Thursday, 26 December 2013
ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ស្ថានីយឧស្សាហកម្មឡស្លដែកបុរាណខ្មែរជាង ២០០ ទីតាំង ត្រូវបានស្រាវជ្រាវរកឃើញនៅទូទាំង ប្រទេស ហើយការរកឃើញទីតាំងស្លដែកទាំងនោះជាវត្ថុតាងមួយបង្ហាញថា កម្ពុជាធ្លាប់ជាប្រទេសដែលមានឧស្សាហកម្មដែកដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងសម័យបុរាណ។
បុរាណវិទូ លោកបណ្ឌិត ធុយ ចាន់ធួន ជាអនុប្រធានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជ្យបណ្ឌិត សភាកម្ពុជា និងជាប្រធានគណៈកម្មការប្រតិបត្ដិគម្រោងស្រាវជ្រាវបានថ្លែងថា ចាប់តាំងពីឆ្នាំ ២០១០ មកក្រុមការងារស្រាវជ្រាវលោកបានរកឃើញទីតាំងឡស្លដែកបុរាណជាង ២០០ ស្ថានីយ ដែលស្ថានីយទាំងនោះមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ គឺតាំងពីមុនសម័យអង្គរមក។
លោកបញ្ជាក់ថា៖ «នេះជាការរកឃើញដ៏មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជាតិសាសន៍ យើង។ វាជាវត្ថុតាងមួយដែលបង្ហាញថា ខ្មែរយើងកាលពីបុរាណជាប្រទេសដែលផលិតដែកដ៏ធំបំផុតមួយបន្ទាប់ពី ចិន»។
លោកបណ្ឌិតបានរំឭកថា កាលពីអំឡុងឆ្នាំ ២០១០ លោកបានទៅកាន់ខេត្ត ព្រះវិហារ ដែលពេលនោះគ្រឿងចក្រកំពុងឈូសឆាយដីនៅនឹងស្ថានីយឧស្សាហកម្មឡស្លដែក បុរាណមួយដើម្បីសាងសង់ផ្លូវស្ថិតនៅក្នុងភូមិ ភ្លូព្រៃ។ ជាចៃដន្យ ពេលនោះ លោកបានប្រទះឃើញអាចម៍ដែក និងកម្ទេចកម្ទីដែកពណ៌ខ្មៅៗជាច្រើនប៉ើងចេញពីដី។ បន្ទាប់មក លោកក៏ចាប់ផ្តើមមានគំនិតធ្វើការស្រាវជ្រាវរកស្ថានីយដែកហើយបានស្នើគម្រោងនេះទៅរដ្ឋាភិបាល។ បន្ទាប់ពីរដ្ឋាភិបាលបានអនុញ្ញាតហើយ លោកក៏បានបង្កើតក្រុមការងារ និងចាប់ផ្តើមសិក្សាស្រាវជ្រាវចាប់តាំងពីឆ្នាំ ២០១០ មក។
លោកបញ្ជាក់ថា៖ «កម្ពុជាយើងមិនដែលមានគម្រោងស្រាវជ្រាវ និងរកឃើញឧស្សាកម្មស្លដែកបែបនេះទេពីមុនមក។ វាសំខាន់ខ្លាំងណាស់សម្រាប់ជាតិ និងប្រវត្តិសាស្រ្តខ្មែរយើង»។ លោកសាស្រ្តាចារ្យបន្ថែមថា ទីតាំងជាង ២០០ នោះត្រូវបានរកឃើញនៅក្នុងព្រៃ និងក្បែរភូមិអ្នកស្រុក ដែលស្ថិតក្នុងខេត្ត ព្រះវិហារ កំពង់ធំ សៀមរាប ឧត្តរមានជ័យ។ លើសពីនោះ កាកសំណល់ដែកនៅតាមស្ថានីយរាប់លានម៉ែត្រគុបក៏ត្រូវរកឃើញផងដែរ ហើយក្រុមអ្នកស្រាវជ្រាវបានធ្វើការប៉ាន់ប្រមាណថា កម្ទេចដែកដែលបានរកឃើញក្នុងជម្រៅ ៣ ម៉ែត្រមានអាយុកាលជាង ១២០០ ឆ្នាំ។ ក្នុងខេត្ត សៀមរាប ស្ថានីយមួយទំហំ ២ គីឡូម៉ែត្រការ៉េ និងកម្ពស់ ៧ ម៉ែត្រក៏ត្រូវបានរកឃើញផងដែរ ហើយតំបន់នោះរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យបង្កើតជាឧទ្យានប្រវត្តិសាស្រ្ត ឧស្សាហកម្មស្លដែកបុរាណ។
លោក ធុយ ចាន់ធួន ថ្លែងដូច្នេះថា៖ «បើគ្មានដែក ក៏គ្មានអាណាចក្រខ្មែរនិងប្រាសាទពាសពេញផ្ទៃប្រទេសដែរ ព្រោះដូនតាយើង ប្រើដែកសម្រាប់កាត់ថ្មធ្វើប្រាសាទ ផ្លូវ ប្រឡាយបារាយណ៍។ ដែកជាកាតាលីករសម្រាប់អភិវឌ្ឍសង្គម»។
លោកឲ្យដឹងទៀតថា ការងារស្រាវជ្រាវនេះមិនមែនជាការងាយនោះទេ ដោយត្រូវជួបប្រទះនឹងការលំបាកជាច្រើន។ ក្នុងនោះក៏រួមមានទាំងការខ្វះខាតថវិកាផងដែរ ព្រោះថា កន្លងមកមានតែរដ្ឋាភិបាលកម្ពុជានិងសប្បុរសជនក្នុងនិងក្រៅប្រទេសមួយចំនួនប៉ុណ្ណោះដែលបានជួយផ្តល់ថវិកាក្នុងដំណើរការស្រាវជ្រាវនេះ។
បណ្ឌិត ចាន់ធួន ជឿជាក់ថា ក្រុមការងារលោកនឹងរកឃើញទីតាំងថ្មីៗទៀតក្នុងខេត្តផ្សេងៗផងដែរ។ ប៉ុន្តែគួរឲ្យសោកស្តាយ ដោយសារតែទីតាំងមួយចំនួនត្រូវបានក្រុមហ៊ុនឯកជនដែលបានទទួលដីសម្បទានពីរដ្ឋាភិបាលឈូសឆាយបំផ្លាញ ដើម្បីយកដី៕