កម្មកររាប់ពាន់នាក់ឈប់ធ្វើការ ហើយនាំគ្នាហែក្បួនចូលមកកណ្ដាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ធ្នូ។
ដោយ ដែន អយុធ្យា និង វោហារ ជាតិ
2013-12-26
RFA

កម្មករក្រុមហ៊ុនកាត់ដេរ ស្ព័រ តិច អ៊ិនឌឹសស្ទ្រីយ៍ (Sprot Tex Industry) នៅគីឡូម៉ែត្រលេខ៦ ចេញមកតវ៉ានៅព្រឹកថ្ងៃ២៦ ធ្នូ ឆ្នាំ២០១៣។ RFA/Den Ayuthyea
ស្របពេលនេះដែរ តំណាងសហជីពនិងកម្មករបានអះអាងថា មានកម្មករប្រមាណ ១០នាក់នៅ រោងចក្រ ស្ព័រ តិច អ៊ិនឌឹសស្ទ្រីយ៍ (Sprot Tex Industry) ដួលសន្លប់ក្នុងក្នុងរោងចក្រ ដោយកម្មករចោទថា ម្ចាស់រោងចក្រចាក់សោពួកគេមិនឲ្យចេញមកធ្វើបាតុកម្មនៅខាងក្រៅ។
កម្មករដែលសន្លប់នៅរោងចក្រ ស្ព័រ តិច ដែលស្ថិតនៅម្ដុំគីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនក្បែររោងចក្រ។
ប្រភពដដែលអះអាងថា ស្របពេលអ្នកចាត់ការរោងចក្រ ស្ព័រ តិច បើកទ្វាររោងចក្រដើម្បីបញ្ជូនកម្មករសន្លប់ទៅសង្គ្រោះបន្ទាន់ ស្រាប់តែកម្មករទាំងអស់សម្រុកចេញមកក្រៅចូលរួមធ្វើបាតុកម្មជាមួយរោងចក្រដទៃទៀតតែម្ដង។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងរោងចក្រ ស្ព័រ តិច អ៊ិនឌឹសស្ទ្រីយ៍ បានភ្លាមៗបានដើម្បីសុំការឆ្លើយតបនឹងព័ត៌មាននេះ។
នេះជាថ្ងៃទី៣ហើយដែលកម្មករភាគច្រើនធ្វើបាតុកម្ម។ តំណាងសហជីពនិងកម្មករបានអះអាងថា ពួកគេធ្វើបាតុកម្មនេះព្រោះកើតទុក្ខមិនសុខចិត្ត ដោយសាររដ្ឋាភិបាលដំឡើងប្រាក់ខែគោលមិនដូចការទាមទាររបស់ខ្លួន។
រយៈពេលប៉ុន្មានខែកន្លងទៅនេះ កម្មករនិងតំណាងសហជីពភាគច្រើន បានតវ៉ាទាមទារដំឡើងប្រាក់ខែគោលចំនួន ១៦០ដុល្លារ ដើម្បីជីវភាពប្រចាំថ្ងៃ ដោយសារថ្លៃឈ្នួលផ្ទះឡើងថ្លៃ និងទំនិញទីផ្សារឡើងខ្ពស់ ប្រាក់ខែតិច មិនអាចរស់បាន។ ក៏ប៉ុន្តែ កាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៣ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចដំឡើងឲ្យតែ ៩៥ដុល្លារ។
ប្រធានសហភាពការងារកម្ពុជា លោក អាក់ ធន់ ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ធ្នូ នេះថា កម្មកររាប់ពាន់នាក់នៅជាយរាជធានីភ្នំពេញ បាននាំគ្នាធ្វើបាតុកម្មហែក្បួនតាមផ្លូវជាតិនានា ដូចជាផ្លូវជាតិលេខ២ លេខ៤ លេខ៥ និងលេខ៦ សំដៅចូលមកកាន់ទីលានប្រជាធិបតេយ្យ ចូលរួមបាតុកម្មជាមួយបក្សសង្គ្រោះជាតិ និងក្បួនហែខ្លះទៀត តម្រង់ទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីបន្តតវ៉ាទាមទារប្រាក់ខែគោលឲ្យបាន ១៦០ដុល្លារ។
លោកថា កម្មករខ្លះផ្ទុះធ្វើបាតុកម្មដោយការដឹកនាំរបស់សហជីពមួយចំនួន ហើយកម្មករខ្លះទៀតធ្វើបាតុកម្មដោយខ្លួន ឯងមិនពាក់ព័ន្ធសហជីព និងមិនពាក់ព័ន្ធនយោបាយទេ។
ក្រៅពីនេះក៏មានកម្មកររាប់រយនាក់ទៀតនៅរោងចក្រនានា នៅស្រុកឧត្តុង្គ ខេត្តកណ្ដាល ក៏ធ្វើបាតុកម្មទាមទារប្រាក់ខែគោលនេះដែរ។
ទាក់ទងការធ្វើបាតុកម្មរបស់កម្មករទាមទារប្រាក់ខែគោលនេះដែរ មានសហជីព កម្មករមួយចំនួនបានប្រកាសគាំទ្រក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលសម្រេចដំឡើងប្រាក់ខែគោលចំនួន ៩៥ដុល្លារ ហើយបានចោទសហជីពកម្មករផ្សេងទៀតថា បានដើរញុះញង់កម្មកររោងចក្រនានា ឲ្យធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។
សូមរង់ចាំស្ដាប់និងអានព័ត៌មាននេះពិស្ដារ…
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្លាំងសមត្ថកិច្ចបិទច្រកទ្វារសាលារាជធានីភ្នំពេញ
- តើការធ្វើបាតុកម្មរបស់បក្សសង្គ្រោះជាតិជាការធ្វើរដ្ឋប្រហារឬយ៉ាងណា?
- ក្រសួងការងារអំពាវនាវឲ្យកម្មករបន្តប្រក្រតីភាពការងារផលិតកម្ម
- កម្មករជិត១ម៉ឺននាក់នៅកំពង់ឆ្នាំងធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ
- ជនរងគ្រោះដីធ្លីនៅភ្នំពេញបន្តតវ៉ាមុខសាលារាជធានី
- មេដឹកនាំបក្សប្រឆាំងចូលរួមធ្វើបាតុកម្មជាមួយកម្មករនៅស្វាយរៀងនិងកំពង់ចាម
- មនុស្សរាប់ម៉ឺននាក់ចូលរួមហែក្បួនជាមួយបក្សសង្គ្រោះជាតិ
- ការតវ៉ារបស់អតីតអ្នកបឹងកក់ក្លាយជាអំពើហិង្សា
- កម្មករស្ទើរទូទាំងប្រទេសធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែគោល១៦0ដុល្លារ