​សហជីព​កម្មករ​ចំនួន​៧ ព្រមាន​ដឹកនាំ​កូដកម្ម​-​បាតុកម្ម នៅ​ដើម​ខែ​មករា បើ​ GMAC មិន​អន្តរាគមន៍​លើ​ការទាមទារ​របស់​កម្ម​ក​រ​​

ដោយ៖​ តាំង វី​ដា​ និង ដូង​ សុខា​
ថ្ងៃព្រហស្បតិ៍ ទី26 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

​តំណាង​សម្ព័ន្ធ​សហជីព និង​សហព័ន្ធ​សហជីព​ចំនួន​៧ ព្រមាន​ដឹកនាំ​កូដកម្ម​-​បាតុកម្ម ដោយ​ដង្ហែ​ក្បួន​ជា​សាធារណៈ នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៤ ប្រសិនបើ​សមាគម​រោងចក្រ​កាត់ដេរ និង​ស្បែកជើង​នៅ​កម្ពុជា ហៅ​កាត់​GMAC មិន​ដោះស្រាយ​ការទាមទារ​ដំ​ទ្បើង​ប្រាក់​ឈ្នួល​​ អប្បបរមា​១៦០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ  និង​កែលម្អ​លក្ខខណ្ឌ​ការងារ​។​

​ការព្រមាន​នេះ​ធ្វើ​ទ្បើង តាមរយៈ​លិខិត​ជូន​ដំណឹង​មួយ​របស់​តំណាង​សហព័ន្ធ​សហជីព​កម្មករ​និយោជិត ចុះ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ផ្ញើ​ជូន​ប្រធាន​GMAC លោក វ៉ាន់ ស៊ូ​អៀង​។ លិខិ​តឲ្យដឹងថា សេចក្តីសម្រេច​របស់ គណៈកម្មការ​ប្រឹក្សា​ការងារ​ដំ​ទ្បើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​តែ ១៥​ដុល្លារ​អាមេរិក គឺ​មាន​ចំនួន​តិចតួច មិន​អាច​ដោះស្រាយ​បញ្ហា​ជីវភាព​ របស់​កម្មករ​និយោជិត​បានឡើយ​។ លិខិត​បន្តថា បញ្ហា​នេះ ធ្វើឲ្យ​ពួកគេ បង្ខំចិត្ត​ធ្វើ​ការ​ច្រើន​ម៉ោង ហូប​មិន​គ្រប់គ្រាន់ ស្នាក់​នៅ​កន្លែង​គ្មាន​ផាសុខភាព ដួលសន្លប់​ពេលធ្វើការ និង​រង​ជំងឺ​ប្រចាំកាយ​ជា​ដើម​។

​តំណាង​សម្ព័ន្ធ​សហជីព និង​សហព័ន្ធ​សហជីព ដែល​អះអាង​ថា​មាន​សហជីព​៣៨៦ តំណាង​ឲ្យ​សមាជិក ២៤៩ ៧០០​នាក់ និង​កម្មករ​និយោជិត​មួយចំនួនទៀត ក៏​ស្នើ​ឲ្យ​លោក វ៉ាន់ ស៊ូ​អៀង អន្តរាគមន៍​ទៅ​និយោជក ផ្តល់ប្រាក់​បាយ ៣​ដុល្លារ​ក្នុង​១​ថ្ងៃ សម្រាប់​អាហារ​៣​ពេល​។ តំណាង​សហជីព​កម្មករ ក៏​ស្នើ​ឲ្យ​តម្កល់​ប្រាក់​អតីតភាព​ការងារ​នៅ​រតនាគារ​ជាតិ ទុក​បើក​ឲ្យ​កម្មករ ស្នើ​ឲ្យ​បញ្ឈប់​ការប្រើប្រាស់​កិច្ចសន្យា​ខ្លីៗ​ខុសច្បាប់ បញ្ឈប់​ឲ្យមាន​អ្នកមាន​អំណាច​កាងពី​ក្រោយ​ក្រុមហ៊ុន​។ សហជីព​ទាំង​៧ ក៏​ស្នើ​ឲ្យ​ដោះស្រាយ​វិវាទ​រោងចក្រ​SL ដក​លោក មាស សុត្ថា ចេញ​ពី​រោងចក្រ ចាប់​ជនល្មើស​ដែល​បាញ់​សម្លាប់​ស្ត្រី​ម្នាក់ និង​ដោះលែង​ជនរងគ្រោះ​២​រូប ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន នៅ​ស្ពាន​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៣​។​

​ប្រធាន​GMAC លោក វ៉ាន់ ស៊ូ​អៀង ប្រាប់​VOD​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​មិន​ខ្វល់​ចំពោះ​សំណើ​នេះ​ឡើយ​។ លោកថា បើ​កម្មករ​និយោជិត​ចង់​ធ្វើ​កូដកម្ម ឬ​បាតុកម្ម​ក៏​ធ្វើ​ទៅ​ចុះ តែ​ជៀសវាង​អូសទាញ ​ឬបង្ខិតបង្ខំ​កម្មករ​ដទៃទៀត ដែល​មិន​ពេញចិត្ត​ឲ្យចូល​រួម​ដែរ​។ លោក​ថា សេចក្តីសម្រេច​របស់​ក្រសួង​ការងារ ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា គឺ​សមល្មម​សម្រាប់​កម្មករ​។​

​ការសម្រេច​របស់​គណៈ​កម្ម​ការប្រឹក្សា​ការងារ​កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៣ ស្ដី​ពី​ដំឡើង​ប្រាក់​ឈ្នូល​អប្បបរមា ដែល​ត្រូវ​អនុវត្ត​តាម​គោលការណ៍ នោះ​គឺ ពី​ឆ្នាំ​២០១៤ ដល់ ២០១៨ ដំឡើង​ពី​៨០​ដុល្លារ​ទៅ​១៦០​ដុល្លារ​ សម្រាប់​កម្មករ​ពេញសិទ្ធិ និង​ពី​៧៥​ដុល្លារ​ទៅ​១៥៥​ដុល្លារ​សម្រាប់​កម្មករ​សាកល្បង​។ ឆ្នាំ​២០១៤ ប្រាក់​ឈ្នួល​នឹង​ត្រូវបាន​ដំឡើង​ចំនួន​១៥​ដុល្លារ ឆ្នាំ​២០១៥ ត្រូវ​ដំឡើង​ចំនួន​១៥​ដុល្លារ ឆ្នាំ​២០១៦ ត្រូវ​ដំឡើង​ចំនួន​១៦​ដុល្លារ ឆ្នាំ​២០១៧ ត្រូវ​ដំឡើង​ចំនួន​១៧​ដុល្លារ និង​ឆ្នាំ​២០១៨ ត្រូវ​ដំឡើង​១៧​ដុល្លារ​៕

សូមសរសេរមកកាន់លោក តាំង វី​ដា​ តាមរយៈ vida@vodhotnews.com

What Next?

Recent Articles