោះស្រាយ ដល់អ្នកសេសសល់តាមការសន្យារបស់ខ្លួន ប៉ុន្តែចំពោះការតវ៉ាសើរើរឿងរបស់អតីតអ្នកភូមិបឹងកក់វិញ លោកយល់ថា គឺកើតឡើងដោយសារការដុតកម្តៅពីអ្នកនយោបាយគណបក្សប្រឆាំង ហើយជាការដាក់បន្ទុកកំហុសបន្ថែមលើសមត្ថកិច្ច មិនមែនរកដំណោះស្រាយពិតប្រាកដទេ ៖ “នេះជាការសើរើមួយដែល កើតឡើង ដោយសារតែអ្នកនយោបាយដុតកំដៅ អញ្ជឹងវាមិនអាចនឹងមានដំណោះស្រាយ ឬក៏ការឆ្លើយតបណាមួយឲ្យទាន់ពេលបានទេ ត្រូវទុកពេលសម្រាប់ធ្វើការងារនេះ សិក្សាបន្ថែមអំពីដំណោះស្រាយ ដែលមានកន្លងមក អ៊ីចឹងសំណើរនេះគឺលើសពីអ្វីដែលយើងអាចឆ្លើយតប បានភ្លាមៗណាស់”។
អ្នកបឹងកក់ ព្រមានថា ពួកគេនឹងបិទផ្លូវជារៀងរាល់ថ្ងៃ ដើម្បីជំរុញឲ្យមានដំណោះស្រាយ។ ពួកគេបានតវ៉ាចំនួន៣ថ្ងៃជាប់គ្នាមកហើយ ដោយបិទផ្លូវជាបន្តបន្ទាប់។
ប្រជាពលរដ្ឋអះអាងថា ពួកគេជាង ៣០០០គ្រួសារ ត្រូវបានអាជ្ញាធរមូលដ្ឋាន បានបណ្តេញចេញ ពីតំបន់បឹងកក់ឲ្យទៅនៅរាយប៉ាយក្នុងខណ្ឌទាំង៩ក្នុងរាជធានី ចាប់តាំងពីឆ្នាំ២០០៨មក ដោយសាលារាជធានីភ្នំពេញ យកដីនៅតំបន់នោះឲ្យទៅក្រុមហ៊ុនស៊ូកាគូអ៊ីន របស់លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ក្រោមគម្រោងអភិវឌ្ឍន៍៩៩ឆ្នាំ ដែលធ្វើឲ្យប៉ះពាល់ពលរដ្ឋនៅតំបន់នោះជាង៤០០០គ្រួសារ៕
សរសេរមកកាន់លោកញឹម សុខន តាមរយៈ sokhorn@vodhotnews.com